ភ្នំពេញ ៖ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា នាថ្ងៃទី៦ខែធ្នូឆ្នាំ២០២៣នេះថា កាលពីម្សិលមិញ ស្ថានទូតអូស្ត្រាលី ធនាគារពិភពលោក គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) និងអង្គការទស្សនៈពិភពលោកអន្តរជាតិនៅកម្ពុជា (WVI-C) បានប្រកាសបន្ថែមថវិកា បន្តរយៈពេលនៃការអនុវត្តគម្រោងគណនេយ្យភាពសង្គម (ISAF)។

ប្រទេសអូស្ត្រាលីផ្តល់បន្ថែមថវិកាចំនួន១៥លានដុល្លាអូស្រ្តាលី ដល់គម្រោងគណនេយ្យភាពសង្គម ដំណាក់កាលទី២ ដើម្បីធ្វើអោយប្រសើរឡើងនូវការផ្តល់សេវាសាធារណៈ តាមរយៈការពង្រឹងនូវតម្លាភាព បង្កើនការចូលរួមរបស់ប្រជាពលរដ្ឋ និងសកម្មភាពឆ្លើយតប ដែលស្របតាមអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ ឆ្នាំ២០២១-២០៣០។

ជំនួយបន្ថែមនេះ នឹងធ្វើអោយប្រសើរឡើងនូវសេវាសាធារណៈ ក្នុងឃុំគោលដៅសរុបចំនួន ១០៤៣ សាលាបឋមសិក្សាចំនួន ៤៦៣៣ និងមណ្ឌលសុខភាពចំនួន ៨២៦ ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជាជាង ៥ លាននាក់នៅត្រឹមឆ្នាំ ២០២៥។
គម្រោងអនុវត្តក្របខណ្ឌគណនេយ្យភាពសង្គម ដំណាក់កាលទី២នេះ នឹងបន្តបង្កើនទំនាក់ទំនងរវាងអ្នកផ្តល់សេវាសាធារណៈ និងអ្នកទទួលសេវាសាធារណៈ ដើម្បីធ្វើអោយប្រសើរឡើងនូវការផ្តល់សេវាសាធារណៈ ព្រមទាំងជួយអោយប្រជាជនកម្ពុជាទាំងអស់អាចមានលទ្ធភាពទទួលបានសេវាសាធារណៈផងដែរ។ យើងក៏សង្ឃឹមផងដែរ ថាដំណើរការនេះ នឹងជួយបង្កើនភាពជឿជាក់ និងភាពជាដៃគូនៅតាមថ្នាក់មូលដ្ឋាន៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

