ភ្នំពេញ ៖ ព្រឹកថ្ងៃអង្គារ ទី៥ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “គោលការណ៍ណែនាំស្ដីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និង គោលការណ៍ណែនាំស្ដីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន ”ដែលរៀបចំឡើងនៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលការណ៍របស់រាជរដ្ឋាភិបាល គឺមិនទុកនរណាម្នាក់ចោល ដោយមិនបានយកចិត្តទុកដាក់នោះទេ។ រាជរដ្ឋាភិបាលបុរេសកម្ម មិនមែនធ្វើសកម្មភាពតែពេលល្អ ហើយពេលលំបាកទុកពលរដ្ឋចោលនោះទេ។ នយោបាយអាទិភាពទាំង៦ ដែលរាជរដ្ឋាភិបាលនីតិកាលទី៧ដាក់ចេញ ត្រូវបានដាក់ឱ្យអនុវត្តន៍អស់ហើយ ក្នុងរយៈពេលត្រឹមជាង៣ខែ។ គោលនយោបាយជាតិគាំពារសង្គមដែលដាក់ឱ្យអនុវត្តន៍ គឺជាការចាំបាច់ ដើម្បីធានានូវប្រសិទ្ធភាពរយៈពេលវែង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីសម្រេចបានចក្ខុវិស័យប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នា២០៥០ គឺរាជរដ្ឋាភិបាលនៅតែផ្តោតលើមនុស្សជាចម្បង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្មវិធីជាតិជំនួយសង្គមនឹងត្រូវអនុវត្តន៍ក្នុងកញ្ចប់គ្រួសារ នឹងត្រូវអនុវត្តន៍លើគ្រួសារគោលដៅចំនួន៤រួមមាន៖ – កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ
- កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រថ្នាក់បឋមសិក្សា និងមធ្យមសិក្សា – កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព
- កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនចាស់ជរា (អាយុ ៦០ឆ្នាំឡើង)
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ក៏ផ្តល់នូវ ការឧបត្ថម្ភគោលសម្រាប់គ្រួសារ ដែលមានបណ្ណសមធម៌ទាំងអស់ និងគិតគូរដល់សមាជិកគ្រួសារដែលរស់នៅជាមួយមេរោគ/ជំងឺអេដស៍ផងដែរ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី
















