Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងទ័ពជនជាតិភាគតិច បន្ដវាយដណ្ដើមទីតាំងឈរជើង ពីរដ្ឋាភិបាលសឹកមីយ៉ាន់ម៉ា

រដ្ឋធានីណៃពិដោរ៖ ការបង្រ្កាបរបស់កម្លាំងរដ្ឋាភិបាលសឹកមីយ៉ាន់ម៉ា ក្រោយរដ្ឋប្រហារយោធា បណ្ដេញរដ្ឋាភិបាលស៊ីវិល ចេញពីអំណាច កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ រហូតមក បាននាំឲ្យប្រទេសមីយ៉ាន់ម៉ា ធ្លាក់ចូលទៅក្នុងវិបត្ដិកាន់តែធ្ងន់ធ្ងរឡើង ហើយរបបសឹកនៅក្នុងប្រទេសអាស៊ានមួយនេះ កំពុងប្រឈមមុខនឹងបញ្ហាដ៏ធំបំផុតរបស់ខ្លួន ព្រោះតែក្រុមឧទ្ទាម កំពុងតែបង្កើននូវការវាយប្រហារ លើសមរភូមិជាច្រើន នៅក្នុងពេលតែមួយ។

លោក ម៉ាតធូ អាណូលដ៍ (Matthew Arnold) ជាអ្នកវិភាគឯករាជ្យ ស្ដីពីមីយ៉ាន់ម៉ា បានអះអាង ថា ក្រុមចលនាប្រដាប់អាវុធ កំពុងតែផ្តោតយ៉ាងសំខាន់ ទៅលើការដណ្ដើមកាន់កាប់ទីក្រុងធំៗ ដើម្បីកម្ចាត់កងកម្លាំងរដ្ឋាភិបាល។

កងទ័ពជនជាតិភាគតិចរបស់មីយ៉ាន់ម៉ា បានចូលរួមកម្លាំង ដើម្បីប្រយុទ្ធតបវិញ ហើយបានបើកការវាយប្រហារទ្រង់ទ្រាយធំ ជាមួយនឹងការសម្របសម្រួលមិនធ្លាប់មានពីមុនមក ដោយបានដណ្ដើមកាន់កាប់ទីប្រជុំជនព្រំដែន ជាយុទ្ធសាស្ត្រ និង  ទីតាំងសំខាន់ៗ ផ្លូវយោធា និងឋផ្លូវពាណិជ្ជកម្មសំខាន់ៗ។

កងទ័ពចម្រុះ ចំនួន៣ក្រុម ដែលកំពុងតែតស៊ូប្រឆាំងនឹងរបបយោថា បានចាប់ផ្ដើមការវាយលុករបស់ពួកគេ ក្រោមឈ្មោះ ប្រតិបត្ដិការ ១០២៧ នៅភាគឦសានប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីចុងខែតុលា ឆ្នាំ២០២៣ រហូតមក បានវិវត្តទៅជាយុទ្ធនាការ នៅទូទាំងប្រទេសអាស៊ានមួយនេះ ដើម្បីទទួលបានការគ្រប់គ្រងលើខេត្ត ក្រុង និង តំបន់នៅភាគខាងជើង ខាងលិច ហើយតំបន់ជាច្រើនទៀត នៅភាគអាគ្នេយ៍នៃប្រទេសមីយ៉ាន់ម៉ា។

សង្គ្រាមស៊ីវិល រវាងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា និង កងទ័ពជនជាតិភាគតិចរបស់ប្រទេសអាស៊ានមួយនេះ បានកើតឡើង អស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកហើយ។ ប៉ុន្តែការកើនឡើងជម្លោះ កាន់តែខ្លាំងឡើង នាពេលនេះ បានកើតឡើង ក្រោយពេលចលនាតវ៉ា នៅទូទាំងប្រទេស ប្រឆាំងនឹងរដ្ឋប្រហារយោធា បានផ្ដួលរំលំរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ោង សានស៊ូជី (Aung San Suu Kyi) កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។

ចាប់តាំងពីរដ្ឋប្រហារយោធាបានផ្ទុះឡើងរួចមក ការប្រយុទ្ធគ្នា ក៏បានផ្ទុះឡើង ជារៀងរាល់ថ្ងៃ រវាងកងទ័ពរដ្ឋាភិបាល និង ក្រុមចលនាតស៊ូ ដែលគាំទ្រ«រដ្ឋាភិបាលរួបរួមជាតិ» ដែលនិរទេសខ្លួន ប្រឆាំងនឹងរបបយោធា។ យោធារដ្ឋាភិបាល បានវាយប្រហារតាមអាកាសជាបន្តបន្ទាប់ទៅលើគោលដៅនានា តាមអ្វីដែលរបបសឹកមួយនេះ ហៅក្រុមចលនាតស៊ូ ជា«ភេរវករ»។ សកម្មភាពបែបនេះ បានបានបណ្តាលឱ្យមានអ្នកស្លាប់ និង ររបួសរាប់សិបនាក់ ហើយ មនុស្សប្រហែល ២លាននាក់ផ្សេងទៀត បានរត់ចោលផ្ទះសម្បែង៕ រក្សាសិទ្ធដោយ ៖ សារាយSN

×