ភ្នំពេញ ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ បានចេញសេចក្តីបំភ្លឺជុំវិញករណីរកឃើញសាច់បង្កកចម្រុះជាង ៣៧០តោន នៅទីតាំងក្នុងទឹកដីសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ, អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សូមធ្វើការបំភ្លឺជូនដល់សាធារណជនមេត្តាជ្រាបថា សាច់ទាំងនោះ មិនមានហួសកាលបរិច្ឆេទទេ ជាសាច់នាំចូលមានការបង់ពន្ធត្រឹមត្រូវ ប្រកបដោយគុណភាពអនាម័យ និងមានការត្រួតពិនិត្យច្បាស់លាស់។

បើតាមខ្លឹមសារនៃសេចក្ដីជូនដំណឹងរបស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា បន្ទាប់ពីបានឃើញការចុះផ្សាយព័ត៌មាន ករណីសាច់បង្កកជាង ៣៧០តោនតាមបណ្ដាញផ្សព្វផ្សាយផ្សេងៗ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចាត់តាំងកម្លាំងមន្ត្រីគយ និងរដ្ឋាករមានសមត្ថកិច្ចជាបន្ទាន់ចុះទៅទីតាំងឃ្លាំង ខាងលើ ដើម្បីស្រាវជ្រាវ និងសាកសួរម្ចាស់ឃ្លាំងអំពីអនុលោមភាពច្បាប់ពាក់ព័ន្ធនឹងការនាំចូល និងស្តុកទុកសាច់បង្កកទាំងនោះនៅក្នុងឃ្លាំង។
ជាលទ្ធផល អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានពិនិត្យឃើញថា សាច់បង្កកចម្រុះទាំងនេះ មានប្រភពមកពីប្រទេសអ៉ីតាលី, ប្រេស៊ីល, អាឡឺម៉ង់, រុស្សី, ឥណ្ឌា ជាដើម។ មានទម្ងន់សរុបជាង ៣៧០តោន ត្រូវបាននាំចូលដោយបំពេញកាតព្វកិច្ចពន្ធ និងអាករត្រឹមត្រូវតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន និងមានភ្ជាប់មកជាមួយនូវវិញ្ញាបនបត្របញ្ជាក់អនាម័យសាច់ពីប្រទេសនាំចេញ ហើយនៅមានសុពលភាពប្រើប្រាស់ ពោលគឺពុំទាន់ហួសកាលបរិច្ឆេទប្រើប្រាស់ដូចបានលើកឡើងដោយគ្មានមូលដ្ឋានច្បាស់លាស់ដោយបុគ្គលមួយចំនួនឡើយ។

សូមរំលឹកថា សាច់បង្កកចម្រុះនេះ ត្រូវបានរកឃើញកាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ ក្នុងប្រតិបត្តិការចុះឆែកឆេរឃ្លាំងស្តុកមួយកន្លែង ស្ថិតក្នុងភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ របស់សមត្ថកិច្ចក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ , ក្រុមការងារការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួលនីតិវិធី ពីលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
សាច់បង្កកដែលរកឃើញមានស្តុកក្នុងឃ្លាំងទាំងនេះ រួមមាន គ្រឿងមាន់ សាច់មាន់ សាច់ជ្រូក និងក្របី សរុប ២៤.៤២៤កេះ ស្មើ ៣៧.៧៨៧គីឡូក្រាម ឬជាង ៣៧០តោន, ហើយត្រូវបានប្រភពខ្លះថា ខូចគុណភាព និងហួសកាលបរិច្ឆេទ ប៉ុន្តែពេលនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ហើយ៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN
















