យោងតាមប្រភពព័ត៌មាន Sohu បានឲ្យដឹងថា បុរសអាយុ ៨០ ឆ្នាំម្នាក់ បានចូលទៅជិតនារីវ័យក្មេងពាក់អាវពណ៌ស ដើម្បីសុំលុយមួយចំនួន ស្ថិតនៅផ្លូវមួយកន្លែង ក្នុងខេត្ត Jiangsu ប្រទេសចិន។ ប៉ុន្តែ អ្វីដែលមិននឹកស្មានដល់នោះ គឺមិនត្រឹមតែមិនអោយលុយទេ សកម្មភាពបន្ទាប់របស់នារីវ័យក្មេងរូបនេះមកលើអ្នកសុំទានចាស់ជរា បានធ្វើអោយគ្រប់គ្នាដែលឃើញហេតុការណ៍កាន់តែខឹងសម្បារជាខ្លាំង។
ដោយមិនដឹងមូលហេតុអ្វី ស្រាប់តែនារីវ័យក្មេងរូបនោះបានចាប់បុរសចំណាស់នោះ ហើយទះកំផ្លៀងគាត់ ៧-៨ ដង ក្នុងមួយដង្ហើម ដែលរហូតបណ្តាលឲ្យគាត់ត្រូវដួលបោកក្បាលទៅនឹងដី។ មិនត្រឹមប៉ុណ្ណឹងទេ នារីវ័យក្មេងរូបនេះនៅតែមិនព្រមលែង ហើយចង់វាយគាត់ថែមទៀត។ នៅពេលនោះ មានមនុស្សពីរនាក់កំពុងឈរមើល បុរសម្នាក់បានស្តីបន្ទោសនារីក្មេងរូបនេះដោយកំហឹងថា៖ «ឈប់សិន! តើអ្នកជាមនុស្សទេ? គាត់មានអាយុគ្រប់គ្រាន់ធ្វើជាឪពុក និងជីតារបស់អ្នកហើយ ហេតុអ្វីបានជានាងប្រព្រឹត្តបែបនេះមកលើគាត់!!»។
ទន្ទឹមនឹងនោះផងដែរ ស្ត្រីជាបុគ្គលិកការិយាល័យដែលកំពុងធ្វើដំណើរ ក៏បានទៅបញ្ឈប់សកម្មភាព ហើយចង្អុលទៅនារីក្មេងរូបនោះ ដោយបានស្រែកទាំងកំហឹងថា «អ្នកជាមនុស្សអាក្រក់ បើអ្នកឯងល្អ ចូរនៅស្ងៀមណ៎ា! ខ្ញុំនឹងហៅប៉ូលីសឥឡូវ ពួកគេនឹងមកទីនេះឆាប់ៗនេះ»។
ទោះជាយ៉ាងណា នៅពេលឮដូច្នេះ នារីក្មេងពាក់អាវសរូបនេះ កាន់តែបញ្ចេញឥរិយាបទខឹងកាន់ខ្លាំង ហើយនាងបានចង្អុលទៅបុគ្គលិកការិយាល័យស្រី ហើយបន្តជេរនាងដោយពាក្យដ៏អាក្រក់ៗ។
អាកប្បកិរិយាហួសហេតុ និងពាក្យសម្ដីឈ្លើយរបស់យុវតីរូបនេះ បានទាក់ទាញមហាជនមកចោមរោមឡើងព្រោងព្រាត។ មនុស្សជាច្រើនបានរិះគន់ពីទង្វើរបស់នាង ចំពោះបុរសវ័យ៨០ឆ្នាំយ៉ាងខ្លាំង។ ទោះជាយ៉ាងណា ក្រោមសម្ពាធពីហ្វូងមនុស្ស និងព័ត៌មានដែលថាប៉ូលីសហៀបនឹងមកដល់ នារីក្មេងរូបនេះក៏បានប្រែជាអៀនខ្មាស់ ហើយចាប់ផ្តើមប្រែអាកប្បកិរិយាដ៏ឆេវឆាវរបស់នាង។
បើតាមអ្នកបង្ហោះវីដេអូ នារីក្មេងរូបនោះបាននិយាយលេសថា បុរសចំណាស់ម្នាក់នេះ “ជាមនុស្សសំណាងអាក្រក់” ហើយមកសុំលុយ ខណៈនាងកំពុងមានសតិអារម្មណ៍មិនល្អ។ នារីរូបនេះក៏បានអះអាងថា នាងមិនសប្បាយចិត្តទេ ក្នុងថ្ងៃនោះដែលមានអ្នកមករំខាន។ ដោយមានអារម្មណ៍តានតឹង និងត្រូវអ្នកសុំទានចំណាស់រំខាន នាងក៏បានចាត់វិធានការដើម្បីបំបាត់កំហឹងរបស់នាងទៅ។
រឹតតែមិនអាចយល់បាន នាងក៏ធ្វើពុតជាចង់បានតែអ្វីដែលល្អបំផុត សម្រាប់បុរសចំណាស់ប៉ុណ្ណោះ។ នាងធ្វើបែបនេះធ្វើឱ្យគាត់ «យល់ថាជីវិតមិនងាយស្រួលទេ ត្រូវរកការងាររកប្រាក់» លុយកាក់ មិនគួរពឹងលើទានពីអ្នកដទៃឡើយ។
ជាមួយគ្នានោះផងដែរ បុរសវ័យកណ្តាលម្នាក់ទៀត ដែលកំពុងមើល ទ្រាំមិនបានទៅនឹងទង្វើនិងលេសរបស់នារីក្មេងរូបនេះ ក៏និយាយឡើងថា «តើគាត់ជាអ្វីទៅ បានជាអ្នកហ៊ានវាយគាត់បែបនេះ? អ្នកមានអាយុត្រឹមតែ២១ឆ្នាំទេ តែចិត្តរបស់នាងពិតជាកាចសាហាវ ធ្វើបាបអ្នកដទៃបែបនេះ! គាត់អាយុជាង ៨០ ឆ្នាំហើយ តើអ្នកចង់ឱ្យគាត់ធ្វើអ្វីដើម្បីរកលុយទៅ?»។
ដោយឡែក ស្ត្រីជាអ្នកអនាម័យវ័យកណ្តាលម្នាក់ ក៏បាននិយាយដាស់តឿននារីក្មេងរូបនេះឱ្យចេះគោរពអ្នកចាស់ទុំ។ ហើយយ៉ាងណាមិញ អ្នកសុំទានវ័យចំណាស់ម្នាក់នោះ ស្ថិតក្នុងវ័យដែលគាត់ស្ទើរតែបាត់ទៅវិញហើយ គាត់គ្មានកម្លាំងអ្វីដើម្បីធ្វើការរកប្រាក់ចិញ្ចឹមជីវិតបន្តទេ ទើបគាត់ចេញទៅសុំលុយបែបនេះ។ បើអ្នកមានចិត្ត សូមឲ្យគាត់លុយកាក់មួយចំនួនទៅ។ ប៉ុន្តែ ប្រសិនបើអ្នកមិនចង់ឱ្យ អ្នកអាចជ្រើសរើសបដិសេធទៅ កុំវាយគាត់បែបនេះ។ ទោះជាយ៉ាងណា នារីក្មេងរូបនេះមិនត្រចៀកស្តាប់ទេ គឺថែមឆ្លើយតបខ្លាំងរកប្រើហឹង្សាដាក់គាត់ទៀត។ ហួសចិត្តខ្លាំងពេក បុគ្គលិកបោសសម្អាត ក៏បានត្រឹមតែនិយាយថា៖ «តើអ្នកចង់វាយខ្ញុំដូចអ្នកវាយគាត់មែនទេ?»។
ទោះជាយ៉ាងណា ការរិះគន់ពីអ្នកដទៃទាំងអស់ មិនអាចធ្វើឱ្យនារីក្មេងរូបនេះយល់ថា អាកប្បកិរិយារបស់នាងហួសហេតុ និងមិនសមរម្យនោះទេ ហេតុដូច្នេះ ហ្វូងមនុស្សមានតែនាំគ្នារង់ចាំប៉ូលិសមកដោះស្រាយប៉ុណ្ណោះ ហើយទីបំផុត ប៉ូលិសក៏បានមកដល់ ហើយនាំយកនារីក្មេងរូបនេះទៅប៉ុស្តិ៍តែម្តង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង