ជាការពិតណាស់ នៅក្នុងជីវិតប្រចាំថ្ងៃ ស្ថានភាពគ្រោះថ្នាក់សម្រាប់កុមារ គឺឪពុកម្តាយមិនអាចមើលឃើញមុនបានទេ។ ប្រសិនបើអ្នកធ្វេសប្រហែសតែបន្តិច កុមារអាចនឹងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់គ្រប់ពេលវេលា។ តួយ៉ាង ដូចជាករណីក្មេងស្រីអាយុ២ឆ្នាំម្នាក់ នៅទីក្រុង Shenzhen ប្រទេសចិន ដែលកំពុងលេងតែម្នាក់ឯងក្នុងបន្ទប់របស់នាង ខណៈដែលម្តាយរបស់នាងកំពុងធ្វើម្ហូបនៅក្នុងផ្ទះបាយ ហើយមិនយូរប៉ុន្មាន កូនស្រីតូចរូបនេះក៏យំយ៉ាងខ្លាំង រត់មករកម្តាយឱ្យជួយ ហើយភ្លាមៗនោះម្តាយបានចេញមកពិនិត្យ ឃើញហើយស្លុតចិត្តយ៉ាងខ្លាំង។
កូនស្រីបានឃើញម្ដាយហើយ ក៏បង្ហាញដៃម្ខាងរបស់នាងភ្លាមៗដែលមាន “កងពណ៌លឿង” នៅលើកដៃរបស់នាង។ ម្តាយបានឃើញច្បាស់ហើយ បង្ហាញអារម្មណ៍រន្ធត់ចិត្តខ្លាំង ព្រោះកដៃរបស់កូនស្រីត្រូវបាន “កងពណ៌លឿង” ជាច្រើន បានរឹបយ៉ាងតឹងណែន រហូតហើមសាច់ និងស្លាក់ដៃយ៉ាងខ្លាំង ដែលធ្វើឲ្យចរន្តឈាមមិនអាចឆ្លងកាត់ធម្មតាបាន បណ្តាលឱ្យមិនស្រួល និងឈឺចាប់ ដូច្នេះ នាងបានស្រែកហៅម្តាយឱ្យមកជួយតែម្តង។
ពេលឃើញស្នាមនៅកដៃកូនស្រី កំពុងប្រឈមនឹងគ្រោះថ្នាក់បែបនេះ ស្រ្តីជាម្តាយមិនកើតចិត្តខឹងឆេវឆាវទេ ព្រោះដឹងថាកូនស្រីនៅក្មេង។ ដូច្នេះ ម្តាយក៏បានប្រញាប់ប្រញាល់ទាញកងកៅស៊ូនីមួយៗចេញពីកដៃរបស់កូនស្រី។ បន្ទាប់មកលាបថ្នាំក្នុងបរិមាណនោះ ដើម្បីបំបាត់ការឡើងក្រហមនៃស្បែករបស់កុមារ។
តាមការពិត ស្ថានភាពនេះកើតឡើងចំពោះកុមារជាច្រើន។ ក្នុងករណីស្រាល វាបង្កផលប៉ះពាល់តិចតួចប៉ុណ្ណោះ ប៉ុន្តែប្រសិនបើខ្លាំងនោះ កុមារទំនងជាប្រឈមនឹងផលវិបាកធ្ងន់ធ្ងរពុំខាន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង