Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ បរិយាប័ន្នហិរញ្ញវត្ថុ បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច និងកាត់បន្ថយវិសមភាពប្រទេស និងភាពក្រីក្រនៅកម្ពុជា

ភ្នំពេញ៖ បរិយាប័ន្ន សំដៅដល់ការលើកកម្ពស់ស្ថានភាពរបស់បុគ្គល និង ក្រុមនានាក្នុងការចូលរួម និងការទទួលផលពីសកម្មភាពនានា របស់សង្គមដោយមិនរើសអើង។

បរិយាប័ន្ន មានគោលបំណងផ្តល់នូវសិទ្ធិដល់ក្រុមផ្សេងៗគ្នា ជាពិសេសស្រ្តី កុមារ ជនក្រីក្រ ជនពិការ ជនជាតិដើមភាគតិច និងក្រុមជនងាយរងគ្រោះផ្សេងទៀត ឱ្យទទួលបាននូវឱកាសសមស្រប ព្រមទាំងធានាថា មតិយោបល់ និងការយល់ឃើញនានារបស់ក្រុមទាំងនោះត្រូវបានយកមកពិចារណាសម្រាប់ការធ្វើសេចក្តីសម្រេចចិត្ត ដែលប៉ះពាល់ដល់ជីវភាពរស់នៅ របស់ពួកគេ ក៏ដូចជាដើម្បីធានាឱ្យពួកគេទទួលបាន និងប្រើប្រាស់ ដោយស្មើភាពនូវផលប្រយោជន៍ពីការផ្តល់សេវា ការអភិវឌ្ឍមូលដ្ឋាន និងលក្ខខណ្ឌនានាផ្នែកសង្គម នយោបាយ និងរូបវន្ត។

ធនាគារជាតិនៃកម្ពុជា បាន និងកំពុងដាក់ចេញកម្មវិធីលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងហិរញ្ញវត្ថុឌីជីថលជាច្រើន ដើម្បីបញ្ជ្រាបការយល់ដឹងនៃវិស័យនេះ ដល់ប្រជាជនកាន់តែទូលំទូលាយ ក្នុងទិសដៅជំរុញការប្រើប្រាស់សេវាហិរញ្ញវត្ថុប្រកបដោយគុណភាព និងបរិយាប័ន្ន នៅក្នុងយុគសម័យឌីជីថលភាវូបនីយកម្ម គ្រាដែលបច្ចេកវិទ្យាហិរញ្ញវត្ថុ កំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។

លោកជំទាវ ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍លើកឡើងថា ឧស្សាហកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជា។

ដោយឡែក ឯកឧត្តម យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា ក្នុងកម្មពិធីដំណើរទស្សនកិច្ចសិក្សាស្តីពីបរិយាប័ន្នហិរញ្ញវត្ថុ ដែលរៀបចំឡើងដោយធនាគារជាតិ សហការជាមួយគណៈកម្មការសេដ្ឋកិច្ច និងសង្គមប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ESCAP) បានថ្លែងថា បរិយាប័ន្នហិរញ្ញវត្ថុ បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច និងកាត់បន្ថយវិសមភាពប្រទេស និងភាពក្រីក្រនៅកម្ពុជា។ យុទ្ធសាស្ត្របរិយាប័ន្នហិរញ្ញវត្ថុជាតិ ២០១៩-២០២៥ (NFIS) ត្រូវបានរៀបចំឡើងដើម្បីកំណត់សកម្មភាព និងផែនការសកម្មភាពអាទិភាពច្បាស់លាស់ ដើម្បីបង្កើនលទ្ធភាពទទួលបាន និងការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការប្រកបដោយគុណភាពពីប្រជាជនដែលមិនបានបម្រើ ឬមិនបានទទួលសេវា។

ឯកឧត្តម បានលើកឡើងថា ដើម្បីជំរុញការបង្កើតថ្មីផ្នែកហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា ក៏បានធ្វើទំនើបកម្ម និងហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុឌីជីថល ជាពិសេសប្រព័ន្ធទូទាត់ ដែលចាំបាច់សម្រាប់ជីវិតប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា។ ដោយធនាគារជាតិនៃកម្ពុជា បានបង្កើតហេដ្ឋារចនាសម្ព័ន្ធទូទាត់ផ្សេងៗដូចជា ប្រព័ន្ធទូទាត់ជាតិ ការទូទាត់រហ័ស ការទូទាត់លក់រាយ ប្រព័ន្ធខេមបូឌានស៊ែស្វីច (CSS) និងប្រព័ន្ធបាគង ជាដើម។

គួរបញ្ជាក់ថា ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឲ្យអនុវត្តជាផ្លូវការនូវ «គោលនយោបាយអភិវឌ្ឍន៍បច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨» សម្រាប់ជាមគ្គទេសក៍ក្នុងការជំរុញការប្រើប្រាស់បច្ចេកវិទ្យា ក្នុងវិស័យហិរញ្ញវត្ថុ ដែលត្រូវបានហៅកាត់ថា៖ «បច្ចេកវិទ្យាហិរញ្ញវត្ថុ-FinTech» សំដៅចូលរួមលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ, រក្សាស្ថិរភាពវិស័យហិរញ្ញវត្ថុ និងជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ៕

×