Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រីវ័យចំណាស់ម្នាក់អះអាងថា រស់បានដោយសារទឹក និងភេសជ្ជៈ អស់រយៈពេល ៥០ ឆ្នាំ

ស្ត្រីជនជាតិវៀតណាមអាយុ ៧៥ ឆ្នាំម្នាក់ បានអះអាងថា គាត់មិនបានញ៉ាំអាហាររឹងណាមួយក្នុងរយៈពេល ៥០ ឆ្នាំ មកនេះទេ ប៉ុន្តែផ្ទុយទៅវិញ គាត់រស់បានតែទឹក និងភេសជ្ជៈដែលមានជាតិស្ករប៉ុណ្ណោះ។

អ្នកស្រី Bui Thi Loi មកពីឃុំ Loc Ninh ក្នុងខេត្ត Quang Binh ប្រទេសវៀតណាម មើលទៅមានរូបរាងដ៏អស្ចារ្យសម្រាប់អាយុរបស់គាត់ ហើយរបបអាហាររបស់គាត់ធ្វើឲ្យមនុស្សជាច្រើនកាន់តែភ្ញាក់ផ្អើល។ ស្ត្រី​ចំណាស់​រូប​នេះ​បានអះអាង​ថា គាត់​រស់នៅតែ​លើ​ទឹក និងហូបតែ​ភេសជ្ជៈ ​អស់​រយៈពេល​កន្លះ​សតវត្ស​មក​ហើយៗ ​គាត់​មិន​ដែល​ចង់​ញ៉ាំ​អាហារ​រឹង​ឡើយ។ អ្វីៗទាំងអស់បានចាប់ផ្តើមនៅឆ្នាំ១៩៦៣ នៅពេលដែលគាត់ត្រូវបានរន្ទះបាញ់ ខណៈពេលដែលគាត់ និងស្ត្រីផ្សេងទៀត កំពុងឡើងលើភ្នំដើម្បីព្យាបាលទាហានដែលរងរបួសក្នុងអំឡុងពេលសង្រ្គាម។ គាត់​បាន​សន្លប់ ហើយ​ទោះបីជា​គាត់​នៅ​មាន​ជីវិត​ក៏​ដោយ ក៏គាត់​មិន​ដូច​មុន​ដែរ​។ គាត់​មិន​បាន​ញ៉ាំ​អ្វី​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​ដឹង​ខ្លួន ដូច្នេះ​មិត្ត​ភក្តិ​របស់គាត់​ក៏​ចាប់​ផ្ដើម​ផ្តល់​ទឹក​ផ្អែម​ដល់​គាត់។

ប៉ុន្មាន​ឆ្នាំ​ក្រោយ​ហេតុការណ៍​រន្ទះបាញ់ អ្នកស្រី Bui Thi Loi បានបន្តញ៉ាំអាហាររឹងមួយចំនួន ភាគច្រើនជាផ្លែឈើ ខណៈក្រុមគ្រួសារ និងមិត្តភ័ក្តិរបស់គាត់ញ៉ាំអាហារ ប៉ុន្តែគាត់ពិតជាមិនដែលមានអារម្មណ៍ថាត្រូវការអាហារដូចពួកគេទេ។ នៅឆ្នាំ ១៩៧០ អ្នកស្រី Thi Loi បានជៀសវាងអាហាររឹង ដោយពឹងផ្អែកតែលើទឹក និងភេសជ្ជៈសម្រាប់ផ្គត់ផ្គង់សរីរាង្គកាយប៉ុណ្ណោះ។ ទូរទឹកកករបស់គាត់ពោរពេញទៅដោយដបទឹក និងភេសជ្ជៈដែលមានជាតិស្ករ។

ស្ត្រីវ័យ ៧៥ ឆ្នាំរូបនេះបានអះអាងថា ក្លិនអាហារតែងតែធ្វើឱ្យចង់ក្អួត ហើយបីទោះជាគាត់ធ្វើម្ហូបឱ្យកូនៗនៅពេលពួកគេធំឡើងក៏ដោយ ប៉ុន្តែគាត់ពិតជាមិនដែលញ៉ាំអាហារខ្លួនឯងនោះទេ។ គួរឱ្យចាប់អារម្មណ៍ ដោយសារតែរបបអាហារចម្លែករបស់គាត់ អ្នកស្រី Thi Loi មិនអាចបំបៅកូនដោយទឹកដោះម្តាយបានឡើយ ហើយត្រូវសុំទឹកដោះគោពីអ្នកដទៃ។

ទាក់ទងករណីនេះ វេជ្ជបណ្ឌិតមកពីនាយកដ្ឋានអាហារូបត្ថម្ភនៅមន្ទីរពេទ្យមិត្តភាពវៀតណាម-គុយបា ក្នុងទីក្រុង Dong Hoi បានឲ្យដឹងថា ភេសជ្ជៈដែលមានជាតិស្ករជួយបំពេញថាមពលរាងកាយយ៉ាងឆាប់រហ័សក្នុងគ្រាមានតម្រូវការ និងជួយដល់ដំណើរការនៃប្រព័ន្ធរំលាយអាហាររបស់រាងកាយផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ពួកគេសង្កត់ធ្ងន់ថា ភេសជ្ជៈអាចមានគ្រោះថ្នាក់ដល់សុខភាពមនុស្ស ហើយអាចនាំឱ្យមានបញ្ហាដូចជា ធាត់ ទឹកនោមផ្អែម លើសឈាម និងជំងឺសរសៃឈាមបេះដូងជាដើម ប៉ុន្តែ ករណីរបស់អ្នកស្រី Thi Loi ពិតជាមិនធម្មតា និងស្ទើរតែមិនគួរឲ្យជឿសម្រាប់របបអាហារមួយនេះរបស់គាត់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×