Saturday, November 9, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពុំត្រឹមរូបស្អាតទេ តែទឹកចិត្ត​អ្នកគ្រូ ដើម្បី​​កូន​សិស្ស​តំបន់​ដាច់ស្រយាល ទោះ​ឆ្លងកាត់​ទឹកជំនន់​លំបាក​យ៉ា​ង​ណា ក៏​បង្ហាញ​ស្នាមញញឹ​ម បាន​ឆក់​យក «បេះដូង» មហាជន​នៅ​លើ​បណ្តាញ​សង្គម

ក្នុងរយៈពេលជាច្រើនថ្ងៃមកនេះ ភ្លៀងធ្លាក់ខ្លាំងនៅខេត្តភាគកណ្តាល រួមទាំងខេត្ត Quang Tri ផងដែរ នៅក្នុងប្រទេសវៀតណាម ដែលបណ្តាលឲ្យកម្ពស់ទឹកទន្លេ និងអូរនៅតំបន់នោះកើនឡើងខ្លាំង ធ្វើឱ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងលោកគ្រូអ្នកគ្រូមានការលំបាកយ៉ាងខ្លាំង។ ហើយទន្ទឹមនឹងនេះ រូបថតជាច្រើនសន្លឹក បង្ហាញអ្នកគ្រូដ៏ស្រស់ស្អាតម្នាក់ ត្រូវបានប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជួយចម្លងនៅក្នុងទឹកជំនន់ ដើម្បីបានទៅសាលារៀន ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម។

តាមពេលវេលា នោះ​គ្រូៗ​នឹងត្រូវ​មក​សាលា​នៅ​តាំងពីព្រឹក​។ ទោះជាយ៉ាងណាក៏ដោយ ដោយសារតែអាកាសធាតុមិនអំណោយផល និងទឹកជំនន់អូសបន្លាយ ពួកគេមិនអាចទៅសាលារៀនដូចការគ្រោងទុកទេ ហើយត្រូវស្នាក់នៅផ្ទះប្រជាពលរដ្ឋជាបណ្តោះអាសន្ន។

បន្ទាប់​ពីរង់ចាំ​អាកាសធាតុ​ល្អ លោកគ្រូ​អ្នកគ្រូ​ក៏​បន្ត​ធ្វើ​ដំណើរ​។ តែទោះជាយ៉ាងណា ពួកគេ​ត្រូវ​សុំ​ជំនួយ​ពី​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ​ដើម្បី​ធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវដ៏​លំបាក និងប្រឈមនឹងគ្រោះថ្នាក់។

ក្នុងនោះ មាន​ផ្លូវផ្នែក​មួយ​ដែល​ទឹកលិចលង់ ហើយ​ហូរ​យ៉ាងខ្លាំង ជាហេតុធ្វើឲ្យអ្នក​គ្រូម្នាក់​ត្រូវប្រជាពលរដ្ឋម្នាក់ជួយ «អៀវ» ឆ្លងកាត់ទឹកយ៉ាងលំបាកលំបិន។ ប៉ុន្តែការលំបាកទាំងនោះនៅតែមិនអាចរារាំងអ្នកគ្រូមិនឲ្យធ្វើដំណើរឆ្លងកាត់តំបន់ “ភ្នំ” សម្រាប់សិស្សនោះ។

ជាមួយបទពិសោធន៍រយៈពេលជិត ៥ ឆ្នាំ នៃការបង្រៀននៅសាលាបឋមសិក្សា អ្នកគ្រូ Nguyen Thi Kieu Oanh បានស្គាល់រួចហើយ ពីស្ថានភាពដ៏ពិបាករស់នៅ ក្នុងតំបន់ព្រៃភ្នំ ដ៏ស្ងប់ស្ងាត់។

តែយ៉ាងណាមិញ ​កម្រង​រូបភាព​ថត​ពី​គ្រា​ដែល​អ្នកគ្រូ​ត្រូវជម្នះ​ទឹក​ជំនន់ ជាមួយស្នាមញញឹម​ដ៏​ស្រស់បំព្រង​របស់​អ្នកគ្រូ Kieu Oanh បានធ្វើ​ឲ្យ​មនុស្សជាច្រើន​រំជួល​ចិត្ត និងរំភើបយ៉ាងខ្លាំង។

អ្នកគ្រូ Oanh បានចែករំលែកថា រៀងរាល់ព្រឹកថ្ងៃចន្ទ អ្នកគ្រូតែងតែក្រោកពីព្រលឹម ដើម្បីរៀបចំរបស់របរ និងទៅសាលារៀន ដើម្បីចាប់ផ្តើមសប្តាហ៍ការងារថ្មី។ បន្ទាប់មក អ្នកគ្រូ និងសហការី បានស្នាក់នៅសាលារហូតដល់ចុងសប្តាហ៍ មុននឹងត្រឡប់មកផ្ទះវិញ។

អ្នកគ្រូ Oanh បានចែករំលែកបន្តថា៖ «ក្នុងឆ្នាំ ២០១៩ ខ្ញុំត្រូវបានចាត់តាំងឱ្យបង្រៀននៅសាលាបឋមសិក្សា​ Tria ហើយភាគច្រើនក្នុងអំឡុងសប្តាហ៍ ខ្ញុំ និងគ្រូផ្សេងទៀតស្នាក់នៅសាលា មានតែទៅផ្ទះនៅចុងសប្តាហ៍ ខ្ញុំមានកូនតូចៗពីរនាក់ ដែលត្រូវបានជួយមើលថែដោយ​ម្តាយរបស់ខ្ញុំ»។ អ្នកគ្រូ Oanh បន្តថា៖ «ផ្លូវ​ទៅ​សាលា​របស់​យើង​ក៏​លំបាក​ខ្លាំង​ដែរ។ កាលពីព្រឹកម្សិលមិញ (១៥ វិច្ឆិកា) បន្ទាប់ពីបានចំណាយពេលជាង ២ថ្ងៃ ដោយមានជំនួយពីប្រជាពលរដ្ឋ ខ្ញុំ និងសហការី ៦នាក់ ដែលកំពុងធ្វើដំណើរទៅសាលា Cat និង Tria មិនអាចទៅដល់កន្លែងធ្វើការទាន់ពេលទេ ដោយសារទឹកឡើងខ្ពស់ និងហូរខ្លាំង»។

ក្នុង​អំឡុង​ពេល​ទៅបំពេញ​ការងារ អ្នកគ្រូ Oanh បាន​ជួប​នឹង​ស្ថានភាព​បែប​នេះ​ជា​ច្រើន​ដង។ ជាពិសេស ជួនកាលផ្លូវលិចទឹកខ្លាំង ហើយទឹកហូរយ៉ាងលឿន លោកគ្រូ អ្នកគ្រូត្រូវទៅផ្ទះប្រជាពលរដ្ឋ ដើម្បីសុំជ្រក រួចរង់ចាំទឹកស្រក ទើបបន្តដំណើរទៅទៀត។

បន្ទាប់ពីរូបភាពតស៊ូជំនះទឹកជំនន់ដ៏ប្រឈមនឹងគ្រោះថ្នាក់ ព្រោះតែដើម្បីកូនសិស្ស ត្រូវបានរីករាលដាលនៅលើបណ្តាញសង្កម អ្នកគ្រូ Oanh បានរៀបរាប់ពីទំហំទឹកចិត្តរបស់អ្នកគ្រូយ៉ាងដូច្នេះថា៖ «សាលា​នៅ​ឆ្ងាយ ប៉ុន្តែ​ការ​ធ្វើ​ជាគ្រូ​គឺ​ពិបាក, ខ្ញុំ​នៅ​តែ​ឆ្លង​កាត់​វា ទោះ​បី​ជា​វា​លំបាក​ខ្លាំងប៉ុណ្ណា​ក៏​ដោយ ដើម្បីនាំ «ចំណេះដឹង» ទៅកាន់តំបន់ខ្ពង់រាប និងភូមិវាលរហោស្ថាននេះ ព្រោះកូនៗកំពុងរង់ចាំនៅទីនោះ»។

ទោះបីជាហេដ្ឋារចនាសម្ព័ន្ធនៃសាលារៀនជាច្រើននៅតំបន់នោះនៅមានកម្រិត ឬមានការរិចរិល ហើយផ្លូវនៅតាមកន្លែងជាច្រើននៅតែពិបាក ប៉ុន្តែ អ្នកគ្រូ Oanh ក៏ដូចជាមិត្តរួមការងារផ្សេងទៀត នៅតែរក្សានូវសុទិដ្ឋិនិយមនៃក្តីស្រឡាញ់ការងារមួយនេះ មិនថាភ្នំ និងជ្រលងភ្នំខ្ពស់ប៉ុណ្ណានោះទេ ទីណាមានក្តីស្រឡាញ់ នោះការលះបង់ដ៏ស្ងៀមស្ងាត់ និងការខិតខំរបស់លោកគ្រូ អ្នកគ្រូ គឺត្រូវតែមានប្រកបដោយសុភមង្គល និងផ្តល់សំណើចសម្រាប់ក្មេងៗ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×