នេះជារឿងដ៏ភ្ញាក់ផ្អើលថ្មី ដែលឃើញហើយរកថ្លែងពុំចេញនោះទេ គ្រាដែលបានឃើញសកម្មភាពមនុស្សម្នាប្រុសស្រី បាននាំគ្នាស្រវ៉ាឡើងដើមទឹកដោះគោ បេះស្លឹកយកទៅដាំទឹកផឹក ព្រោះជឿថាអាចជួយព្យាបាលជំងឺផ្សេងៗ ក្រោយពេលដែលព្រះអង្គ ចន្ទ មុន្នី ទៅទេសនានៅក្រោមដើមទឹកដោះគោនោះ។
ជាក់ស្តែង តាមរយៈវីដេអូខ្លីជាង១នាទី បានបង្ហាញថា គឺគ្រាន់តែព្រះអង្គ ចន្ទ មុនី ទេសនាក្រោមដើមទឹកដោះគោចប់ភ្លាម ស្រាប់តែមនុស្សផ្អើលឈូឆរ នាំគ្នាឡើងដើមទឹកដោះគោគ្មានខ្លាចធ្លាក់នោះទេ ដើម្បីកាច់មែក បេះសឹ្លក យកទៅផ្ទះដើម្បីដាំទឹកផឹក ព្រោះជឿថាជាថ្នាំដ៏ពូកែស័ក្តិសិទ្ធិ អាចព្យាបាលជាសះស្បើយជំងឺទាំងឡាយទាំងពួងបាន។
ហេតុការណ៍ដ៏ហួសចិត្តខ្លាំងបំផុតនេះ ត្រូវបានដឹងថា ទើបតែបានកើតឡើងនាពេលថ្មីៗនេះ (ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣) ខណៈព្រះអង្គ ចន្ទ មុន្នី ទៅទេសនានៅក្រោមដើមទឹកដោះគោ និងក៏ដូចប្រោះព្រំទឹកមន្ត ស្ថិតនៅវត្តចំបក់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ពិតណាស់ ក្រោយពីបានឃើញទិដ្ឋភាពនេះរួចភ្លាមៗ មហាជនជាច្រើននៅលើបណ្តាញសង្គម បានសម្តែងការហួសចិត្តយ៉ាងខ្លាំង ដោយបានដាក់ទៅកាន់ក្រុមអ្នកមានជំនឿដ៏ជ្រុលហួសទាំងនោះបែបៗនេះថា៖ «ម្តេចក៏នាំគ្នាឆ្គួតអស់ហើយ, ខ្សែស្រឡាយឥណ្ឌាមែនទែនហើយ ឃើញហើយអនិច្ចា មិនស្មានថាជនជាតិខ្ញុំដល់ថ្នាក់នេះសោះ, បើសិនជាព្រះអង្គ វាសី ចាន់ មុនី និមន្តមកទេសនានៅទីលានចាក់សម្រាមដង្កោរ ប្រហែលជារើសសំរាមយកមកដាំទឹកផឹកកែរោគទៀតមើលទៅ…..(បើមិនជឿកុំប្រមាថពាក្យនេះកំពុងពេញនិយមប្រើ)»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង