Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជួយ​រក្សា​លុយ​ឲ្យ​កូនប្រុស ស្ត្រីជន​ជាតិចិន​ដ៏​កំសត់​ក្រីក្រ​ម្នាក់ មិន​នឹកស្មាន​ថា​គាត់​នឹង​ជួប​បញ្ហា​ធ្ងន់ធ្ងរ​បែបនេះ

អ្នកស្រី Vien អាយុជាង ៦០ ឆ្នាំ រស់នៅទីក្រុង Dong Quan ខេត្ត Guangdong ប្រទេសចិន មានជីវភាពលំបាកខ្លាំង បន្ទាប់ពីប្តីរបស់គាត់បានស្លាប់ ហើយគាត់ត្រូវរែកពន់បន្ទុកគ្រួសារទាំងមូល ដោយត្រូវធ្វើការរកស៊ីជាច្រើន ដើម្បីមានលុយចិញ្ចឹមកូន។ ទោះជាយ៉ាងនេះក្តី កូនប្រុសតែមួយរបស់ស្រ្តីចំណាស់ដ៏កំសត់រូបនេះឈ្មោះ Sinh Cuong បែរជាមិនជួយខិតខំរកស៊ីម្តាយ ដោយតែងតែដើរលេងមិនខ្វល់ពីការសិក្សា។ ធំឡើង រូបគេមិនមានការងារស្ថិរភាពទេ ហើយចំណាយពេលពេញៗមួយថ្ងៃនៅទំនេរ ដើរបង្កបញ្ហា។

ដោយដឹងថា មិនអាចពឹងផ្អែកលើកូនប្រុសបាន អ្នកស្រី Vien បានបើកតូបលក់ដូរតូចមួយ ហើយឆ្លៀតដើររើសអេតចាយ ដើម្បីរកលុយផ្សែផ្សំបន្ថែម។ ផ្ទះ​តូច​ដែលអ្នកស្រី Vien កំពុង​រស់​នៅ គឺ​មាន​លក្ខណៈ​បុរាណ​បំផុត​ដោយមាន​តែ​មួយ​ជាន់ ដំបូលធ្លុះ​ធ្លាយ ជញ្ជាំង​ប្រេះ និង​គ្រឿង​សង្ហារិម​ចាស់ខ្លាំង។ ទោះជាយ៉ាងណា ស្ត្រីចំណាស់រូបនេះមិនស្វែងរកជីវិតប្រសើរជាងនេះទេ មានតែសង្ឃឹមថា កូនប្រុសរបស់គាត់នឹងមិនបង្កបញ្ហាដល់គាត់ទៀតទេ ហើយជួយរកលុយម្តាយ។ តែអ្វី​ដែល​ស្ត្រី​ចំណាស់​ម្នាក់​នេះ​ព្រួយ​បារម្ភ ​នៅ​ទី​បំផុត​បាន​កើត​ឡើង។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា គេមិនច្បាស់ទេថា នៅពេលណាដែល Lam Sinh Cuong បានជួបបុរសម្នាក់ឈ្មោះ Liu Li ដែលបុគ្គលនេះគឺជាម្ចាស់ធនាគារឯកជន ដែលមានឯកទេសក្នុងសកម្មភាពហិរញ្ញវត្ថុខុសច្បាប់។

ថៅកែម្នាក់នេះមាននាមត្រកូល Liu តែងតែប្រើប្រាស់កាតធនាគារ ឬសេវាផ្ទេរប្រាក់តាមអ៊ីនធឺណិត ប្រតិបត្តិការសាច់ប្រាក់ និងវិធីសាស្រ្តជាច្រើនទៀត ដើម្បីធ្វើការផ្ទេរប្រាក់ឆ្លងប្រទេស និងទទួលបានប្រាក់ចំណេញខ្ពស់។ ដោយទាក់ទាញតាមការអូសទាញរបស់លោក Liu កូនប្រុសរបស់អ្នកស្រី Vien លោក Lam Sinh ក៏បានក្លាយជា «អ្នករត់ការ» យ៉ាងឆាប់រហ័សសម្រាប់បុគ្គលនេះ។

ចាប់​ពី​ពេល​នោះ​មក ជីវិត​កូន​ប្រុស​របស់​អ្នកស្រី Vien ចាប់​ផ្ដើម​ប្រសើរ​ឡើង។ Lam Sinh បានចំណាយលុយដូចទឹកទិញខោអាវម៉ាកល្បីៗ និងបើកឡានទំនើបៗ ដោយមិនដឹងថា គ្រោះមហន្តរាយហៀបនឹងវាយប្រហារគ្រួសារគាត់នោះទេ។

នៅឆ្នាំ ២០២៣ ខណៈពេលដែលការស៊ើបអង្កេតករណីដែលទាក់ទងនឹងការផ្ទេរប្រាក់ឆ្លងប្រទេស និងការលាងលុយកខ្វក់ ប៉ូលីសក្វាងទុង បានរកឃើញថាធនាគាររបស់ Liu Li មានសញ្ញានៃការរំលោភធ្ងន់ធ្ងរ។ តាម​រយៈ​តម្រុយ​ដែល​ប្រមូល​បាន ប៉ូលិស​បាន​កំណត់​អត្តសញ្ញាណ​លោក Lam Sinh យ៉ាង​ឆាប់​រហ័ស​ថា​ជា «អ្នក​ក្រោម​បង្គាប់» ដ៏​មាន​ប្រសិទ្ធភាព​ម្នាក់​របស់​ថៅកែ​ Li ។ ក្រោយ​ពី​មាន​ភស្តុតាង​គ្រប់គ្រាន់​នៃ​បទល្មើស​ហើយ ប៉ូលិស​បាន​សម្រេច​ចាប់​ខ្លួន​ជន​សង្ស័យ​ពីរ​នាក់នេះ​គឺ Liu Li និង Lam Sinh ដើម្បី​ស៊ើប​អង្កេត​ករណី​នេះ។

ប៉ូលីសជំនាញមួយក្រុម ត្រូវបានបញ្ជូនទៅកាន់មូលដ្ឋានដែលជាកន្លែងមុខសញ្ញាទាំងពីរនេះស្នាក់នៅ ដើម្បីស្វែងរកលំនៅដ្ឋាន និងទ្រព្យសម្បត្តិរបស់ពួកគេ។ ប៉ូលីសបានរកឃើញយ៉ាងងាយស្រួលនូវកន្លែងដែល Liu កំពុងលាក់ខ្លួន ហើយចាប់ខ្លួនមនុស្សនេះ។ ទោះជាយ៉ាងណា Lam Sinh មានល្បិចកលជាង គាត់មិនមានទីលំនៅស្ថិតថេរនោះទេ ដូច្នេះការស្វែងរកកន្លែងលាក់ខ្លួនរបស់មនុស្សនេះគឺពិបាកណាស់។

ទោះជាយ៉ាងណា ទីបំផុត បន្ទាប់ពីសួរនាំអ្នកជិតខាង ប៉ូលីសបានដឹងថា ពេលខ្លះ Lam Sinh បានត្រឡប់ទៅផ្ទះម្តាយរបស់គាត់ ហើយស្នាក់នៅមួយរយៈ រួចក៏ចាកចេញទៅវិញ។ ជាមួយនឹងព័ត៌មាននេះ ប៉ូលីសបានសង្ស័យថា រូបគេកំពុងលាក់លុយ ឬលាក់ខ្លួននៅផ្ទះម្តាយរបស់គេ ទើបពួកគេសម្រេចចិត្តធ្វើការឆែកឆេរផ្ទះអ្នកស្រី Vien។

ពេល​ប៉ូលិស​ទៅ​ដល់ ស្ត្រី​វ័យ​៦០​ឆ្នាំរូបនេះ ពិតជា​មាន​ការភ្ញាក់ផ្អើលជាខ្លាំង ដោយ​មិន​យល់​ថា​មាន​អ្វី​កើត​ឡើង។ ប៉ូលីសបានប្រាប់គាត់ថា ពួកគេកំពុងស៊ើបអង្កេតលើករណីដែលពាក់ព័ន្ធនឹងបទល្មើសដែលមានឯកទេសក្នុងសកម្មភាពហិរញ្ញវត្ថុខុសច្បាប់ ហើយកូនប្រុសរបស់អ្នកស្រី លោក Lam Sinh គឺជាជនសង្ស័យម្នាក់ក្នុងចំណោមជនសង្ស័យជាបក្ខពួក។

ឮ​ដូច្នេះ អ្នកស្រី Vien មិន​ជឿ​នូវ​អ្វី​ដែល​ប៉ូលិសនិយាយ​នោះ​ទេ ប៉ុន្តែ​នៅតែ​យល់ព្រម​ឲ្យ​សមត្ថកិច្ច​ធ្វើការ​ឆែកឆេរ​ផ្ទះ​។ ដំបូង​ឡើយ ប៉ូលិស​រកមិន​ឃើញ​អ្វី​គួរ​ឲ្យ​សង្ស័យនោះទេ ខណៈផ្ទះ​ស្ត្រី​ចំណាស់​តូច​ទ្រុឌទ្រោម គ្មាន​កន្លែង​លាក់​លុយនោះទេ។ ទោះជាយ៉ាង​ណា​ ពេល​ប៉ូលិស​រៀប​នឹង​ចេញ​ទៅវិញ ស្រាប់តែ​រក​ឃើញ​ព័ត៌មាន​លម្អិត។

យោងតាមសក្ខីកម្ម Lam Sinh តែងតែទាក់ទងជាមួយលុយយ៉ាងច្រើននៅពេលកំពុងធ្វើកិច្ចការឱ្យ Liu Li ។ ដោយ​សារ​ភាពលោភលន់​ពេក គាត់​គិត​រក​វិធី​ដក​លុយ​ចៅហ្វាយ​ខ្លួន​ឯង។ ទោះជាយ៉ាងណាក៏ដោយ ដោយសារតែគាត់មិនហ៊ានទុកលុយនោះនៅជាប់ខ្លួន ឬដាក់ក្នុងធនាគារ ទើប Lam Sinh គិតចង់លាក់លុយនៅផ្ទះម្តាយ ដើម្បីសុវត្ថិភាព ដោយ​រូបគេបាន​ប្រគល់​លុយ​ឱ្យ​ម្តាយ​ទុក ហើយ​សុំ​កុំ​ឱ្យ​ប្រាប់​អ្នក​ណាឲ្យសោះ។

ដោយ​សារតែអ្នកស្រី Vien ​ខ្វះ​ការ​យល់​ដឹង ទើប​គាត់​ចេះ​តែ​ស្តាប់​កូន​គាត់។ ស្ត្រីចំណាស់នេះមិនដែលគិតពីបញ្ហា ឬគ្រោះថ្នាក់ដែលលុយទាំងនោះនឹងនាំទុកដល់គាត់នោះទេ។ ក្នុង​ពេល​សួរ​ចម្លើយ ប៉ូលិស​បាន​បង្ហាញ​ភ័ស្តុតាង​ចោទ​ប្រកាន់​លោក Lam Sinh ពី​បទ​រំលោភ​ច្បាប់។ ជាមួយគ្នានេះ រូបគេក៏ត្រូវបានស្តីបន្ទោសចាស់ដៃ ចំពោះមុខសញ្ញានេះ ដែលបានទាញយកប្រយោជន៍ពីការជឿទុកចិត្ត និងសេចក្តីស្រឡាញ់របស់ម្តាយ ដែលធ្វើឱ្យម្តាយមានបញ្ហា។

ក្រោយមក Lam Sinh បានសារភាពកំហុសរបស់ខ្លួន ហើយបានសុំទោសម្តាយ។ ទោះជាយ៉ាងណា ទាក់ទិន​នឹង​ករណី​អ្នកស្រី Vien ជួយរក្សាទុកលុយខុសច្បាប់នោះ ប៉ូលិស​បាន​សម្រេច​ផ្ដន្ទាទោស​ស្ត្រី​ចំណាស់​ម្នាក់​នេះ​​កម្រិតស្រាលប៉ុណ្ណោះ។ ទន្ទឹមនឹងនោះ ពួកគេក៏បានជួយនាងដាក់ពាក្យសុំប្រាក់ឧបត្ថម្ភការរស់នៅ និងការធានារ៉ាប់រងសុខភាព ដើម្បីមានជីវិតកាន់តែប្រសើរឡើងផងដែរ។

ចំណែក​លោក Lam Sinh ត្រូវ​កាត់ទោស​ដាក់​ពន្ធនាគារ និង​ពិន័យ​ជា​ប្រាក់។ រីឯថៅកែ Liu និងបក្ខពួករបស់គាត់ផ្សេងទៀត ត្រូវបានផ្តន្ទាទោសជាប់គុកអស់មួយជីវិត។

ទាក់ទងករណីខាងលើនេះ គេ​អាច​មើល​ឃើញ​ថា​ ការ​លោភលន់​ជា​ឫសគល់​នៃ​អំពើ​បាប។ ដូច្នេះហើយ យើងទាំងអស់គ្នាគួរតែដឹងពីរបៀបគ្រប់គ្រងចំណង់លោភលន់របស់យើង។ ប្រសិនបើអ្នកបន្តព្យាយាមបង្វែរវត្ថុរបស់អ្នកដទៃមកជារបស់អ្នក មិនយូរមិនឆាប់ អ្នកនឹងត្រូវរៀនមេរៀនមួយនេះពុំខានឡើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×