Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានភាព​កម្រិត​ទឹកជំនន់​ទន្លេមេគង្គ​ខេត្ត​ក្រចេះ បាន​ហក់​ឡើងដល់ ២១,១៧ ម៉ែត្រ​

​ខេត្ត​ក្រចេះ ​៖ កម្រិត​កម្ពស់​ទឹក ទន្លេមេគង្គ​ខេត្តក្រចេះ បាន​ហក់​ឡើងដល់​២១,១៧​ម៉ែត្រ គិត​ត្រឹម​ម៉ោង ៧​និង​០០​នាទី នៅ​ព្រឹក​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៨ នេះ ប្រៀបធៀប​ទៅនឹង​ថ្ងៃទី​២៩ ម្សិលមិញ មានការ​ហក់​ឡើង ០,៣១​ម៉ែត្រ​។​

​យើង​សង្កេតឃើញថា មានការ​ហក់​ឡើង​ឥត​ឈប់​ពី​មួយថ្ងៃ​ទៅមួយថ្ងៃ បណ្ដាល​ឲ្យ​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ ជាច្រើន​ក្នុង​ផ្ទះ នៅ តាម​បណ្ដា​ស្រុក​ក្រុង​ទាំង ៦ ក្នុង​ខេត្ត​ក្រចេះ មានដូចជា ស្រុក​សំបូរ ស្រុក​ចិត្រ​បុរី ក្រុង​ក្រចេះ ស្រុក​ឆ្លូង និង​ស្រុក​ព្រែក​ប្រសព្វ បង្ក​ផលប៉ះពាល់​ដល់​លំនៅដ្ឋាន សត្វពាហនៈ និង​ប្រពន្ធ័​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន ដោយសារ​ភូមិសាស្ត្រ​ស្រុក ក្រុង ជាប់​នឹង​ដង​ទន្លេ មេគង្គ ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​ងាយ​ទទួលរង​ឥទ្ធិពល​ដោយសារ​ទឹកជំនន់​ជន់​លិច​។​

​ការ​ប្រែ​ប្រួស​នេះ គឺ​ដោយសារ​ទន្លេមេគង្គ​ទទួលរង​នូវ​ទឹក ដែល​បាក់​ទំនប់​វា​រី​អគ្គីសនី មកពី​ប្រទេស​ឡាវ និង​មាន​ភ្លៀង​ធ្លាក់​ជា​បន្ត បន្ទាប់ នៅ​តំបន់​ខាងលើ​អាង​ទន្លេមេគង្គ​។​ ​លុះដល់​ម៉ោង​ពី​អាជ្ញាធរ​ខេត្ត នៅ​មិនទាន់មាន​តួរ​លេខ នៃ​ផល​ប៉ះពាល់​ការ​លិច ចំនួន​ខ្នង​ផ្ទះ ទ្រព្យសម្បត្តិ សត្វពាហនៈ និង​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ ឡើយ​ទេ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា ទឹក​បាន​ហក់​ឡើង​ជិត​ដល់​ចំណុច​ប្រ កាស​អាសន្ន​ហើយ អាជ្ញាធរខេត្ត​ក៏​បាន​ត្រៀម និង​បង្កា​លក្ខណៈ​រួចជាស្រេច ទាំង​សម្ភារៈ និង​មធ្យោបាយ ជួយសង្គ្រោះ បន្ទាន់​ដល់​ប្រជាពលរដ្ឋ និង​កំពុង​ជម្លៀស​ប្រជាពលរដ្ឋ ទៅ​កាន់​ទី​ទួល​សុវត្ថិភាព ដែល​អាជ្ញាធរ​ខេត្ត​បាន​រៀបចំ​ទុក ។​

​អាជ្ញាធរ​ខេត្ត​ក្រចេះ នឹង​ធ្វើ​ការប្រកាសអាសន្ន​ខណៈ​ដែល​ទឹក​ទន្លេមេគង្គ​ខេត្តក្រចេះ​ហក់​ឡើងដល់​​ចំណុច ២២,០០​ម៉ែត្រ ក្នុងនោះ​ក៏​បាន​ត្រៀម​រៀបចំ​រួចជាស្រេច​នូវ​ទូក កាណូត និង​មធ្យោបាយ​ដឹកជញ្ជូន​ផ្សេងៗ ដើម្បី​ចេញ​ទៅ​ជួយ​សង្គ្រោះ​បន្ទាន់​ដល់​ប្រជា ពលរដ្ឋ​នៅ​តាម​គោលដៅ​ជន់​លិច​មួយ​ចំនួន ឲ្យបាន​ទាន់​ពេលវេលា ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ផ្សេងៗ ដែល​កើតឡើង​ជា​យថាហេតុ ៕ ​ដោយ ​៖ ​កូឡាប​

×