ថ្មីៗនេះ មានរឿងដ៏ភ្ញាក់ផ្អើលមួយ បានកើតឡើងនៅការិយាល័យអចលនទ្រព្យ ក្នុងទីក្រុងសៀងហៃ ប្រទេសចិន នោះគឺនៅពេលដែលបុរសចំណាស់ពិការភ្នែកម្នាក់ ត្រូវបានស្រ្តីអ្នកមើលថែ នាំមកផ្ទេរកម្មសិទ្ធិផ្ទះរបស់គាត់ទៅឲ្យនាង ដែលធ្វើឲ្យមនុស្សគ្រប់គ្នាព្រួយបារម្ភថា បុរសចំណាស់នោះច្បាស់ជាត្រូវអ្នកមើលថែបោកបញ្ឆោតហើយៗ ពួកគេក៏បានហៅប៉ូលីសមកស៊ើបអង្កេត។
ជាក់ស្តែង រូបភាព និងឃ្លីបវីដេអូដែលត្រូវបានគេចែកចាយពេញប្រព័ន្ធផ្សព្វផ្សាយអនឡាញរបស់ចិន បានបង្ហាញបុរសចំណាស់ និងស្ត្រីជាអ្នកមើលថែ បានកំពុងការចរចាជាមួយមន្ត្រីនៅកន្លែងផ្តល់សេវា ខណៈអ្នកផ្សេងទៀតបានព្យាយាមបញ្ចុះបញ្ចូលបុរសចំណាស់មិនឱ្យប្រគល់ផ្ទះរបស់គាត់ទៅឱ្យអ្នកមើលថែនោះទេ។ តែទោះជាយ៉ាងណា បុរសចំណាស់នោះមិនបានបង្ហាញការអើពើនឹងមនុស្សដែលមកដាស់តឿនគាត់ឡើយ ខណៈស្ត្រីរូបនោះបាននិយាយអះអាងថា “គាត់ចង់ប្រគល់ផ្ទះមកខ្ញុំ។ តើអ្នកទាំងអស់គ្នាចង់អោយខ្ញុំធ្វើអ្វី? ខ្ញុំមិនមែនជាអ្នកចង់បានវាតាំងពីដំបូងទេ ប៉ុន្តែពូចង់ប្រគល់វាឲ្យខ្ញុំខ្លួនឯងគាត់ប៉ុណ្ណោះ»។
ខណៈនោះ បុរសពិការភ្នែកជាម្ចាស់ផ្ទះ ដែលពាក់វ៉ែនតាការពារកំដៅថ្ងៃនៅស្ងៀម មិនបាននិយាយអ្វីមួយម៉ាត់ ដោយទុកឲ្យអ្នកមើលនោះនិយាយចរចាជាមួយប៉ូលិសជំនួសវិញ។
ទោះយ៉ាងណា ក្រោយមក សមត្ថកិច្ចបានបញ្ជាក់ថា ហេតុការណ៍នេះមិនពាក់ព័ន្ធនឹងករណីឆបោកអ្វីទេ ប៉ុន្តែ បុរសម្ចាស់ផ្ទះបានស្ម័គ្រចិត្តផ្ទេរផ្ទះទៅឲ្យអ្នកមើលថែម្នាក់នេះ ដោយពុំមានការបង្ខិតបង្ខំ ឬគំរាមកំហែងណាមួយនោះទេ។
ហេតុការណ៍នេះបានទាក់ទាញអ្នកសារព័ត៌មាន មកសួរនាំដើមហេតុ និងបានដឹងថា បុរសម្នាក់នេះ និងម្តាយបង្កើតរបស់គាត់ ត្រូវស្ត្រីម្នាក់នេះជាអ្នកមើលថែពួកគេ។ ហើយបន្ទាប់ពីម្តាយរបស់គាត់បានទទួលមរណភាពកាលពី៣ឆ្នាំមុន អ្នកមើលថែម្នាក់នេះនៅតែបន្តរស់នៅ មើលថែបុរសជាកូន ដោយសារតែគាត់រស់នៅតែម្នាក់ឯង ហើយនៅតែពិការភ្នែក។
ទោះបីជាយ៉ាងណា ក៏មានសេចក្តីរាយការណ៍មកថា បន្ទាប់ពីមាននរណាម្នាក់បញ្ចុះបញ្ចូល នៅទីបញ្ចប់ បុរសរូបនោះក៏បានសម្រេចចិត្តធ្វើតាមការណែនាំពន្យារការផ្ទេរផ្ទះនេះវិញ ហើយនឹងប្រគល់វាទៅឱ្យអាណាព្យាបាលក្នុងទម្រង់ជាឆន្ទៈជំនួសវិញ ប៉ុន្តែបុរសរូបនេះមិនបានពន្យល់ឱ្យច្បាស់ទេថា តើហេតុអ្វីបានជាគាត់ចង់ផ្ទេរផ្ទះទៅអ្នកមើលថែទៅវិញ?៕ រក្សាសិទ្ធិដោយ៖ លឹម ហុង