ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ប៉ែន បូណា ៖ គ្រប់គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺដើម្បីលើកកម្ពស់សិទ្ធិមនុស្ស នៅកម្ពុជា

ភ្នំពេញ ៖ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ នេះ បានអញ្ជើញចូលរួមជាវាគ្មិន ក្នុង «កិច្ចសន្ទនាស្តីពីសិទ្ធិមនុស្សនៅកម្ពុជា៖ បញ្ហាប្រឈមនិងមាគ៌ាឆ្ពោះទៅមុខ»។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមអ្នកនាំពាក្យរាជរដ្ឋាភិបាល បានរំលេចអំពីកម្មវិធីនយោបាយអាទិភាព៦ចំណុច របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដែលត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាបន្តបន្ទាប់ និងជាកម្មវិធីគោលនយោបាយ គាំពារពលរដ្ឋក្រីក្រនិងងាយរងហានីភ័យ ដើម្បីឱ្យពួកគាត់មានជីវភាពធូរធា ឈានទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់។ នេះហើយជាការលើកកម្ពស់សិទ្ធិមនុស្សពិតប្រាកដ។ ឯកឧត្តមបញ្ជាក់ទៀតថា តាំងពីការដាក់ចេញយុទ្ធសាស្ត្រត្រីកោណ ចតុកោណ រហូតដល់បញ្ចកោណ សុទ្ធសឹងតែជាការលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា។

អ្នកនាំពាក្យរាជរដ្ឋាភិបាល ក៏បានគូសរំលេចអំពីការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋដោយទទួលយក សំណូមពររបស់ពួកគេទៅដោះស្រាយ គ្រប់បញ្ហាមិនថាសំណូមពរនោះ ធ្វើឡើងតាមហ្វេសប៊ុក តាមការដាក់លិខិត ឬតាមវេទិកាសាធារណៈនានានោះឡើយ។ ជាចុងក្រោយ ឯកឧត្តម ប៉ែន បូណា សំណូមពរឱ្យអង្គការសង្គមស៊ីវិលនានា វាយតម្លៃស្ថានការណ៍សិទ្ធិមនុស្ស ប្រជាធិបតេយ្យ សេរីភាពបញ្ចេញមតិ ឬសេរីភាពសារព័ត៌មាន នៅកម្ពុជាដោយផ្អែកលើបរិបទកម្ពុជា គឺមិនមែនយកស្តង់ដារលោកខាងលិច មកធ្វើជាខ្នាតវាស់នោះឡើយ។

សូមបញ្ជាក់ថា កិច្ចពិភាក្សានេះ ធ្វើឡើងនៅឯសណ្ឋាគារ Raffles Hotel Le Royal រៀបចំដោយវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID) ដោយមានការគាំទ្រពីគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ដើម្បីអបអរសាទរខួបទី៧៥ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ឆ្នាំ២០២៣។ កិច្ចសន្ទនានេះ មានការចូលរួមពីវាគ្មិនប្រមាណជា ៥០ រូប តំណាងទីភ្នាក់ងាររាជរដ្ឋាភិបាល មន្ត្រីអង្គការសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល មន្ត្រីសិទ្ធិមនុស្ស និងតំណាងយុវជនជាដើម៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម