សៀមរាប ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងទៅកាន់ប្រជាពលរដ្ឋដែលរស់នៅភូមិអភិវឌ្ឍន៍ថ្មី គឺរុនតាឯក និងពាក់ស្នែង ដោយលើកឡើងថា គោលនយោបាយរបស់រាជរដ្ឋាភិបាលជំនាន់ការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន កាលនៅជានាយករដ្ឋមន្ត្រី បានចាត់ចែងធ្វើឱ្យប្រជាពលរដ្ឋចំណេញសមិទ្ធផលពីរយ៉ាង គឺ ÷
ទី១- ចំណេញភូមិឋានបង្កើតថ្មី រៀបចំហេដ្ឋារចនាសម្ព័ន្ធជូនប្រជាពលរដ្ឋពីភាពមិនច្បាស់លាស់នៅក្នុងតំបន់ហាមឃាត់រមណីយដ្ឋានអង្គរ ទៅជាមានភាពច្បាស់លាស់ ប្រាកដប្រជា ក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ដោយទទួលបានដីកម្មសិទ្ធិស្របច្បាប់ ២០ម៉ែត្រ×៣០ម៉ែត្រ មានប្លង់រឹង នៅភូមិរុនតាឯក និងពាក់ស្នែង។

ទី២- ក្នុងបុព្វហេតុរក្សាសម្បត្តិវប្បធម៌មនុស្សជាតិនៃរមណីយដ្ឋានអង្គររបស់កម្ពុជា ឱ្យស្ថិតនៅជាបេតិកភណ្ឌពិភពលោក ជារតនសម្បត្តិមិនអាចកាត់ថ្លៃបាន។
សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងបែបនេះ នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសសម្ដេចអញ្ជើញជួបសំណេះ សំណាលជាមួយប្រជាពលរដ្ឋ រស់នៅតំបន់ធម្មជាតិរៀបចំថ្មី គឺភូមិរុនតាឯក និងពាក់ស្នែង ជិត ៣ពាន់នាក់ ដែលពិធី សំណេះ សំណាលធ្វើឡើង នៅភូមិរុនតាឯក នៃខេត្តសៀមរាប។
សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹកថា សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជាបានអញ្ជើញជួបពលរដ្ឋនៅរុនតាឯក និងពាក់ស្នែងនេះ រហូតដល់ទៅ៤លើក ដែលជាការបង្ហាញឱ្យនូវការគិតគូរ យកចិត្តទុកដាក់ចំពោះពលរដ្ឋ និងមួយវិញទៀត គឺការគិតគូរពីរមណីយដ្ឋានអង្គរ។ ប្រាសាទអង្គរជានិមិត្តរូបរបស់កម្ពុជា និងជារតនសម្បត្តិដែលមិនអាចកាត់ថ្លៃបានឡើយ។

រាល់ប្រាសាទនៅរមណីយដ្ឋានអង្គរ មានផ្ទៃដី ៤០១គីឡូម៉ែត្រការ៉េ ត្រូវតែរួមគ្នាថែរក្សាឱ្យបានយូរអង្វែង ព្រោះមិនមែនខូចហើយ អាចធ្វើឡើងវិញបាននោះឡើយ។ បើនិយាយអំពីការតាំងវិញ មនុស្សយើងអាចមានអាយុត្រឹម ១៥០ឆ្នាំ គឺរីករាយពេកហើយ តែព្រលឹងជាតិ និងប្រាសាទរបស់ខ្មែរ ត្រូវថែរក្សាឱ្យបានយូរអង្វែងរាប់ពាន់ឆ្នាំទៅមុខទៀត, រមណីយដ្ឋានអង្គរនឹងត្រូវដកចេញពីបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក បើរក្សាមិនបានតាមលក្ខខណ្ឌកំណត់របស់អង្គការយូណេស្កូ ពេលនោះមោទនភាពជាតិខ្មែរដ៏ធំសម្បើមនឹងត្រូវបាត់បង់ចេញពីឆាកអន្តរជាតិ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់នៅចំពោះមុខប្រជាពលរដ្ឋ និងក្រុមមន្ត្រីថា ខ្ញុំចុះមករុនតាឯកនាពេលនេះ គឺខ្ញុំប្តេជ្ញាចិត្តបន្តស្មារតីអភិវឌ្ឍន៍តំបន់រុនតាឯកឱ្យកាន់តែល្អប្រសើរសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ។ យើងបន្តរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធរដ្ឋបាលឱ្យកាន់តែល្អប្រសើរថែមទៀត ជាទិសដៅប្រែក្លាយតំបន់នេះទៅជាក្រុងមួយក្នុងខេត្តសៀមរាប។
តើវាសមដែរទេ ប្រាសាទដូនតាបន្សល់ទុករាប់ពាន់ឆ្នាំហើយ បែរជាយើងខ្មែរជំនាន់ក្រោយមិនអាចរួមគ្នាថែរក្សាតម្លៃប្រាសាទដូនតាបាននោះ? ដូច្នេះ ត្រូវតែរួមគ្នាថែរក្សា ទាំងគុណភាព និងតម្លៃ ហើយរវាងប្រាសាទ និងប្រជាពលរដ្ឋ គឺរាជរដ្ឋាភិបាលជ្រើសយកទាំងពីរ៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN

















