Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រ្តី​អ្នកដំណើរ​ម្នាក់​ប្រើប្រាស់ M.e.t.h «ដល់កម្រិត» ស្រាប់តែ​ព្យាយាម​បើកទ្វារ​សង្គ្រោះ​បន្ទាន់ ខណៈ​យន្តហោះ​កំពុង​នៅ​លើ​អាកាស

យោងតាមរបាយការណ៍របស់ JoongAng Ilbo កាលពីថ្ងៃទី២៣ ខែវិច្ឆិកា នាយកដ្ឋានប៉ូលីសអាកាសយានដ្ឋាននៃនាយកដ្ឋានប៉ូលីសទីក្រុងសេអ៊ូល បានប្រកាសពីការចាប់ខ្លួនស្ត្រីម្នាក់ (ហៅជាបណ្តោះអាសន្នថា A) ក្រោមច្បាប់សុវត្ថិភាពអាកាសចរណ៍ និងច្បាប់ត្រួតពិនិត្យគ្រឿងញៀន។

ប៉ូលីសអាកាសយានដ្ឋានបាននិយាយថា ឧបទ្ទវហេតុនេះបានកើតឡើងនៅពេលដែលស្រ្តី A (អាយុ ២៦ ឆ្នាំ) រូបនោះ កំពុងស្ថិតនៅលើជើងហោះហើរពីទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) ទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Incheon (កូរ៉េខាងត្បូង) របស់ក្រុមហ៊ុនអាកាសចរណ៍ Korean Air នៅថ្ងៃទី២៣ ខែវិច្ឆិកា។

បើតាមអ្នកបម្រើលើយន្តហោះ បានឲ្យដឹងថា ខណៈពេលដែលយន្តហោះកំពុងហោះហើរ ស្រាប់តែស្រ្តីរូបនោះ បង្ហាញសញ្ញាគួរឱ្យសង្ស័យ ដោយក្រោកពីកៅដើរទៅមុខ ហើយមានបំណងបើកទ្វារសង្គ្រោះបន្ទាន់របស់យន្តហោះតែម្តង។ ទោះជាយ៉ាងណា សកម្មភាពនេះត្រូវបានរកឃើញ និងបញ្ឈប់ភ្លាមៗដោយអ្នកបម្រើលើយន្តហោះ។

បន្ទាប់ពីជើងហោះហើរបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Incheon ប៉ូលីសក៏បានធ្វើការឆែកឆេរនៅនឹងកន្លែងភ្លាមៗនៅលើយន្តហោះ ហើយស្រ្តីរូបនេះត្រូវធ្វើតេស្តរកសារធាតុញៀនប្រភេទមេតំហ្វេតាមីន ឬហៅម្យ៉ាងទៀតថា គ្រីស្តាល់មេតំហ្វេតាមីន ហើយភ្លាមៗនោះក៏ត្រូវបានចាប់ខ្លួនតែម្តង។

បច្ចុប្បន្ន សមត្ថកិច្ចមិនទាន់បញ្ជាក់ច្បាស់ពីមូលហេតុ ដែលស្រ្តីរូបនោះព្យាយាមបើកទ្វារសង្គ្រោះបន្ទាន់នោះទេ ប៉ុន្តែជាបឋមពួកគេសន្និដ្ឋានថា សកម្មភាពនេះទំនងជាពាក់ព័ន្ធនឹងស្ត្រីរូបនេះប្រើប្រាស់សារធាតុហាមឃាត់។

យោងតាមច្បាប់សន្តិសុខអាកាសចរណ៍កូរ៉េ ស្រ្តីរូបនេះទំនងជាប្រឈមមុខនឹងការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ១០ ឆ្នាំ សម្រាប់ការបើកទ្វារច្រកចេញបន្ទាន់របស់យន្តហោះដោយចេតនា។ ទន្ទឹមនឹងនេះ ការប្រើប្រាស់គ្រឿងញៀន ក៏នឹងធ្វើឱ្យស្រ្តីរូបនេះប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល ១០ ឆ្នាំ ឬពិន័យជាប្រាក់រហូតដល់ ១០០ លានវ៉ុន (ប្រហែល ១,៨ ពាន់លានដុង) ផងដែរ។

តាមពិតទៅ នេះមិនមែនជាលើកទីមួយទេ ដែលក្រុមហ៊ុនអាកាសចរណ៍កូរ៉េជួបប្រទះនឹងស្ថានភាពដែលអ្នកដំណើរបើកទ្វារច្រកចេញបន្ទាន់របស់យន្តហោះ។ នៅដើមខែឧសភា ឆ្នាំ២០២៣ ក្រុមហ៊ុន Asiana Airlines ក៏បានជួបឧបទ្ទវហេតុស្រដៀងគ្នានេះផងដែរ នៅពេលដែលអ្នកដំណើរប្រុសម្នាក់នៅលើជើងហោះហើរពី Jeju ទៅ Daegu បានក្នុងការបើកច្រកចេញសង្គ្រោះបន្ទាន់ដោយជោគជ័យ នៅពេលដែលយន្តហោះស្ថិតនៅកម្ពស់ ២០០ ម៉ែត្រពីលើដី។ ឧបទ្ទវហេតុនេះ បានធ្វើឲ្យអ្នកដំណើរទាំងអស់នៅលើយន្តហោះត្រូវបានខ្យល់កន្ត្រាក់យ៉ាងខ្លាំងក្នុងរយៈពេលប្រហែល១០ នាទី រហូតដល់យន្តហោះបានចុះចតដោយសុវត្ថិភាព។ កាសែត Korea JeongAng Daily បាននិយាយថា តុលាការស្រុក Daegu បានកាត់ទោសបុរសនេះឱ្យជាប់ពន្ធនាគាររយៈពេល ៥ ឆ្នាំ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×