ភ្នំពេញ៖ ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អញ្ជើញជាអធិបតីក្នុង ពិធីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិខួបលើកទី៧៥ ក្រោមប្រធានបទខួបទី ៧៥ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ដែលរៀបចំឡើងដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សហការជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅថ្ងៃសុក្រ ទី៨ ខែធ្នូ ឆ្នាំ២០២៣។

លោកស្រី រួអិលដា អិលហាច តំណាងការិយាល័យ ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាបានមានលើកឡើងថា ឆ្នាំនេះជាខួបលើកទី៧៥ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ដែលជាលិខិតុបករណ៍សិទ្ធិមនុស្សដំបូង ដែលចែងអំពីសិទ្ធិនិងសេរីភាពជាមូលដ្ឋាន។ ហើយឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាបានចូលរួមចំណែកនៅក្នុងកិច្ចសហប្រតិបត្តិការ ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដៃគូរអភិវឌ្ឍន៍ផ្សេងៗទៀត និងអង្គការសង្គមស៊ីវិលផ្សេងៗទៀតក្នុងការចូលរួមធ្វើយ៉ាងណាឱ្យមានការគោរព និងការលើកកំពស់សិទ្ធិមនុស្សនៅព្រះរាជាណាចក្រកម្ពុជា និងបន្តកិច្ចសហប្រតិបត្តិការណ៍នេះបន្តទៀត។

ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារនិងលើកកម្ពស់សិទ្ធិមនុស្ស ដោយសម្រេចបាននូវសមិទ្ធផលធំៗជាច្រើន ហើយនៅនីតិកាលទី៧នេះ ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដើម្បីសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០ ដោយកំណត់នូវអាទិភាពគន្លឹះចំនួន៥គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។

ទន្ទឹមនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ ដែលត្រូវចាប់ផ្ដើមអនុវត្តភ្លាមក្នុង ឆ្នាំ២០២៣ រួមមាន៖១.ការផ្ដល់ការថែទាំសុខភាពឆ្ពោះទៅកម្មវិធីគ្រប ដណ្ដប់សុខភាពជាសកល,២.ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យទូទាំងប្រទេស, ៣.ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ ក្រុមងាយរងគ្រោះ នៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន, ៤.ការដាក់ចេញ និងការជំរុញអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យមានលទ្ធភាពចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងអាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធគាំពារសង្គមផ្លូវការ, ៥.ការដាក់ចេញនូវ យន្ដការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃ កសិផលសំខាន់ៗក្នុងកម្រិតសមរម្យ និង ៦. ការដាក់ពង្រាយមន្រ្តីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្មនៅទូទាំងប្រទេស និងការរៀបចំឱ្យមានសមាគមកសិករនៅតាមជនបទ។
ជាការអបអរខួបទី៧៥នេះ រាជរដ្ឋាភិបាលបានយក “ការពង្រឹងកិច្ចគាំពារសង្គម” ជាការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការចូលរួមជាមួយអង្គការសហប្រជាជាតិ និងរដ្ឋជាសមាជិកដទៃទៀត ក្នុងគោលដៅលើកកម្ពស់ សកលភាពនិង ភាព មិនអាចកាត់ផ្តាច់ពីគ្នា បាននៃសិទ្ធិមនុស្ស និងការ សម្លឹងឆ្នោះ ទៅ អនាគត៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី









