Sunday, December 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មានហេតុផលមួយចំនួនគួរពិចារណា ជុំវិញការវាយធ្វើបាប ជាងហាចជាងហួយ ខណ:ត្រូវបានគេដោះលែង និងការចរចាស្មើគ្នា ត្រូវបានអ្នកច្បាប់ថា មិនយុត្តិធម៌

ខេត្តកំពង់ចាម ÷ ចំពោះហេតុការណ៍ចាប់ចាប់បុរសម្នាក់ដែលអះអាងថា ជាអ្នកសារព័ត៌មាន ឈ្មោះ អឹម ហាច ភេទប្រុស អាយុ៣៧ឆ្នាំ ហៅជាងហាចជាងហួយ ហើយត្រូវបានគេព្រួតគ្នាវាយធ្វើបាបចាប់ចងដៃចងជើងនោះ ជាកាយវិការមានពិរុទ្ធភាព បើផ្អែកលើការធ្វើទារុណកម្ម និងក្រោយមក បានបញ្ជូនជនរងគ្រោះទៅកាន់អធិការដ្ឋានស្រុកជើងព្រៃ, ប៉ុន្តែក្រុមអ្នកវាយធ្វើបាបគេនោះ បានចោទប្រកាន់ថា អឹម ហាច បានលួចចូលផ្ទះគេ ក្នុងបំណងលបប្រពន្ធគេ នៅវេលាម៉ោងប្រមាណ១១យប់ នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣។

ដំណឹងនេះបានលេចឮដល់ក្រុមអ្នកសារព័ត៌មានជាច្រើនអង្គភាព តាមរយៈការកើតទុក្ខមិនសុខចិត្តរបស់ភរិយាជនរងគ្រោះដែលទៅយំតម្អូញតម្អែរនៅមុខខ្លោងទ្វារអធិការដ្ឋានមគរបាលស្រុកជើងព្រៃនៃខេត្តកំពង់ចាម នោះតែម្ដង, ហើយអ្នកសារព័ត៌មានបាននាំគ្នាមកថតឡាយផ្ទាល់យ៉ាងផុសផុល រីកសាយភាយពេញបណ្ដាញទំនាក់ទំនងសង្គម នារសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ ធ្វើឱ្យមានការចាប់អារម្មណ៍ពីសំណាក់អ្នកអនុវត្តច្បាប់ដែលស្រឡាញ់ភាពយុត្តិធម៌ ត្រឹមត្រូវ។

បើតាមប្រពន្ធរបស់ជនរងគ្រោះដែលអះអាងថា ជាអ្នកយកព័ត៌មាន ឈ្មោះ អឹម ហាច ហៅជាងហាចជាងហួយ ផ្ដល់កិច្ចសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មាន ដោយលើកឡើងថា អ្វីដែលសាហាវយង់ឃ្នងនោះ គឺក្រុមជនដៃដល់ ចាប់ចងដៃចងជើងប្ដីរបស់គាត់វាយធ្វើបាបយ៉ាងទុរន់ទុរា រួចបង្ហោះជាសាធារណ:ថែមទៀត។ នៅពេលគាត់មើលវីដេអូគេបង្ហោះរូបប្ដីគាត់ត្រូវគេចាប់ចងដៃចងជើងធ្វើទារុណកម្មវាយធ្វើបាបលើរាងកាយ គឺគាត់មានចិត្តរន្ធត់អាណិតប្ដីជាខ្លាំង។ បន្ទាប់មកក៏បានទូរស័ព្ទប្រាប់ទៅបងប្អូនអ្នកព័ត៌មាន ឱ្យបានដឹងរឿងនេះ ចំពោះការចោទប្រកាន់ថា ប្ដីគាត់លួចចូលទៅក្នុងផ្ទះរបស់គេ ដើម្បីលបចាប់ចង់ប្រពន្ធគេនោះ គឺជារឿងមិនពិតទេ គឺក្រុមជនដៃដល់អាចចាប់ប្ដីគាត់ពីខាងក្រៅ រួចអូសចូលទៅខាងក្នុង និងវាធ្វើបាប, ព្រោះថា ដើមហេតុដែលនាំឱ្យកើតមានអំពើហិង្សានេះ គឺដោយសារតែប្ដីគាត់បានថតប្រមាញ់រូបភាពរ៉ឺម៉កដឹកឈើចេញ-ចូលផ្ទះនេះ និងឡាយផ្ទាល់តាមអង្គភាពសារព័ត៌មាន។

គួររំលឹកថា ជនរងគ្រោះដែលអះអាងថា ជាអ្នកសារព័ត៌មានឈ្មោះ អឹម ហាច ហៅជាងហាចជាងហួយ ត្រូវបានគេចាប់ចងដៃចងជើងវាយធ្វើបាបលើរាងកាយយ៉ាងទារុណ ដែលហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១១យប់ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ នៅភូមិប៉ាណា ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម នៅក្នុងផ្ទះដេប៉ូលក់ឈើមួយកន្លែង និងក្រោយមក ក្រុមជនដៃដល់បានបញ្ជូនជនរងគ្រោះទៅកាន់អធិការដ្ឋានស្រុកជើងព្រៃ។

មន្ត្រីរដ្ឋបាលព្រៃឈើមួយរូបបានប្រាប់ឱ្យដឹងថា ម្ចាស់ដេប៉ូលក់ឈើនេះ មានឈ្មោះ អ៊ឹម ផែន ភេទប្រុស នៅភូមិប៉ាណា ឃុំសូទិព្ធ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ បើមានបទល្មើសព្រៃឈើកើតឡើងមែននោះ ម្ចាស់ដេប៉ូឈើមិនមានសិទ្ធិឯណាមួយវាយដំទៅលើរាងកាយអ្នកសារព័ត៌មាននោះទេ ការវាយធ្វើទារុណកម្មបែបនេះ ជាបទល្មើសព្រហ្មទណ្ឌ។ ប៉ុន្តែបើអ្នកព័ត៌មានបានដើរចូលទៅក្នុងផ្ទះគេវិញនោះ គឺជាបទល្មើសផ្សេងទៀត, ចំណែករ៉ឺម៉កដឹកឈើនោះ គឺគេមានច្បាប់ចេញពីដេប៉ូលក់ឈើត្រឹមត្រូវ។

លោក អុឹម ផែន ម្ចាស់ដេប៉ូឈើ បានប្រាប់ CEN តាមទូរស័ព្ទឱ្យដឹងនារសៀលថ្ងៃទី៣ ខែធ្នូរ ឆ្នាំ២០២៣ ថា ស្របពេលដែលក្មួយប្រុសរបស់គាត់ឈ្មោះចាវ បានចេញទៅផឹកស៊ីនៅផ្ទះមិត្តភក្តិចម្ងាយប្រមាណ ២០ទៅ៣០ម៉ែត្រ ដោយនៅតែប្រពន្ធខ្លួន។ គ្រានោះ មានជនម្នាក់បានដើរចូលមកក្នុងបរិវេណផ្ទះ ដោយឃើញសភាពបែបនេះប្រពន្ធក៏បានទូរស័ព្ទហៅប្ដីឱ្យមកជាបន្ទាន់, បន្ទាប់មកកូនចៅរបស់លោកមានគ្នាប្រមាណ ៣នាក់ បានទៅជួយអន្តរាគមន៍ដេញតាមជននោះចាប់បាន និងបានប្រគល់ឱ្យសមត្ថកិច្ចចាត់ការបន្ត។ សូមបញ្ជាក់ថា ពីផ្ទះគាត់ទៅផ្ទះក្មួយមានចម្ងាយពីគ្នាប្រមាណ ៥០០ម៉ែត្រ។

តាមប្រភពព័ត៌មានធ្លាយចេញពីក្នុងហេតុការណ៍នេះ បានបង្ហាញថា មូលហេតុដែលនាំឱ្យមានអំពើហិង្សានេះ គឺដោយសារតែ អឹម ហាច ហៅជាងហាចជាងហួយ បានថតផ្សាយ ឡាយព័ត៌មានសកម្មភាពបទល្មើសព្រៃឈើ រួចហើយត្រូវគេគំរាមឱ្យលុបជាថ្នូរនឹងការឱ្យប្រាក់ ប៉ុន្តែ អឹម ហាច ហៅជាងហាចជាងហួយ មិនព្រមធ្វើតាម លុះដើរកាត់មុខផ្ទះដេប៉ូឈើ ក៏ត្រូវគេស្ទាក់វាយធ្វើបាបយ៉ាងដូច្នេះតែម្ដងទៅ។

ករណីនេះ មន្ត្រីនគរបាលនៃអធិការដ្ឋានស្រុកជើងព្រៃ និងមន្ត្រីស្នងការនគបាលខេត្តកំពង់ចាម ក្រោមការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានធ្វើការនាំខ្លួនភាគីពាក់ព័ន្ធមកសាកសួរ ដើម្បីប្រមូលព័ត៌មាន និងភស្តុតាង ទទួលបានលទ្ធផលដូចខាងក្រោម ៖

១- ករណីនេះ គឺជាបញ្ហាជម្លោះកើតឡើងរវាងបុគ្គល និងបុគ្គល ពុំមានពាក់ព័ន្ធថាសមត្ថកិច្ចនគរបាលទៅ ចាប់ចង ឈ្មោះ អ៊ឹម ហាច ឡើយ។ ផ្ទុយទៅវិញ សមត្ថកិច្ចនគរបាលកំពុងធ្វើការប្រមូល នឹងចងក្រងសំណុំរឿងដើម្បីផ្តល់នូវយុត្តិធម៌ជូនភាគីទាំងសងខាង។

២- ឈ្មោះ អ៊ឹម ហាច ធ្លាប់ជាអ្នកសារព័ត៌មាន នៅអង្គភាព ស៊ីអិនអិម (CNM) តែត្រូវបានអង្គភាពនេះ បញ្ឈប់ចេញពីអង្គភាពកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣។ តាមការបញ្ជាក់របស់ក្រសួងព័ត៌មាន មកដល់ពេលនេះ
ឈ្មោះ អ៊ឹម ហាច ពុំទាន់មានការចុះបញ្ជីជាភ្នាក់ងារសារព័ត៌មានផ្លូវការ នៅស្ថាប័នសារព័ត៌មានណាមួយឡើយ។

៣- ចំពោះករណីដឹកឈើដែលជាកម្មវត្តក្នុងការផ្សាយរបស់ លោក អ៊ឹម ហាច គឺជាឈើដែលប្រជាពលរដ្ឋ បានទិញពីដេប៉ូស្របច្បាប់ (ច្បាប់អនុញ្ញាតរបស់មន្ទីរកសិកម្ម រក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម លេខ ២១/២៣ ខរព/កច ចុះថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣) ក្នុងគោលបំណងសាងសង់លំនៅឋាន ដោយមានការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន។

៤- ក្រោយពីបានបើកការស៊ើបអង្កេតចប់សព្វគ្រប់ តំណាងអយ្យការបានបញ្ជាឱ្យមន្ត្រីនគរបាលយុត្តិធម៌ អនុញ្ញាតឱ្យជនសង្ស័យទាំងអស់វិលត្រឡប់ទៅផ្ទះមានសេរីភាពឡើងវិញ និងបន្តចំណាត់ការតាមនីតិវិធីជាធរមាន។

ព័ត៌មានចុងក្រោយ បើតាមរបាយការណ៍សមត្ថកិច្ចមូលដ្ឋានវិញ បានបញ្ជាក់ថា តាមការឆ្លើយរបស់ អឹម ហាច ហៅជាងហាចជាងហួយ នេះ គឺមិនបានចូលទៅក្នុងផ្ទះរបស់គេដូចការចោទប្រកាន់នោះឡើយ, ហើយករណីអំពើហឹង្សានេះ ភាគីទាំងសងខាងបានបញ្ចប់ការប្ដឹងផ្ដល់គ្នារួចអស់ហើយ, ប៉ុន្តែទោះជាយ៉ាងណា ក្រុមអ្នកច្បាប់បានសម្ដែងមតិថា ភាគីលោក អ៊ឹម ផែន ម្ចាស់ដេប៉ូឈើ រួមនឹងបក្ខពួក ដែលបានចាប់ចងដៃចងជើងធ្វើទារុណកម្មលើ លោក អ៊ឹម ហាច ជាកំហុសមួយក្នុងបទ ”ប្រើប្រាស់អំពើហិង្សាដោយចេតនា” ដែលច្បាប់មានចែង និងបង្គាប់ឱ្យផ្ដន្ទាទោសជាធរមាន។

មកដល់រសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ លោក អឹម ហាច ហៅជាងហាចជាងហួយ ត្រូវបានសមត្ថកិច្ខដោះលែងឱ្យត្រឡប់ទៅផ្ទះមានសេរីភាពឡើងវិញដូចគេដូចឯង, ប៉ុន្តែក្រុមអ្នកច្បាប់ និងក្រុមមម្ត្រីនគរបាលយុត្តិធម៌ មិនត្រូវភ្លេចទេថា បទល្មើសព្រហ្មទណ្ឌ គឺជាប់បណ្ដឹងអាជ្ញា… បើពិតមែនភាគីជម្លោះទាំងសងខាង សុខចិត្តបញ្ចប់ជម្លោះនឹងគ្នា វាគ្រាន់តែជាសំណង ឬការប៉ះពៅផ្នែករដ្ឋប្បវេណីតែប៉ុណ្ណោះ វាមិនអាចរំលត់បណ្ដឹងនោះទេ ព្រះរាជអាជ្ញាមានកាតព្វកិច្ចក្នុងការអនុវត្តលើបណ្ដឹងអាជ្ញា ទើបជាការស្របតាមបទដ្ឋានគតិយុត្តិ៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី

×