បាត់ដំបង ៖ អនុវត្តតាមបទបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងមានការសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល បានធ្វើការនាំខ្លួនជនសង្ស័យ ១ នាក់ ឈ្មោះ ឡូញ ចាន់ថុល ហៅ ចាន់ ភេទប្រុស អាយុ ៤៣ ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំសោម ស្រុកគីរីវង់ ខេត្តតាកែវ មកកាន់ស្នងការដ្ឋានដើម្បីធ្វើការសាកសួរក្នុងករណីប៉ុនប៉ងលួចសត្វគោរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានទាំងថ្ងៃ ។
វត្ថុតាងដកហូតរួមមាន៖-រថយន្ត ០១ គ្រឿង ម៉ាក សាំយ៉ុង ពណ៌សស៊េរីឆ្នាំ ១៩៩៨ ពាក់ផ្លាកលេខ បាត់ដំបង 2A-7546 – កន្ត្រៃ កាត់ដែក ពណ៌ លឿង ចំនួន ០១- កណ្តៀវ ចំនួន ០១។

ចំពោះមូលហេតុដែលឈានដល់ការឃាត់ខ្លួននេះ គឺកាលពីថ្ងៃទី ០៤ ខែ ធ្នូ ឆ្នាំ ២០២៣ វេលាម៉ោង ១៣និង៣០ នាទី នៅចំណុច ភូមិដង្គត់ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានករណីប៉នប៉ងលួច ( យកសត្វគោ ) ០១ ករណី ដោយក្រុមជនសង្ស័យមានបក្សពួក០៣ នាក់បានបើករថយន្ត០១ គ្រឿងម៉ាកសាំយ៉ុង ពណ៌ ស ពាក់ផ្លាកលេខ បាត់ដំបង 2A-7546 ធ្វើសកម្មភាព បម្រុងលួចដឹកសត្វគោ ចំនួន ០៦ ក្បាល ដែលជារបស់ជនរងគ្រោះឈ្មោះវ៉េតចន្នីភេទស្រី អាយុ ៣០ ឆ្នាំ មានទីលំនៅភូមិដង្គត់ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ប៉ុន្តែពេលក្រុមជនសង័្សយកំពុងធ្វើសកម្មភាពក៏ត្រូវជនរងគ្រោះដឹងទាន់ ខណៈដែលសត្វគោ ឮសម្លេងម៉ូតូរបស់ម្ចាស់ ដែលតាមស្វែងរកវា សត្វគោទាំងនោះ បានបោលចេញពីការតាមប្រម៉ាញ់របស់ជនសង័្សយទាន់ ហើយម្ចាស់គោដឹកក៏ស្រែកឆោឡោឱ្យអ្នកភូមិជួយចាប់ និងបានរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន ចុះអន្តរាគមន៍ភ្លាមៗ ប៉ុន្តែក្រុមបានរត់គេចខ្លួនបាត់ចំនួន ០២នាក់ នៅសល់ម្នាក់ ដែលប៉ងបើករថយន្តគេចខ្លួន តែបើករត់មិនរួច។ បច្ចុប្បន្នការិយាល័យជំនាញបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី


