ពិតជារឿងដ៏ភ្ញាក់ផ្អើល ដែលបុរសជនជាតិជប៉ុនម្នាក់ បានដាំដើមចេកជាច្រើនដើម នៅចំកណ្តាលទ្រូងផ្លូវធំមួយនៅក្នុងទីក្រុង ហើយពួកវាបានលូតលាស់រហូតចេញផ្លាផ្កែ អស់រយៈពេល២ឆ្នាំមកហើយ ទើបអាជ្ញាធរក្រុង Kurume មានចំណាត់ការ ក្រោយពីអ្នកដំណើរបានរអ៊ូរទាំ ពីផលប៉ះពាល់របស់វាក្នុងការបើកបរ។
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសវ័យ ៥០ឆ្នាំ ម្នាក់ មកពីទីក្រុង Kurume ខេត្ត Fukuoka ថ្មីៗនេះត្រូវបានបញ្ជាឱ្យដកដើមចេកដែលគាត់បានដាំ និងថែទាំដោយខុសច្បាប់ នៅកណ្តាលទ្រូងផ្លូវទីក្រុងដ៏មមាញឹកមួយ អស់រយៈពេលពីរបីឆ្នាំ។ គេមិនច្បាស់ទេថាហេតុអ្វីបានជាបុរសនោះជ្រើសរើសដាំដើមឈើនៅលើដីសាធារណៈបែបនេះទេ ប៉ុន្តែនៅទីបំផុត ពួកវាបានលូតលាស់ធំរហូតដល់ចាប់ផ្តើមធ្វើឲ្យប៉ះពាល់ដល់ការមើលឃើញរបស់អ្នកបើកបរ។
ករណីដ៏ចម្លែកនេះ គេបានរិះគន់ថា វាមិនមែនជាការលំបាកទេសម្រាប់អាជ្ញាធរ ក្នុងការកំណត់អត្តសញ្ញាណបុរសដែលទទួលខុសត្រូវលើដើមឈើនោះ ព្រោះថាគាត់ត្រូវបានដឹងថាបានស្រោចទឹករុក្ខជាតិត្រូពិចយ៉ាងហោចណាស់ពីរដងក្នុងមួយថ្ងៃ ហើយអស់រយៈពេលពីរឆ្នាំមកហើយ។ តែទោះជាយ៉ាងណា នៅពេលនោះ បុរសរូបនោះត្រូវបានបញ្ជាឱ្យដកដើមចេកទាំងនោះ ពុំនោះទេនឹងត្រូវប្រឈមជាប់ពន្ធនាគាររហូតដល់មួយឆ្នាំ ឬបង់ប្រាក់ពិន័យចំនួន 500,000 យ៉េន (ស្មើជាង ៣០០០ ដុល្លារ)។
យ៉ាងណាមិញ បន្ទាប់ពីបានដកដើមចេកទាំងនោះរួច បុរសរូបនោះបានប្រាប់អ្នកកាសែតថា «ពិតជាឯកាណាស់… ខ្ញុំមានអារម្មណ៍ឯកោ ដែលគ្មានដើមចេកដ៏ស្អាតរបស់ខ្ញុំ»។
គួរបញ្ជាក់ថា ដើមចេកកណ្តាលផ្លូវទាំងនោះ បានទទួលបានការចាប់អារម្មណ៍ទូទាំងប្រទេស អស់រយៈពេលជាច្រើនសប្តាហ៍ ហើយនៅថ្ងៃនៃការដកចេញ ក្រុមអ្នកសារព័ត៌មានមកពីបណ្តាញព័ត៌មានធំៗ បានទៅដល់ទីតាំង។ ពួកគេបានសម្ភាសបុរសដែលបានដាំ ហើយបានថតគាត់ព្យាយាមញ៉ាំចេកមិនទាន់ទុំមួយផ្លែដែលគាត់បានកាប់ទាំងបង្ខំ។ វានៅខ្ចីពេកមិនអាចបរិភោគបាន ប៉ុន្តែបុរសនោះបានញ៉ាំវាយ៉ាងរីករាយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង