ថ្មីៗនេះ បុរសម្នាក់បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានម៉ៅទិញដុំមាសដ៏ថ្លៃទាំងអស់នៅក្នុងហាង ប្រៀបដូចទិញបន្លែ ប៉ុន្តែ បុគ្គលិកឃើញសញ្ញាមិនប្រក្រតីបែបនេះ ក៏រាយការណ៍ទៅប៉ូលិសភ្លាមៗ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងតំបន់ Wangjing ទីក្រុងប៉េកាំង ដែលធ្វើឱ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើល និងមិនគួរជឿថានេះជាការពិត។
យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយចិន Hongxing Shinwon នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ដំបូងឡើយ នៅពេលដែលស្រ្តីជាបុគ្គលិកហាងឃើញបុរសដែលទើបតែចូលមក និងសម្តែងបំណងចង់ទិញដុំមាស បុគ្គលិកស្រីពិតជាសប្បាយចិត្តយ៉ាងខ្លាំង ដោយគិតថាបានជួប «អតិថិជនល្អ» ហើយ។ ទោះជាយ៉ាងណា នៅពេលដែលនាងឃើញបុរសរូបនោះ «ទិញមាសដូចទិញបន្លែ» ដោយនឹងប្រមូលយកដុំមាសទាំងអស់ ធ្វើឲ្យនាងភ្ញាក់ផ្អើលជាខ្លាំង។ ទោះជាយ៉ាងណា ដោយឃើញអតិថិជនចម្លែកនោះមកទិញមាសដ៏មិនធម្មតា បុគ្គលិកស្រីបានរង់ចាំបុរសនោះចេញបន្ទាប់ពីបង់ប្រាក់ រួចក៏ទូរស័ព្ទទៅប៉ូលីសតែម្តង។
ប៉ូលិសបានមកដល់ភ្លាមៗ ហើយពួកគេបានចាប់ផ្តើមធ្វើការ ស៊ើបអង្កេត ព័ត៌មានរបស់ភ្ញៀវម្នាក់នេះ។ ក្នុងការស៊ើបអង្កេតពួកគេ បានរកឃើញសញ្ញាគួរឱ្យសង្ស័យជាច្រើន។
តាមស្ថិតិបានឲ្យដឹងថា ក្នុងពេលតែមួយព្រឹក បុរសរូបនេះបានដើរកាត់ហាងមាសចំនួន ១០ នៅតំបន់ Wangjing។ នៅហាងមាសធំៗចំនួនពីរ បុរសរូបនេះបានទិញដុំមាសជាង ២០០ ដុំ (ប្រហែល ៨ គីឡូក្រាម) ក្នុងតម្លៃសរុបរហូតដល់ ៤ លានយន់ (ស្មើនឹងប្រហែលជាង ៥ សែនដុល្លារ)។ រាល់វិក្កយបត្រទិញមាសទាំងអស់ត្រូវបានបង់ដោយ e-wallet។
ទោះជាយ៉ាងណា ការ “ទិញមាសដូចទិញបន្លែ” ជាមួយការចំណាយប្រាក់យ៉ាងច្រើនបែបនេះតាមរយៈ e-wallet គឺធ្វើឱ្យបុគ្គលិកហាងមាសមានអារម្មណ៍មិនធម្មតា។ ជាធម្មតា ជាមួយនឹងបរិមាណមាសដ៏ច្រើនបែបនេះ អ្នកទិញនឹងផ្ទេរប្រាក់តាមរយៈធនាគារ ដើម្បីធានាសុវត្ថិភាពក្នុងអំឡុងពេលដំណើរការទូទាត់។ ប៉ុន្តែ បុរសចម្លែករូបនេះ មិនបានខ្វល់ពីបញ្ហានេះទាល់តែសោះ។
តាមរយៈការស៊ើបអង្កេត ប៉ូលិសបានឲ្យដឹងថា បុរសរូបនេះមិនអាចបញ្ជាក់ពីប្រភព នៃលុយនៅលើកាបូបអេ ឡិចត្រូនិករបស់គាត់បានឡើយ។ យោងតាមការប៉ាន់ស្មានរបស់អាជ្ញាធរ វាទំនងជា “លុយខ្មៅ” ដែលទទួលបានពីការក្លែងបន្លំទ្រព្យសម្បត្តិខុសច្បាប់តាមរយៈអ៊ីនធឺណេត។
ករណីនេះកំពុងស្ថិតក្រោមការស៊ើបអង្កេត និង បំភ្លឺរបស់អាជ្ញាធរនៅពេលក្រោយ ខណៈលទ្ធផលពុំទាន់ដឹងច្បាស់ នៅឡើយ ទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង