Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងជើង បាញ់ផ្កាយរណបចារកម្ម ធ្វើឲ្យសហរដ្ឋអាមេរិកត្រៀមខ្លួន

រដ្ឋធានីសេអ៊ូល៖ បើទោះជាបានទទួលបរាជ័យជាបន្ដបន្ទាប់ និង មានការគំរាមបាញ់ទម្លាក់ ពីសម្ពន្ធមិត្តរបស់សហរដ្ឋអាមេរិក នៅតំបន់អាស៊ីបូព៌ា យ៉ាងណាក្ដី ប៉ុន្ដែរហូតមកដល់ពេលនេះ កូរ៉េខាងជើង នៅតែបន្ដបាញ់បង្ហោះផ្កាយរណបរបស់ខ្លួន ដោយក្រុមអ្នកជំនាញជាច្រើន បានសង័្សយ ជាផ្កាយរណបចារកម្ម។

ទីភ្នាក់ងារសារព័ត៌មានរបស់ចក្រភពអង់គ្លេស Reuters បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ថា បើតាមក្រុមមន្រ្ដីកូរ៉េខាងត្បូង និង ជប៉ុន បានអះអាង ថា កូរ៉េខាងជើង កាលពីថ្ងៃអង្គារ (ទី២១ ខែវិច្ឆិកា) បានបាញ់បង្ហោះរ៉ុក្កែត ចំនួន១គ្រាប់ ដោយគេជឿ ថា វានឹងអាចនាំផ្កាយរណប។ នេះជាអ្វីដែលរដ្ឋាភិបាលក្រុងព្យុងយ៉ាងបានប៉ុនប៉ងជាលើកទី៣ ដើម្បីនាំផ្កាយរណបរបស់ខ្លួន ចូលទៅក្នុងគន្លងគោចរ នៅក្នុងឆ្នាំ២០២៣នេះ។

ប្រទេសកូរ៉េខាងជើង បានជូនដំណឹងដល់ប្រទេសជប៉ុន កាលពីពេលមុននេះ ថា ក្រុងព្យុងយ៉ាង គ្រោងនឹងបញ្ជូនផ្កាយរណប នៅចន្លោះពីថ្ងៃពុធ និង ថ្ងៃទី១ ខែធ្នូ បន្ទាប់ពីបរាជ័យ ចំនួន២លើក នៅក្នុងការបាញ់បង្ហោះផ្កាយរណបចារកម្ម កាលពីដើម ឆ្នាំ២០២៣កន្លងមកនេះ។

ដោយឡែក រដ្ឋាភិបាលជប៉ុន បានចេញការព្រមានជាបន្ទាន់មួយ សម្រាប់ប្រជាជនរបស់ខ្លួន រស់នៅតំបន់ភាគខាងត្បូង ដើម្បីការពារ បញ្ចៀសពីការគំរាមកំហែង ដោយមីស៊ីលរបស់កូរ៉េខាងជើង។

បណ្ដាញទូរទស្សន៍សាធារណៈរបស់ជប៉ុន NHK បានដកស្រង់ប្រភព ពីក្រសួងការពារជាតិជប៉ុន បានអះអាង ថា មីស៊ីលនោះ ទំនងជាផ្កាយរណប។ ស្របគ្នានេះ ប្រព័ន្ធផ្សព្វផ្សាយគ្រាអាសន្នរបស់ជប៉ុន បានឲ្យដឹង ថា រដ្ឋាភិបាលក្រុងតូក្យូ បានប្រាប់អ្នកស្រុក នៅអូគីណាវ៉ា ចូលទៅក្នុងអគារ ឬ ផ្ទះក្រោមដី បង្ការមានការគំរាមកំហែងណាមួយ ពីមីស៊ីលរបស់កូរ៉េខាងជើង។

កងទ័ពកូរ៉ខាងត្បូង បានបញ្ជាក់ ថា រ៉ុក្កែតនោះ ត្រូវគេជឿ ថា នឹងនាំផ្កាយរណបចារកម្មទៅកាន់គន្លងគោចរ ហើយត្រូវបានបាញ់ឆ្ពោះទៅកាន់ទិសខាងត្បូង។

ឆ្មាំសមុទ្រជប៉ុន បានអះអាង កាលពីថ្ងៃអង្គារ ថា កូរ៉េខាងជើង បានផ្តល់ការជូនដំណឹង អំពីការបាញ់បង្ហោះ នៅក្នុងទិសដៅទៅកាន់សមុទ្រលឿង និង សមុទ្រចិនខាងកើត។ រីឯទីភ្នាក់ងារសុវត្ថិភាពដែនសមុទ្ររបស់កូរ៉េខាងត្បូង បានចេញការព្រមានដល់នាវា សម្រាប់ការបាញ់បង្ហោះដែលបានគ្រោងទុក សម្រាប់តំបន់ដូចគ្នា នឹងការបាញ់បង្ហោះកាលពីពេលមុនៗផងដែរ។

កងទ័ពជើងទឹកកូរ៉េខាងត្បូង បានបញ្ជាក់ ថា នាវាផ្ទុកយន្ដហោះចម្បាំងរបស់សហរដ្ឋអាមេរិក Carl Vinson បានមកដល់កំពង់ផែប៊ូសាន (Busan) ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃអង្គារ នៅមុនពេលការកំណត់ ព្រោះតែបង្កើននូវការត្រៀមខ្លួនទុកជាមុន សម្រាប់ការពារសម្ពន្ធមិត្ត ប្រឆាំងនឹងការគំរាមកំហែងពីមីស៊ីល និង អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង៕ រក្សាសិទ្ធដោយ ៖ សារាយSN

×