ភ្នំពេញ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតនៅនិងកន្លែងកើតហេតុភ្លាមៗ ខណៈពេលជិះម៉ូតូលឿនមិនប្រយ័ត្នសង្ស័យថា ជ្រុលទៅបុករថយន្តមិនស្គាល់ម៉ាក ពីក្រោយបណ្តាលឲ្យដួលបោកក្បាលនៅនឹងផ្លូវ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩និង៣០នាទីយប់ថ្ងៃទី២០ ខែវិច្ឆិកាឆ្នាំ២០២៣ ស្ថិតនៅលើផ្លូវជាតិលេខ៣ ក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ ឈុន នី ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិច្រកព្រាល ឃុំឃុំភក្កី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

បើយោងតាមតាមការបញ្ជាក់ពីបុរសម្នាក់ សុំមិនបញ្ចេញឈ្មោះបានឃើញហេតុការណ៍ខាងលើបានប្រាប់ឲ្យដឹងថា នៅមុនកើតហេតុរូបគាត់បានឃើញបុរសរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីមសង់សេ១២៥ ពណ៌សខ្មៅមួយគ្រឿងពាក់ផ្លាកលេខ កំពង់ស្ពឺ 1B-0575 ជិះតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន ខណៈពេលជិះមកដល់ចំណុចកើតហេតុ ខាងលើសង្ស័យថា បុកពីក្រោយនិងរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក ដែលចតនៅលើចិញ្ចើមផ្លូវបណ្តាលឲ្យម៉ូតូខ្ទេចផ្នែកខាងមុខរងការខូចខាតយ៉ាងដំណំ ចំណែកឯជនរងគ្រោះវិញ បានស្លាប់ទាំងផ្ងាប់មុខជាប់នៅលើម៉ូតូ ក្រោយមកក៏បានពលរដ្ឋជិតខាងរាយការណ៍ ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកទីតាំងកើតហេតុភ្លាមៗផងដែរ។
ក្រោយពីសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់ក៏បានទាក់ទងទេមន្ត្រីជំនាញចរាចរណ៍ ឲ្យចុះមកវាស់វែងនិងធ្វើកំណត់ហេតុយកម៉ូតូជនរងគ្រោះ ទៅរក្សាទុក្ខនូវអធិការដ្ឋាននគរបាលដ្ឋានខណ្ឌកំបូល ។ ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី៕ រក្សាសិទ្ធដោយ ៖ សា មេត






