សៀមរាប ៖ បើតាមការចុះស្រាវជ្រាវស្ទង់មតិប្រជាពលរដ្ឋមួយចំនួនធំដែលបានស្ម័គ្រចិត្តរើលំនៅឋានចេញពីតំបន់រមណីយដ្ឋានអង្គរ ចូលទៅរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯករយៈពេលប្រមាណមួយឆ្នាំមកនេះ បានសំណូមដល់អាជ្ញាធរខេត្ត និងរាជរដ្ឋាភិបាល បន្តរៀបចំបង្កើតជា មូល ដ្ឋានការងារនៅក្បែរ ឬនៅតំបន់រុនតាឯកតែម្តង ដើម្បីឱ្យពលរដ្ឋមានការងារធ្វើជាចរន្តប្រាក់ចំណូលសម្រាប់ជីវភាពរបស់ពួកគេ មិនលំបាក ឡើងទៅរក ការងារធ្វើនៅឯក្រុងសៀមរាប។

ប្រជាពលរដ្ឋដែលលរស់នៅរុនតាឯក បង្ហាញពិការពេញចិត្ត និងរីករាយថា ពួកគេធ្លាប់រស់នៅក្នុងភាពមិនប្រាកដប្រជាលើការគ្រប់គ្រងកម្មសិទ្ធិដីធ្លី ប៉ុន្តែពេលនេះ គឺទទួលបានកម្មសិទ្ធិដីធ្លីច្បាស់លាស់ មានភាពប្រាកដប្រជាសម្រាប់បច្ចុប្បន្ន និងទៅអនាគតរបស់ពួកគេហើយ, ពួកគេពិតជារីករាយ ព្រោះថា ទទួលបានដីជាកម្មសិទ្ធិផ្ទាល់ខ្លួនទំហំ ២០ម៉ែត្រ×៣០ម៉ែត្រ ហើយអាចសង់លំនៅឋានតាមការចង់បានរបស់ខ្លួន, ប៉ុន្តែអ្វីដែលពួកគេនៅជួបការលំបាកនោះ គឺមូលដ្ឋានការងារ ដើម្បីជាចរន្តប្រាក់ចំណូលសម្រាប់ការរស់នៅ និងជាការលើកកម្ពស់ជីវភាពពលរដ្ឋឱ្យកាន់តែល្អប្រសើរថែមទៀត។
គួរបញ្ជាក់ថា ក្រោមកិច្ចសម្របសម្រួលរបស់ក្រុមការងាររាជរដ្ឋាភិបាល និងកិច្ចសហការពីប្រជាពលរដ្ឋ ក្នុងបុព្វហេតុរក្សាសម្បត្តិវប្បធម៌មនុស្សជាតិរបស់កម្ពុជាឱ្យស្ថិតនៅជាតម្លៃបេតិកភណ្ឌពិភពលោកនោះ, ប្រជាពលរដ្ឋបានស្ម័ត្រចិត្តប្តូរទីលំនៅចេញពីតំបន់រមណីយដ្ឋានអង្គរទៅរស់នៅតំបន់អភិវឌ្ឍន៍ថ្មី រុនតាឯក មានចំនួន ៥,៨៦៥គ្រួសារ និងតំបន់ ពាក់ស្នែង ចំនួន ៤,០៣២គ្រួសារ។

ពិតណាស់ថា ការផ្លាស់ប្តូរទីលំនៅទៅកាន់ភូមិឋានថ្មី ជារឿងមួយដ៏លំបាកសម្រាប់ប្រជាពលរដ្ឋ, ប៉ុន្តែសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានចាត់ចែងរៀបចំ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់បំផុតប្រែក្លាយតំបន់ព្រៃរបោះទៅជាភូមិឋានដែលមានហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការរស់នៅ ពោលគឺ ឱ្យអាជ្ញាធរពាក់ព័ន្ធរៀបចំឈូសឆាយ និងចាក់បំពេញ ដីលំ នៅ ឋានតាមឡូតិ៍នីមួយៗជូនប្រជាពលរដ្ឋ (មួយគ្រួសារទទួលបានដី ២០ម៉ែត្រ×៣០ម៉ែត្រ) និងរៀប ចំសាងសង់ផ្លូវ បណ្តាញ លូ រំដោះទឹក សាលារៀន មន្ទីរពេទ្យ ផ្សារ វត្តអារាម បណ្តាញអគ្គិសនី បណ្តាញ ទឹកស្អាត បណ្តាញសេវាទូរស័ព្ទ និងការិយាល័យរដ្ឋបាល ជាដើម ដូច្នេះនៅខ្វះតែមូលដ្ឋានការងារប៉ុណ្ណោះទេ៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN























