ជាការពិតណាស់ ការ «ស្រោចទឹក ដែលហៅថា ដើម្បីរំដោះគ្រោះ» តាមរយៈទឹកមន្តរបស់ព្រះសង្ឃដែលត្រូវចាត់ទុកថា បរិសុទ្ធក្នុងសាសនាព្រះពុទ្ធ ឬ ព្រះសង្ឃមានព្រះជន្មចាស់វស្សា ដែលទទួលបានការគោរពប្រតិបត្តិ គឺជាជំនឿតាំងពីបុរាណកាលមកម្ល៉េះ បើទោះបីស្រោចទឹកទៅជា ឬមិនជា និងអាចរំដោះគ្រោះបាន ឬមិនបានក៏ដោយ។
តែយ៉ាងណាមិញ ថ្មីៗនេះ មហាជនអ្នកប្រើប្រាស់បណ្តាញសង្កម ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីបានឃើញមនុស្សម្នាក្មេងចាស់ទាំងប្រុសទាំងស្រី បានទៅស្រោចទឹករំដោះគ្រោះដ៏មិនធម្មតា នោះក៏ព្រោះតែព្រះសង្ឃមួយអង្គ ដែលគេដឹងថាគង់នៅវត្តជន្លុងម្លូ បានប្រើវិធីស្រោចទឹកដ៏ចម្លែកថ្មី យក «ក្អម» វាយក្បាលអ្នកជំនឿដ៏គ្មានការពិចារណាទាំងនោះ ដែលឃើញហើយគួរឲ្យហួសចិត្តខ្លាំងតែម្តង។
ជាក់ស្តែង តាមរយៈវីដេអូបានបង្ហាញព្រះសង្ឃអង្គនោះ បានកាន់ធូប សូត្រធម៌បណ្តើរ និងដួសទឹកពីក្នុងពាងស្រោចបណ្តើរ ហើយចុងក្រោយ ក៏យក «ក្អម» វាយក្បាលមួយទំហឹង រហូតធ្វើឲ្យនារីម្នាក់ក្នុងចំណោមនោះ ត្រូវបានឮស្រែកថ្នូរឈឺមិនស្ទើរនោះទេ ខណៈក្រឡេកមកមើលព្រះសង្ឃអង្គនេះវិញ ក៏ទប់សំណើចពុំជាប់នោះទេ ក្រោយពីបានឮប្រតិកម្មស្រែកថ្នូរឈឺរបស់នារីនោះ។
ទោះជាយ៉ាងណា ក្រោយពីបានឃើញបែបនេះ មហាជនអ្នកលេងបណ្តាញសង្កមជាច្រើន បានសម្តែងការហួសចិត្តផ្សេងៗគ្នាបែបនេះថា៖ «ថ្មីទៀតហើយ , Copy pass ពីឥណ្ឌាបានល្អ, មិនលើករាសីផ្តាច់គ្រោះ បែរជានាំទុក្ខដាក់ខ្លួនវិញ, ចុះបើក្អមអត់បែក ក្បាលហ្នឹងមិនចេញឈាមទៅហើយទេអី, បើនៅតែល្ងង់ចឹង ដាក់ទៅអោយឈប់ភ្លើ….»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង