ភ្នំពេញ ៖ រដ្ឋបាលខេត្តស្ទឹងត្រែង បានចេញសេចក្តីជូនដំណឹង ពីស្ថានទឹកទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង បានបន្តកើនឡើងកម្ពស់លើសកម្រិតប្រកាសអាសន្ន គឺមកដល់ម៉ោង ១០:០០ នាទីព្រឹកថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែងបានបន្តកើនឡើងដល់កម្ពស់ ១០,៧៧ម៉ែត្រ ខណៈកម្រិតកម្ពស់ដែលត្រូវប្រកាស ឱ្យប្រុងប្រយ័ត្នត្រឹមតែ ១០,៧០ ម៉ែត្រ ប៉ុណ្ណោះ ។
ពេលនេះ ទឹកទន្លេបានចាប់ផ្តើមលិចចូលតំបន់ទំនាបមួយចំនួន ដែលនៅតាមដងទន្លេជាបណ្តើរៗហើយ។ ដើម្បីធានាបាននូវការពារសន្តិសុខ សុវត្ថិភាព និងធានាដល់ការគ្រប់គ្រងទ្រព្យសម្បត្តិត្រៀមបង្ការផលប៉ះពាល់ប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង ពិសេសប្រជាពលរដ្ឋ រស់នៅប្រកបមុខរបរតាមដទន្លេមេគង្គ និងទន្លេកុងក្នុងខេត្តស្ទឹងត្រែង។
រដ្ឋបាលខេត្តស្ទឹងត្រែង បានប្រាប់ដល់ប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះករណីទឹកជំនន់ តាមទីតាំងនានា ដែលនឹងអាចបង្កឲ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ភូមិឃុំ សង្កាត់ តាមដងទន្លេមេគង្គ និងទន្លេកុង។ អាជ្ញាធរមានសមត្ថកិច្ចកម្លាំងគ្រប់ផ្នែកទាំងអស់នៅថ្នាក់ភូមិ ឃុំ ក្រុង ស្រុក ក្នុងខេត្តស្ទឹងត្រែង ដាក់ចេញនូវផែនការត្រៀមបង្ការនិងត្រៀមជួយអន្តរាគមន៍សង្គ្រោះ ប្រជាពលរដ្ឋកំពុងរស់នៅ ប្រកបមុខរបរ តាមមូលដ្ឋានដែលនឹងអាចរងផលប៉ះពាល់ដោយគ្រោះធម្មជាតិនេះ ឲ្យបានទាន់ពេលវេលា ធានាបានភាពកក់ក្តៅ និងសាមគ្គីភាព៕ ដោយ៖កូឡាប