ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និង ឯកឧត្តមហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អញ្ជើញជាគណៈអធិបតីក្នុងសន្និសីទសារព័ត៌មាន ស្តីពី ការប្រលងជ្រើសរើសមន្ត្រីកសិកម្មឃុំ-សង្កាត់ ឆ្នាំ២០២៣ នាថ្ងៃទី៤ខែធ្នូឆ្នាំ២០២៣ ទីស្រីកាក្រសួងកសិកម្ម។
ឯកឧត្តមហ៊ុន ម៉ានី បានថ្លែងថា លទ្ធផលបឋមនៃការដាក់ពាក្យចុះឈ្មោះចូលប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ បានបង្ហាញពីការចូលរួមរបស់សំណាក់បេក្ខជន និងសាធារណជន យ៉ាងច្រើនកុះករក្នុងស្មារតី តម្លាភាព និងយុត្តិធម៌។ លទ្ធផលនេះបានបង្ហាញពីសញ្ញាណជាវិជ្ជមានមួយនៃចាប់ផ្តើមបេសកកម្មយ៉ាងស្វាហាប់ឆ្ពោះទៅកាន់ការកែលម្អការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ព្រមទាំងបានឆ្លើយតបតាមទស្សនវិស័យដឹកនាំដ៏មានថាមពលរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ គឺការដាក់ឱ្យអនុវត្តប្រព័ន្ធជ្រើសរើសមន្រ្តីផ្អែកលើគោលការណ៍ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ។

ចាប់តាំងពីដំណាក់កាលនៃការផ្សព្វផ្សាយ ទាំងការដាក់ពាក្យ ទាំងការរៀបចំនីតិវិធីនានាសម្រាប់ដំណើរការជ្រើសរើស ប្រឡង និងកំណែប្រឡង សុទ្ធតែត្រូវបានឆ្លងកាត់ការពិភាក្សា និងការគិតគូរពិចារណាយ៉ាងហ្មត់ចត់បំផុតដោយគណៈកម្មការជំនាញអន្តរក្រសួង ធ្វើយ៉ាងណាធានាដល់ការរៀបចំប្រព័ន្ធជ្រើសរើសមួយដែលផ្តល់ឱកាសស្មើៗគ្នា មានតម្លាភាព មានយុត្តិធម៌ និងផ្អែកលើសមត្ថភាពពិតប្រាកដ។
ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា សន្និសីទសារព័ត៌មានដែលធ្វើឡើងនាថ្ងៃនេះ អាចនិយាយបានថា គឺជាការផ្សព្វផ្សាយលម្អិតជាលើកដំបូងលើវិធានការគន្លឹះនៃការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រីរាជការ នៃរាជរដ្ឋាភិបាលអាណត្តិទី៧។ ក្នុងន័យនេះ គណៈកម្មការរៀបចំការប្រឡងសូមលើកទឹកចិត្តឱ្យមានការចូលរួមតាមដានជាប្រចាំទាំងអស់គ្នាលើដំណើរការនៃការប្រឡងក្នុងឆន្ទៈពិតប្រាកដចំពោះការកែទម្រង់រដ្ឋបាលសាធារណៈ និងសូមស្វាគមន៍រាល់មតិចូលរួមដើម្បីស្ថាបនាជាវិជ្ជមាន។

“ខ្ញុំសូមយកឱកាសនេះ អរគុណដល់ប្រជាពលរដ្ឋដែលបានជឿទុកចិត្តលើរាជរដ្ឋាភិបាល និងគោលនយោបាយរបស់រាជរដ្ឋាភិបាល (ដែលប្រសូត្រចេញពីគណបក្សប្រជាជនកម្ពុជា) មិនថាគោលនយោបាយពង្រាយមន្ត្រីកសិកម្ម គោលនយោបាយកំណែទម្រង់រដ្ឋបាលសាធារណៈ ឬគោលនយោបាយផ្សេងៗទៀតនោះទេ។ ដូចគ្នានេះ ខ្ញុំក៏សូមអរគុណដល់ក្រុមការងារទាំងអស់នៃក្រសួងមុខងារសាធារណៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងអង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងភាគីពាក់ព័ន្ធដទៃទៀត ដែលបានចូលរួមសហការធ្វើឱ្យការងារនេះទទួលបានការសាទរយ៉ាងគគ្រឹកគគ្រេងពីសំណាក់ប្រជាពលរដ្ឋ ហើយសូមជូនពរដល់បេក្ខជនទាំងអស់ដែលត្រៀមខ្លួនសម្រាប់ការប្រឡងនាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខឱ្យទទួលបានលទ្ធផលជាទីគាប់ប្រសើរគ្រប់ៗគ្នា” ឯកឧត្តមហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបញ្ជាក់យ៉ាងដូច្នេះ។
នៅក្នុងកម្មវិធីសន្និសីទសារព័ត៌មាន ស្តីពីការប្រឡងជ្រើសរើសមន្ដ្រីកសិកម្មឃុំ នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣នេះឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានថ្លែងថា ក្នុងការប្រឡងប្រជែងជ្រើសរើសមន្រ្តីកសិកម្ម ក្រសួងចង់ឱ្យអ្នកនៅមូលដ្ឋានឃុំ ហើយមានជំនាញកសិកម្មដាក់ពាក្យប្រឡងប្រជែង ធ្វើជាមន្រ្តីកសិកម្មប្រចាំឃុំរបស់ខ្លួនផ្ទាល់តែម្តង ដើម្បីអាចបំពេញការងារបានយូរដោយការស្រឡាញ់ ជាជាងអ្នកពីខេត្តផ្សេងទៅបំពេញ ដែលមិនបានស្គាល់ភូមិសាស្រ្ត។

ឯកឧត្តមឌិត ទីណា បានលើកឡើងថា ក្នុងកាលៈទេសៈនេះ អាចនឹងមានអ្នកចង់ធ្វើជាមន្រ្តីរាជការ ឬមន្រ្តីកសិកម្មច្រើន ប៉ុន្តែពេលទៅធ្វើការនៅក្នុងឃុំណាមួយ ជាក់ស្តែងមានភាពលំបាក ឬមិនអាចតស៊ូបាន នោះនឹងធ្វើឱ្យពួកគេងាយឱ្យពួកគេបោះបង់ និងលាលែងចេញការងារមួយនេះ។ ហេតុហើយក្រសួងកសិកម្ម ជំរុញ និងលើកទឹកចិត្ត ដល់អ្នកនៅក្នុងមូលដ្ឋានឃុំនោះ ដាក់ពាក្យប្រឡងប្រជែង ក្នុងការជ្រើសរើសនេះ ព្រោះពួកគាត់បានដឹងភូមិសាស្រ្តភូមិឃុំរបស់ខ្លួនច្បាស់លាស់ ព្រមទាំងស្រលាញ់ និងចង់អភិវឌ្ឍន៍ឃុំរបស់ខ្លួន ឱ្យរីកចម្រើន ជាជាងឱ្យអ្នកដែលទៅពីខេត្តផ្សេង ឬពីភ្នំពេញទៅកាន់ការងារ ដែលមិនស្គាល់អ្វីសោះពីឃុំនោះ។ រាជរដ្ឋាភិបាលតាមរយៈក្រសួងកសិកម្ម និងក្រសួងមុខងារសាធារណៈ បានធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយពីមូលដ្ឋានឃុំ ដែលមន្រ្តីកសិកម្មថ្មីទាំងនោះ នឹងត្រូវទៅបំពេញការងារ ដើម្បីឱ្យពួកគេសម្រេចចិត្តឱ្យបានច្បាស់លាស់។
ឯកឧត្តម បន្ថែមថា «ជាទូទៅយើងចង់ឱ្យមានអ្នកជើងជាប់ដីនៅឃុំហ្នឹង ស្គាល់ឃុំហ្នឹង ស្រលាញ់ឃុំហ្នឹង គាត់ទៅឃុំហ្នឹង វាប្រាកដជានៅបានយូរ ជាងអ្នកថ្មី ទៅពីភ្នំពេញឬពីខេត្តមួយផ្សេង ស្រាប់តែទៅនៅឃុំដាច់ស្រយ៉ាល ដែលគាត់មិនដែលដឹងពីស្ថានភាព ភូមិសាស្រ្តអីសោះក៏ជាការលំបាកដែរ។ អ៊ីចឹងនៅក្នុងការផ្សព្វផ្សាយរបស់យើង យើងបានកំណត់ហើយ ១៧ខេត្ត ប៉ុន្មានស្រុក ឃុំណាខ្លះហើយគាត់ចាប់អារម្មណ៍នៅខេត្តណា នៅឃុំស្រុកណា គឺគាត់ដាក់បាន»។

បើតាមរដ្ឋមន្រ្តីក្រសួងកសិកម្ម ក្រសួងបានកំណត់ឃុំ១៥៥២ គឺជាឃុំដែលមានសកម្មភាពកសិកម្ម ដោយគ្រោងជ្រើសរើសមន្រ្តីប្រមាណ ១៦០០នាក់។ ក្នុងដំណាក់កាលទី១នេះ នឹងជ្រើសរើសចំនួន ២៥០នាក់ដាក់ពង្រាយ នៅឃុំចំនួន២៥០ក្នុងខេត្តចំនួន១៧។ មន្រ្តីកសិកម្មឃុំ ត្រូវសហការជាមួយមន្ដ្រីនៅមូលដ្ឋានទាំងអស់ រួមមានអាជ្ញាធរឃុំសង្កាត់ មន្រ្តីកសិកម្មស្រុកឬមន្ទីរកសិកម្មនៅតាមខេត្តនីមួយៗ ដើម្បីក្ដាប់ព័ត៌មានឲ្យបានគ្រប់ ហើយដោះស្រាយបញ្ហាភ្លាមៗ ឱ្យទាន់ពេលវេលាជូនពលរដ្ឋ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួង ការជ្រើសរើសមន្ត្រីនៅឆ្នាំ ២០២៣ សម្រាប់ខេត្តអាទិភាពទាំង១៧ រួមមាន ខេត្តតាកែវ កំពង់ស្ពឺ កំពង់ធំ សៀមរាប បន្ទាយមានជ័យ កំពង់ចាម កំពង់ឆ្នាំង បាត់ដំបង កំពត ពោធិ៍សាត់ ព្រៃវែង ព្រះវិហារ ត្បូងឃ្មុំ ស្វាយរៀង ឧត្តរមានជ័យ កណ្តាល និងខេត្តមណ្ឌលគិរី៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី









