ពោធិ៍សាត់ ៖តារាចម្រៀង ប្អូនប្រុស ពេជ្រ រដ្ឋា បានទទួលមរណភាពនៅស្រុកភ្នំក្រវាញ ដោយគ្រោះថ្នាក់ចរាចរណ៍ នៅពាក់កណ្តាលយប់នេះ។
លោកហេង ឡុង បានប្រកាសព័ត៌មានលើផេកហ្វេសប៊ុកថា “រន្ធត់ណាស់! ដំណឹងមរណភាព លោក ពេជ្រ រដ្ឋា ដែលជាតារាចម្រៀង ដែលសម្ដេចពុកពេញចិត្ត នូវទឹកដមដ៏ពីរោះ។ លោកទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍ នាវេលារំលងអធ្រាត្រចូលថ្ងៃទី29 ខែវិច្ឆិកា ឆ្នាំ2023។ សូមចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារសព និងសូមបួងសួងឲ្យដួងវិញ្ញាណក្ខន្ធប្អូនបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ”។
តារាចម្រៀងលោក ពេជ្រ រដ្ឋា ដែលជាអ្នកខេត្តពោធិ៍សាត់ ហើយធ្លាប់ត្រូវបានសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា សរសើរជាសាធារណៈមិនដាច់ពីមាត់អំពីទឹកដមសំឡេងនោះ បានជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់បាត់បង់ជីវិត ពេលត្រឡប់មកពីច្រៀងក្នុងកម្មវិធីអាពាហ៍ពិពាហ៍។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដួលម៉ូតូនេះ បានកើតឡើងនៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅលើផ្លូវជាតិលេខ៥៥ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រ២៧/២៨ ស្ថិតក្នុងភូមិព្រែក៣ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
សមត្ថកិច្ចបានបញ្ជាក់ថា តារាចម្រៀង ពេជ្រ រដ្ឋា ជិះម៉ូតូ១គ្រឿង ម៉ាក Honda Dream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ផ្លាកលេខពោធិ៍សាត់ 1I-0443 បើកពីត្បូងទៅជើង ដោយចេញមកពីក្នុងកម្មវិធីរៀបអាពាហ៍ពិពាហ៍ ហើយត្រឡប់មកផ្ទះវិញ លុះបើកមកដល់ចំណុចកើតហេតុខាងលើ បានដួលបោកទៅហ្នឹងថ្នល់ បណ្តាលឲ្យរងរបួសធ្ងន់ ហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តពោធិ៍សាត់ ដោយសាររបួសធ្ងន់ធ្ងរពេកជនរងគ្រោះត្រូវបានស្លាប់។ មូលហេតុដោយសារកត្តាល្បឿន។
ចំពោះវត្ថុតាងសមត្ថកិច្ចបានរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង និងបន្ដពិនិត្យកន្លែងកើតហេតុបន្ថែមទៀត។
សូមជម្រាបថា លោក ពេជ្រ រដ្ឋា ធ្លាប់ត្រូវបានសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា សរសើរមិនដាច់ពីមាត់តាមរយៈវេទិកាសាធារណៈមួយ នៅខេត្តពោធិ៍សាត់កាលពីពេលកន្លងទៅ អំពីទឹកដមសំឡេង៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី