Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បងប្អូន​ប្រុសស្រី បែកគ្នា ២៧ ឆ្នាំ បាន​ជួបគ្នា​វិ​ញ ដោយសារ​បាន​គំរូ DNA ពី​ផ្នូរ​ឪពុក​ម្តាយ អាន​ខ្លឹមសារ​ហើយ​រំជួលចិត្ត!

កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧ កម្មវិធីទូរទស្សន៍ចិនមួយដែលមានឈ្មោះថា “Wait for Me” បានចាក់ផ្សាយរឿងដ៏ភ្ញាក់ផ្អើលរបស់ Wu Jiayu ជានារីវ័យក្មេងម្នាក់នៅខេត្ត Hubei ប្រទេសចិន និងប្អូនប្រុសរបស់នាង ដែលបងប្អូនប្រុសស្រីទាំងពីរបានបែកគ្នាអស់រយៈពេល ២៧ ឆ្នាំ។

យោងតាមកញ្ញា Wu Jiayu ប្អូនប្រុសរបស់នាងត្រូវបានចាប់ពង្រត់នៅស្ថានីយ៍រថភ្លើងនៅរដូវក្តៅឆ្នាំ ១៩៩០ នៅស្ថានីយ៍ Wuchang នៅពេលដែលរូបគេមានអាយុត្រឹមតែ ២ ឆ្នាំប៉ុណ្ណោះ។ ឪពុកម្តាយរបស់ Wu បានសម្រេចចិត្តបញ្ជូនកូនស្រី (Wu) ទៅជីដូនជីតារបស់នាង បានឈប់ពីការងារនៅក្នុងខេត្ត Shanxi ដើម្បីស្វែងរកកូនប្រុសរបស់ពួកគេ។

ពួក​គេ​បាន​ទៅ​ច្រើន​កន្លែង ប៉ុន្តែ​មិនអាចរកឃើញកូនប្រុសនោះទេ។ ម្ដាយ​របស់ Wu Jiayu គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​សរសេរ​ការ​ឈឺ​ចាប់​របស់ខ្លួន​នៅ​លើ​ទំព័រ​កំណត់​ហេតុ ដែលមានខ្លឹមសារគួរឲ្យរំជួលចិត្តថា «Yanyan ជាទីស្រឡាញ់របស់ម៉ាក់! ម៉ាក់តែងតែសុបិនឃើញកូន! ប៉ុន្តែ មិនដឹងថាកូននៅឯណា? ម៉ាក់នៅតែចាំ​មុខ ម៉ាក់​ច្បាស់​ជា​នឹង​រកកូន​ឃើញ! សូមឲ្យកូនប្រុសសុខសប្បាយណ៎ា!»។

ទោះជាយ៉ាងណា ដោយខិតព្យាយាមស្វែងរកកូនប្រុសអស់រយៈពេល ២ ឆ្នាំ ប៉ុន្តែមិនបានជោគជ័យ។ ប្តីប្រពន្ធ​មួយ​គូ​នេះ​ឈឺចាប់​ខ្លាំង ​រហូត​ទ្រាំ​មិន​បាន​ក៏​ធ្វើ​អត្តឃាត។

Wu JiaYu បាន​ក្លាយ​ជា​ក្មេង​កំព្រា​នៅ​អាយុ​៦​ឆ្នាំ។ នៅពេលនោះ ទោះបីជានាងនៅក្មេង ប៉ុន្តែនាងតែងតែដឹងថា ក្តីប្រាថ្នាធំបំផុតរបស់ឪពុកម្តាយនាង គឺស្វែងរកប្អូនប្រុសរបស់នាង។ នាង​រក្សា​កំណត់ហេតុ​ប្រចាំថ្ងៃ​របស់​ម្តាយ​នាង ហើយ​តាំងចិត្ត​បំពេញ​បំណង​ប្រាថ្នា​របស់​ពួកគេ​។

ក្នុងឆ្នាំ ២០១៥ Wu បានបង្ហោះព័ត៌មានអំពី DNA របស់នាងនៅលើគេហទំព័រផ្លូវការរបស់ភ្នាក់ងារសន្តិសុខ សម្រាប់សាច់ញាតិដែលបាត់បង់។

ក្នុងអំឡុងពេលប៉ុន្មានឆ្នាំនោះ ប្អូនប្រុសរបស់ Wu Jiayu បានប្តូរឈ្មោះទៅជា Lin Yihui បន្ទាប់ពីត្រូវបានគេនាំទៅខេត្ត Fujian ។ Lin Yihui តែងតែមានអារម្មណ៍ថា រូបគេ និងក្រុមគ្រួសារមានភាពខុសប្លែកគ្នាជាច្រើននៅក្នុងរូបរាង ដូច្នេះហើយ រូបគេក៏បានសម្រេចចិត្តបង្ហោះព័ត៌មាន DNA លើអ៊ីនធឺណិត ក្នុងពេលតែមួយជាមួយ Wu Jiayu ផងដែរ។

យោងតាមទីភ្នាក់ងារស្វែងរកសាច់ញាតិដែលបាត់ បានបង្ហាញថា DNA របស់ Wu និង Lin មានភាពស្រដៀងគ្នាជាច្រើន ប៉ុន្តែបច្ចេកវិទ្យាបច្ចុប្បន្នមិនទាន់អនុញ្ញាតឱ្យផ្តល់ព័ត៌មានត្រឹមត្រូវទេ ប្រសិនបើមានតែគំរូ DNA របស់បងប្អូនបង្កើតប៉ុណ្ណោះ ដែលត្រូវបានធ្វើតេស្ត។

ដោយសារឧបសគ្គបច្ចេកទេសនេះ កញ្ញា Wu ត្រូវ​តស៊ូ​ផ្លូវចិត្ត​ ហើយបានគិតថាតើ​វា​ចាំបាច់​ដើម្បី​យក DNA ពី​ឪពុកម្តាយ​ដែល​នាង​កប់​យូរ ​ឬ​អត់?​។

ទីបំផុត Wu បានស្នើឱ្យប៉ូលីស ដើម្បីគាស់ផ្នូរសពឪពុកម្តាយរបស់នាង ដើម្បីយកគំរូ DNA ។ លទ្ធផល​តេស្ត​បាន​បង្ហាញ​ថា Lin ជា​កូន​ប្រុស​ដែល​បាត់​ខ្លួន​ជា​យូរ​មក​ហើយ​នៃ​គ្រួសារ Wu ពិតប្រាកដមែន។

នៅក្នុងកម្មវិធីទូរទស្សន៍ “រង់ចាំខ្ញុំ” Wu បានចែករំលែកទាំងទឹកភ្នែកអំពីសុភមង្គលរបស់នាង នៅពេលដែលនាងបានរកឃើញប្អូនប្រុសរបស់នាងថា “ប្អូនប្រុសរបស់ខ្ញុំ! ទីបំផុតខ្ញុំបានរកឃើញប្អូនហើយ។ ខ្ញុំនឹងនាំប្អូនខ្ញុំទៅលេងផ្នូរឪពុកម្តាយរបស់យើង ហើយប្រាប់ពួកគេថា កូនប្រុសរបស់ម៉ាក់ប៉ាត្រឡប់​មក​វិញ​ហើយ ដូច្នេះ សូមម៉ាក់ប៉ា​សម្រាក​ដោយ​សេចក្ដី​ស្ងប់សុខចុះ កុំនៅវិលវល់មានការ​សោកស្ដាយទៀតអី!!»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×