ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីនយោបាយចំនួន៣ទៀត ពាក់ព័ន្ធនឹងវិស័យកសិកម្ម។
ក្នុងឱកាសអញ្ជើញប្រកាសដាក់ឱ្យអនុវត្តកម្មវិធី នយោបាយអាទិភាព ពាក់ព័ន្ធវិស័យកសិកម្ម សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចមានសេចក្តីសោមនស្សរីករាយ ដែលបានអញ្ជើញប្រកាសដាក់ឱ្យអនុវត្តកម្មវិធីនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល ពាក់ព័ន្ធវិស័យកសិកម្ម។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន, រដ្ឋមន្ត្រីក្រសួងកសិកម្ម និងពាក់ព័ន្ធដែលបានប្រឹងប្រែងរួមគ្នា ឱ្យគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធវិស័យកសិកម្ម ត្រូវបានដាក់ឱ្យអនុវត្តជាមួយដំណើររបស់រាជរដ្ឋាភិបាលមិនទាន់បាន៩០ផង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មិនមែននៅសុខៗគេមកទិញអង្ករពីកម្ពុជានោះទេ គឺកើតចេញពីការប្រឹងប្រែងស្វះស្វែងរកទីផ្សារ។
មិនសំខាន់រឿងកសិករលក់ស្រូវបានថ្លៃនោះទេ អ្វីដែលសំខាន់កសិករសល់បានលុយប៉ុន្មាន?បច្ចេកវិទ្យាផ្នែកកសិកម្មត្រូវធ្វើទំនើបកម្មជាប្រចាំ ដើម្បីបង្កើនផលិតកម្ម។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ស្នើឱ្យអ្នករកស៊ីលើវិស័យកសិកម្ម កុំប្រកួតប្រជែងគ្នាឯង រហូតបាត់បង់លទ្ធភាពជាមួយអ្នកខាងក្រៅ។ ការចងក្រងជាគ្នាសហគមន៍របស់កសិករ គឺមានសារៈសំខាន់ណាស់ សម្រាប់បង្កើនផលិតកម្ម និងដាក់ចេញកិច្ចអន្តរាគមន៍ទាំងឡាយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត គាំទ្រការចងក្រងសហគមន៍កសិកម្ម ហើយធ្វើឱ្យទំនើបកម្ម។ សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យអ្នកពាក់ព័ន្ធជំរុញកសិផលឡើងលើផ្សារឌីជីថល។ វិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាល ក៏ដូចជាការផ្តល់ឥណទានកសិកម្ម ធ្វើយ៉ាងណាកុំឱ្យប៉ះពាល់ដល់ស្មារតីប្រកួតប្រជែងទីផ្សារសេរី។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ គាំទ្រកសិផលខ្មែរ។ មន្ត្រីបច្ចេកទេសដែលរើសទៅជួយកសិករ ត្រូវរើសអ្នកដែលចុះជួយជាក់ស្តែង មិនមែនប្រលងយកតែក្របខណ្ឌ ប្រលងហើយទុកចោលនោះទេ។ យើងណែនាំឱ្យកសិករចងក្រងគ្នាជាសហគមន៍ តែពេលខ្លះក្រសួងពាក់ព័ន្ធធ្វើការមិនសហការគ្នា។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រឹកថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល ដើម្បីលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល តាមរយៈកម្មវិធីហិរញ្ញប្បទាន ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ សង្កាត់ និងការអភិវឌ្ឍសហគមន៍កសិកម្មទំនើប។
កម្មវិធីគោលនយោបាយអាទិភាព ទី៥ និងទី៦របស់រាជរដ្ឋាភិបាលសម្រាប់ចាប់ផ្តើមអនុវត្តភ្លាមក្នុងឆ្នាំ២០២៣នេះ រួមមាន៖
កម្មវិធីទី៥. ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗក្នុងកម្រិតសមរម្យ តាមរយៈការដាក់ចេញកញ្ចប់ថវិកាជាក់លាក់ ដោយចាប់ផ្តើមពីចំនួន ១០០ លានដុល្លារអាមេរិក និងអាចវិភាជថវិកាបន្ថែម ប្រសិនបើមានតម្រូវការចាំបាច់ ដើម្បីធ្វើអន្តរាគមន៍ឱ្យបានទាន់ពេលក្នុងការទិញកសិផលពីប្រជាកសិករជាមួយនឹងគោលដៅរក្សាស្ថិរភាពថ្លៃនៅរាល់រដូវប្រមូលផល ជាពិសេស លើផលិតផលកសិកម្មមួយចំនួន ជាអាទិ៍ ស្រូវ ស្វាយកែវរមៀត មៀនប៉ៃលិន ស្វាយចន្ទី ដំឡូង ពោត និងផលិតផលផ្សេងទៀតតាមការចាំបាច់។
កម្មវិធីទី៦. ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំសង្កាត់ ដែលមានសកម្មភាពកសិកម្មនៅទូទាំងប្រទេស ដើម្បីជំរុញការលើកកម្ពស់ផលិតភាពកសិកម្ម និងជួយដល់គ្រួសារកសិករ ក្នុងការលើកស្ទួយផលិតផលកសិកម្មរបស់ខ្លួន។ រាជរដ្ឋាភិបាល នីតិកាលទី៧ នឹងយកចិត្តទុកដាក់ផងដែរ ទៅលើការរៀបចំឱ្យមានសមាគមកសិករនៅតាមទីជនបទ ដើម្បីរក្សាកម្លាំងរបស់កសិករក្នុងការផលិត ក៏ដូចជា ការតថ្លៃជាមួយអ្នកទទួលទិញ៕រក្សាសិទ្ធដោយ ៖ សុទ្ធលី




















