ទង្វើជាគំរូដ៏ប្រពៃរបស់បុរសអ្នកនេសាទម្នាក់ ដែលស្ម័គ្រចិត្តព្រលែង «ត្រីគល់រាំង» ដ៏ធំមួយក្បាល ចូលទៅក្នុងទឹកបឹងធម្មជាតិវិញ ដើម្បីចូលរួមអភិរក្សពូជប្រភេទត្រីជិតផុតពូជ ទទួលបានការកោតសរសើរពីមហាជនជាច្រើន នៅលើបណ្តាញសង្គម។
នេះបើយោងតាមប្រភពពី រដ្ឋបាលជលផល បានឱ្យដឹងកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះថា លោក ឆេង ឃា នៅភូមិក្រងផ្តិល ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បាននេសាទបានត្រីគល់រាំង១ក្បាល ទម្ងន់៨,៥០គីឡូក្រាម និងមានប្រវែង០,៦ម៉ែត្រ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ ប៉ុន្តែ អ្នកនេសាទរូបនេះពុំបានយកធ្វើម្ហូប ឬលក់ដូរនោះទេ ដោយគាត់បានស្ម័គ្រចិត្តព្រលែងវាចូលក្នុងដែនទឹកធម្មជាតិបឹងទន្លេសាបវិញ ដែលសកម្មភាពនេះគឺជាគំរូដ៏ប្រពៃមួយ ក្នុងការចូលរួមអភិរក្សប្រភេទត្រីជិតផុតពូជ។
យ៉ាងណាមិញ ទន្ទឹមនឹងសកម្មភាពលែងត្រីគល់រាំង១ក្បាលនោះ ចូលទៅក្នុងទឹកបឹងវិញ បុរសអ្នកនេសាទខាងលើ ក៏បានជូនពរឲ្យត្រីនេះ ទៅវិញឲ្យបានសុខ និងក៏សូមសំណូមពរដល់ប្រជានេសាទទាំងអស់ ដែលជួបប្រទះនឹងត្រីជិតពូជបែបនេះ សូមមានចិត្តដោះលែងវាវិញទៅ ដើម្បីឲ្យកូនខ្មែរជំនាន់ក្រោយបានឃើញផង។
គួរបញ្ជាក់ផងដែរថា ទង្វើនិងសកម្មភាពដ៏ប្រពៃរបស់លោក ឆេង ឃា មិនត្រឹមតែបានធ្វើឱ្យមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម កោតសរសើរប៉ុណ្ណោះទេ តែក៏បានធ្វើឱ្យរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានការពេញចិត្តផងដែរ រហូតបានចេញលិខិតសរសើរមួយជូនទៅដល់អ្នកនេសាទរូបនេះថែមទៀតផង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង