ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានជនសង្ស័យមិនស្គាល់មុខ ចាក់មួយកាំបិតចំពីក្រោយខ្នងចំហៀងស្មារ ខាងឆ្វេង បណ្តាលឲ្យដេកស្លាប់ ក្បែrផ្ទះពលរដ្ឋក្នុងថ្លុកឈាម។ ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះដែរ បានកើតឡើងនៅវេលាម៉ោង៤ទៀបភ្លឺឈានចូលថ្ងៃទី១០ ខែធ្នូឆ្នាំ២០២៣ លើផ្លូវបេតុងកែងផ្លូវ២៧១ ចំណុចក្បែrគល់ស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
សពជនរងគ្រោះមានឈ្មោះ កន វឿន ភេទប្រុស អាយុ២៩ឆ្នាំ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ជាមួយគ្រួសារ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។

បើតាមប្រភពព័ត៌មានពីបុរសម្នាក់ បានឃើញហេតុការណ៍ខាងលើបានបង្ហើបឲ្យដឹងថា មុនពេលកើតហេតុនៅវេលាម៉ោងប្រមាណជា៤ទៀបភ្លឺឈានចូល ថ្ងៃទី១០ខែធ្នូ រូបគាត់បានដើរចុះទៅបត់ជើងតូចក្បែរកន្លែងកើតហេតុខាងលើ ពេលនោះដែររូបគាត់ក្រឡេក ទៅក៏ឃើញបុរសរងគ្រោះបានដេកដួលទាំងផ្កាប់មុខ ក្នុងថ្លុកឈាម បន្ទាប់មករូបគាត់ក៏បានស្រែកឲ្យនាក់ជិតខាង មកជួយនិងចូលទៅពិនិត្យទៅលើជនរងគ្រោះឃើញថា បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ បន្ទាប់មកពួកគេក៏បានរាយករាណ៍ទៅសមត្ថកិច្ចមូលដ្ឋានប៉ុស្ថិ៍នគរបាលរដ្ឋបាលសង្កាត់បឹងសាឡាង ដើម្បីឲ្យចុះមកទីតាំងកើតហេតុភ្លាមៗផងដែរ។ បន្ទាប់ពីសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បឹងសាឡាង ចុះមកដល់ក៏បានយកខ្សែហ៊ុំព័ទ្ធជុំវិញនៃទីតាំងសព។ រួចក៏ទាក់ទងទៅខាងជំនាញកោសល្យវិច្ច័យ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្តដើម្បីឲ្យចុះមកពិនិត្យទៅលើសពបុរសរងគ្រោះ ។

ក្រោយពីខាងកម្លាំងជំនាញពិនិត្យទៅលើសពរួចដោយបញ្ជាក់ច្បាស់ថា សពបុរសរងគ្រោះត្រូវបានគេចាក់មួយកាំបិត ចំពីក្រោយខ្នងចំហៀងស្មារខាងឆ្វេង ទើបបណ្ដាលឲ្យស្លាប់ ហើយករណីខាងលើនេះ គឺជាករណីឃាតកម្ម ដោយជនសង្ស័យមិនស្គាល់មុខ បានចាក់សម្លាប់ទៅលើជនរងគ្រោះ។ រួចឲ្យគ្រួសារជនរងគ្រោះដាក់ពាក្យបណ្ដឹង នៅប៉ុស្ថិ៍នគបាលរដ្ឋបាលសង្កាត់បឹងសាឡាង ដើម្បីឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវ រកឃាតករដើម្បីយកមកចាត់ការទៅតាមនីតិវិធីផ្លូវច្បាប់៕ រក្សាសិទ្ធដោយ ៖ សា មេត




