Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម

spot_img

ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ បានចេញសេចក្តីប្រកាសព័ត៌មានថា តបតាមការអញ្ជើញរបស់ ឯកឧត្តម ផាម មិញ ជិញ (PHAM Minh Chinh) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយម វៀតណាម នៅថ្ងៃទី ១១-១២ ខែធ្នូ ឆ្នាំ២០២៣។

អញ្ជើញអមដំណើរ សម្តេចធិបតី រួមមាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រី និងមន្ត្រីសំខាន់ៗ នៃរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំវិស័យឯកជននៃសភាពាណិជ្ជកម្មកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត និង ឯកឧត្តមនាយករដ្ឋមន្ត្រី ផាម មិញ ជិញ នឹងជួបប្រជុំ ទ្វេភាគី ក្នុងគោលបំណងបន្តពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមមាន អប់រំ ពាណិជ្ជកម្ម វិនិយោគ ការតភ្ជាប់ ទេសចរណ៍ វប្បធម៌ សន្តិសុខ ការពារជាតិ និងកិច្ចការព្រំដែន ជាដើម។ បញ្ហាអនុតំបន់ តំបន់ និងអន្តរជាតិដែលជាចំណាប់អារម្មណ៍ និងក្តីបារម្ភរួម ក៏ នឹងត្រូវលើកយកមកពិភាក្សាផងដែរ។ នាយករដ្ឋមន្ត្រីទាំងពីរ នឹងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខា លើឯកសារកិច្ចព្រមព្រៀងមួយចំនួន និងធ្វើជាសហអធិបតីក្នុងវេទិកាកម្ពុជា-វៀតណាមស្តីពីការជំរុញពាណិជ្ជកម្ម និងវិនិយោគ។

សម្តេចធិបតី នឹងអញ្ជើញចូលជួបសម្តែងការគួរសមដាច់ដោយឡែកជាមួយ ឯកឧត្តម ង្វៀន ហ្គីចុង (NGUYEN Phu Trong) អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត វៀតណាម ឯកឧត្តម វ៉ វ៉ាន់ធឿង (VO Van Thuong) ប្រធានរដ្ឋវៀតណាម និងឯកឧត្តម រឿង និញហ្វេ (VUONG Dinh Hue) ប្រធានរដ្ឋសភាវៀតណាម។ សម្តេចធិបតី ក៏នឹងអនុញ្ញាជូន លោកជំទាវ ង្វៀន ជីថាញ់ (NGUYEN Thi Thanh) ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម ព្រមទាំងថ្នាក់ដឹកនាំសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ ចូលជួបសម្តែងការគួរសម និងពិភាក្សា ការងារផងដែរ។ សម្តេចធិបតី នឹងថ្លែងសុន្ទរកថាគន្លឹះស្តីពី គោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច របស់រាជរដ្ឋាភិបាលកម្ពុជា និងទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា និងវៀតណាម នៅសាកលវិទ្យាល័យ ពាណិជ្ជកម្មអន្តរជាតិ នៅទីក្រុងហាណូយ។

ដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី ទៅកាន់ប្រទេសវៀតណាមនាពេលខាងមុខ នឹងបង្ហាញពីការធ្វើឱ្យកាន់តែស៊ីជម្រៅ នូវទំនាក់ទំនងដ៏យូរអង្វែង ឈរលើស្មារតី “ភាពជាអ្នកជិត ខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង រវាង កម្ពុជា និងវៀតណាម ដើម្បីផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រជាជាតិទាំងពីរ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×