ខេត្តកែប ៖ នៅល្ងាច ថ្ងៃសៅរ៍ ទី២ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទស្សនាស្តង់ពិព័រណ៍ របស់ក្រសួង ស្ថាប័ន និងក្រុមហ៊ុនឯកជនដែលបានរៀបចំតាំងបង្ហាញសមិទ្ធផល ផផលិតផល និងសេវាកម្មផ្សេងៗរបស់ខ្លួន ក្នុងពិធីបុណ្យសមុទ្រលើកទី ១០ នៅទីក្រុងកែប ខេត្តកែប។
ពិធីបុណ្យសមុទ្រ លើកទី១០ នេះ ក្រោមប្រធានបទ “ទាំងអស់គ្នាដើម្បីទេសចរណ៍” បុណ្យសមុទ្រ បាននឹងកំពុងធ្វើឡើងចាប់ពីថ្ងៃទី១ ដល់ ៣ ខែធ្នូ ឆ្នាំ២០២៣ នៅតាមបណ្តាទីតាំងសំខាន់ៗនាទីក្រុងកែប ខេត្តកែប។
សម្តេចមហាបវរធិបតី បានមានប្រសាសន៍ថា ល្ងាចនេះបានមកជួបបងប្អូន ពូមីង តាយាយដែលជាតំណាងក្រសួង ស្ថាប័ន និងក្រុមហ៊ុនឯកជនដែលបានរៀបចំតាំងបង្ហាញសមិទ្ធផល ផលិតផល ឬសេវាកម្មផ្សេងៗរបស់ខ្លួន ក្នុងពិធីបុណ្យសមុទ្រលើកទី ១០ នៅទីក្រុងកែប ខេត្តកែប។
ក្រសួងទេសចរណ៍ បានប្រកាសថា នាថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ ពិធីកាត់ខ្សែបូរបើកពិធីបុណ្យសមុទ្រលើទី១០ជាផ្លូវការ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ សមាជិករាជរដ្ឋាភិបាល សមាជិករដ្ឋសភា ព្រឹទ្ធសភា ក្រុមប្រឹក្សាធម្មនុញ្ញ អង្គទូតអន្តរជាតិប្រចាំកម្ពុជា អង្គការជាតិ-អន្តរជាតិ អភិបាលនៃគណៈអភិបាលគ្រប់រាជធានី-ខេត្ត ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួងទេសចរណ៍ ផ្នែកឯកជន សហភាពសហព័ន្ធយុវជនកម្ពុជា មន្ត្រីរាជការ និងសមត្ថកិច្ចខេត្តកែប សហព័ន្ធទេសចរណ៍កម្ពុជា សមាគមទេសចរណ៍ យុវជនកាយឫទ្ធិ យុវជនកាកបាទក្រហម ភ្ញៀវទេសចរអន្តរជាតិ និងមហាជនសរុបទាំងអស់៣០០០នាក់។
ពិធីបុណ្យសមុទ្រលើកទី១០ នៅខេត្តកែប បានប្រព្រឹត្តទៅរយៈពេល២ថ្ងៃហើយ ក្រោមទិដ្ឋភាពសប្បាយរីករាយកុះករ ប៉ុន្តែនៅសល់១ថ្ងៃទៀតដែលប្រជាពលរដ្ឋ និងភ្ញៀវទេសចរអាចបន្តការទស្សនាកម្សាន្តរបស់ខ្លួន ខណៈពិធីបិទបុណ្យសមុទ្រនេះនឹងធ្វើឡើងនាវេលាម៉ោង៤ល្ងាច ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ ស្អែកនេះហើយ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី