ភ្នំពេញ ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ៖ បន្ទាប់ពីបានឃើញការផ្សព្វផ្សាយព័ត៌មាន ផុសនៅលើបណ្តាញសង្គម ជុំវិញមន្រ្តីនគរបាលចរាចរណ៍បានឃាត់រថយន្ត០១គ្រឿង ចោទថាល្មើសសញ្ញាចរាចរណ៍ បង្កឱ្យមានការប្រកែកគ្នា រវាងអ្នកបើកបររថយន្ត និងមន្រ្តីនគរបាលចរាចរណ៍ឈរជើង នៅគោលដៅភ្លើងសញ្ញាចរាចរណ៍ (ក្តាន់ពីរ) កាលពីរសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ នាំឱ្យអ្នកលេងបណ្តាញសង្គមស៊ែរព័ត៌មាននោះ ចែករំលែកតៗគ្នាបង្កឱ្យមានការភ្ញាក់ផ្អើល។

បន្ទាប់ពីឃើញឃ្លីបវីដេអូនេះភ្លាម ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យលោកវរសេនីយ៍ឯក ដេ ម៉ៅ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ធ្វើការស្រាវជ្រាវ និងកោះហៅមន្ត្រីនគរបាលចរាចរណ៍ចំនួន០៣នាក់ ឱ្យចូលខ្លួនមកបំភ្លឺ ជុំវិញបញ្ហាការបង្ហោះវិដេអូនោះ។
នៅរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ មន្រ្តីនគរបាលចរាចរណ៍០៣នាក់ ដែលស្ថិតក្នុងរឿងរ៉ាវបញ្ហានៅគោលដៅភ្លើងសញ្ញាចរាចរណ៍ (ក្តាន់ពីរ) ត្រូវបានកោះហៅយកមកសាកសួរនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំការពិនិត្យ និងសុំគោលការណ៍សម្រេចពីឯកឧត្តមស្នងការ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី
