ភ្នំពេញ ៖ ជាមួយគំនិតផ្តួចផ្តើមរបស់ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា វិទ្យាស្ថានជាតិការទូត និងទំនាក់ ទំនងអន្តរជាតិ នៅថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០២៣ បានរៀបចំបាឋកថាពិសេស ក្រោមប្រធានបទ «ការរក្សាតុល្យភាព របស់អាស៊ានក្នុងអន្តរកាលឆ្ពោះទៅរកពិភពលោកដែលមានលក្ខណៈពហុប៉ូល» ឧទ្ទេសនាមដោយ ថ្នាក់ដឹកនាំសិង្ហបុរីដ៏ឆ្នើមម្នាក់ គឺ លោក George Yeo។ លោក Yeo គឺជាបញ្ញាវ័ន្តកិត្តិយសន វិទ្យាស្ថានគោលនយោបាយសាធារណៈ លី ក្វាន់យូរ នៃសាកលវិទ្យាល័យជាតិសិង្ហបុរី (Lee Kuan Yew School of Public Policy of the National University of Singapore) និងជាស្ថាបនិកន វិទ្យាស្ថានប្រកួតប្រជែងអាស៊ី។

លោក Yeo បានកាន់តួនាទីជាន់ខ្ពស់ទាំងក្នុងវិស័យសាធារណៈ និង ឯកជន។ លោកបម្រើការងាររយៈពេល ២៣ឆ្នាំ (១៩៨៨ ដល់ ២០១១) ក្នុងជួររដ្ឋាភិបាលសិង្ហបុរី ក្នុងតួនាទីជារដ្ឋមន្ត្រីព័ត៌មាន និងសិល្បៈ រដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្ម និងរដ្ឋមន្ត្រីការបរទេស។
នៅចំណុចផ្ដើមនៃបាឋកថា អតីតអ្នកការទូត និងជាអ្នកនយោបាយចាស់វស្សារបស់សិង្ហបុរី បានកត់សម្គាល់ពីវឌ្ឍនភាពដ៏ធំធេងដែលកម្ពុជា សម្រេចបានក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ ចុងក្រោយនេះ ក្នុងការប្រែខ្លួនពីប្រទេសដែលខ្ទេចខ្ទាំដោយសង្គ្រាម មកកាន់ប្រទេសដែលមានសេដ្ឋកិច្ច រឹងមាំ។ សមិទ្ធផលដែលសម្រេចបានដោយកម្រនេះ មិនអាចកើតមានឡើងដោយគ្មានវត្តមានសន្តិ ភាព និងស្ថេរភាពនយោបាយ។ អតីតរដ្ឋមន្ត្រី Yeo បានបន្តពិភាក្សាអំពីការកើនឡើងនៃឥទ្ធិពល របស់ចិន។ លោកជឿជាក់ថា ការរះឡើងរបស់ចិន នឹងបង្កឱ្យមានការប្រឈមផ្នែកសេដ្ឋកិច្ចដល់ បច្ចិមលោក ក៏ប៉ុន្តែវានឹងមិនគំរាមកំហែងដល់ប្រទេសណាមួយឡើយ។ ជាមួយនឹងការរះឡើងរបស់ ចិន ប៉ូលអំណាចនៅក្នុងទ្វីបផ្សេងទៀតៗបាននិងកំពុងកើតឡើង។ ការរះឡើងនៃប៉ូលទាំងនេះ នឹង ប្រែក្លាយពិភពលោកទៅជាប្រព័ន្ធពហុប៉ូល ទោះបីជាសហរដ្ឋអាមេរិក និងបច្ចិមលោកព្យាយាមទប់ស្កាត់យ៉ាងណាក៏ដោយ។
អាស៊ានត្រូវតែរក្សាជំហររបស់ខ្លួននៅក្នុងរយៈពេលអន្តរកាលដ៏ធំធេងនេះ។ នៅក្នុងបរិបទនេះ អតីតរដ្ឋមន្ត្រី Yeo បានគូសបញ្ជាក់ថា អាស៊ានត្រូវតែសម្រប និងផ្លាស់ប្តូរទៅនឹង សម្ពាធដែលមានពីគ្រប់ទិសទី។ ទោះជាយ៉ាងណាក៏ដោយ អតីតរដ្ឋមន្ត្រី Yeo បានបញ្ជាក់ថាវាជា ការណ៍មួយចាំបាច់ដែលអាស៊ានមិនត្រូវជ្រើសខាងណាមួយនៃការប្រកួតប្រជែងរបស់មហាអំណាច។ បន្ថែមពីលើនេះទៀត អាស៊ានត្រូវតែរក្សានូវសាមគ្គីភាពផ្ទៃក្នុងរបស់ខ្លួន។ អង្គការតំបន់មួយនេះ ត្រូវរក្សា “មាគ៌ាអាស៊ាន» ក្នុងការដោះស្រាយបញ្ហានានា។ អតីតរដ្ឋមន្ត្រីរូបនេះ បានផ្ដល់យោបល់ថា វា នឹងមានភាពអវិជ្ជមានដល់សហរដ្ឋអាមេរិក ប្រសិនបើប្រទេសនេះដាក់សម្ពាធលើប្រទេសសមាជិក អាស៊ានក្នុងការជ្រើសខាងណាមួយ។ ប្រសិនបើសហរដ្ឋអាមេរិកពុំដាក់សម្ពាធ និងជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងនៃបណ្ដាប្រទេសសមាជិកអាស៊ាន ប្រទេសទាំងនេះនឹងស្វាគមន៍ការចូលរួមរបស់ សហរដ្ឋអាមេរិកក្នុងតំបន់។

បាឋកថានេះ មានអ្នកចូលរួមប្រមាណ ២០០ រូប មកពីក្រសួង-ស្ថាប័ន បណ្ដាស្ថានទូតបរទេសប្រចាំកម្ពុជា សាកលវិទ្យាល័យនានា ធនាគារខួរក្បាល និងទីភ្នាក់ងារសារព័ត៌មាន។ អ្នកចូលរួមមួយចំនួន បានលើកជាសំណួរប្រកបដោយការគិតគូរពិចារណា ដែលលោក Yeo បានឆ្លើយតបដោយមានការរួម បញ្ចូលនូវឧទាហរណ៍ពីព្រឹត្តិការណ៍ដែលកំពុងកើតមានឡើងក្នុងពេលបច្ចុប្បន្ន ប្រវត្តិសាស្ត្រ និង អារ្យធម៌ពិភពលោក។ លោក Yeo នឹងផ្ដល់បាឋកថាពិសេសមួយទៀតនៅសាកលវិទ្យាល័យភូមិន្ទ ភ្នំពេញ ក្រោមប្រធានបទ “ការគំរាមកំហែង និងឱកាសសម្រាប់រដ្ឋតូចៗនៅក្នុងពិភពលោកពហុប៉ូល»៕ រក្សាសិទ្ធដោយ៖សុទ្ធលី



