នេះជាខណៈពេលដ៏ភ្ញាក់ផ្អើល និងគួរឲ្យព្រួយបារម្ភគ្រោះថ្នាក់យ៉ាងខ្លាំង នៅពេលដែលបានឃើញសំណង់អគារខុនដូមួយកន្លែង នៅក្នុងខេត្ត ណុនថាបុរី ប្រទេសថៃ ស្រាប់តែបានបាក់រលំផ្នែកនៃជញ្ជាំងធ្លាក់ចុះមក ខណៈកម្មករខ្លះកំពុងធ្វើការនៅជាន់ផ្ទាល់ដី ប៉ុន្តែ ផ្ទះអ្នកជិតខាងនៅក្បែរ ត្រូវបានរាយការណ៍ថាបានរងការខូចខាតយ៉ាងដំណំ។
តាមការសាកសួរម្ចាស់ផ្ទះជិតខាង ដែលដំបូលផ្ទះរបស់គាត់បានបាក់ បានបង្ហើបថា ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១០ព្រឹក ពេលគាត់ទើបបើករថយន្តត្រឡប់មកផ្ទះវិញ ហើយកំពុងបិទទ្វារ។ នៅពេលនោះ គាត់បានឮសំឡេងខ្លាំងមួយ និងបន្ទាប់មក ក៏ឃើញបំណែកសំណង់ធ្លាក់មកពីចំហៀងខុនដូដែលកំពុងសាងសង់ប្រាវៗតែម្តង។ ពេលងាកទៅមើលក៏ឃើញដំបូលផ្ទះមានធូលី បំណែកកម្ទេចកំទីសំណង់ពេញផ្ទះ ហើយក៏មានសំណល់ដែកធ្លាក់ពេញដំបូលផ្ទះផងដែរ។
មិនត្រឹមតែដំបូលទេ ពេលមើលទៅក្នុងផ្ទះក៏ឃើញដំបូលនៅជាន់ទី២រងការខូចខាត រួមទាំងដំបូលផ្ទះខាងក្រោយផងដែរ។ សំណាងល្អដែលពេលនោះមិនមានមនុស្សនៅក្នុងផ្ទះ ពុំនោះទេ អាចនឹងបណ្តាលឲ្យបណ្តាលឲ្យរងរបួស ឬគ្រោះថ្នាក់ដល់អាយុជីវិតពុំខានឡើយ។
ទោះជាយ៉ាងណា ក្រោយកើតហេតុ អ្នកម៉ៅការខុនដូ ចេញមកបង្ហាញការទទួលខុសត្រូវ ដោយមិនស្ទាក់ស្ទើរ ចាប់តាំងពីការសម្អាតរបស់ខូចខាតទាំងអស់ ដែលមិនទាន់វាយតម្លៃនៅឡើយ។ អ្នកយកព័ត៌មានបានបង្ហើបឱ្យដឹងថា ក្នុងពេលចុះពិនិត្យផ្ទះ៣ខ្នងដែលរងការខូចខាតនោះ កម្មករសំណង់ដែលកំពុងជួសជុលរបងស៊ីម៉ងត៍ មិនអនុញ្ញាតឱ្យអ្នកយកព័ត៌មានថតរូបខុនដូនោះទេ ដោយអះអាងថា អ្នកម៉ៅការបានដោះស្រាយបញ្ហាជាមួយម្ចាស់ផ្ទះរួចហើយ។
លោក Wattanachai Witthayapradit ប្រធានស្តីទីនៃនាយកដ្ឋានគ្រប់គ្រងអគារ និងនគរូបនីយកម្មនៃក្រុង Nonthaburi ត្រូវបានចុះពិនិត្យ ក្រោយហេតុការណ៍នេះកើតឡើង និងបានបញ្ជាឱ្យម្ចាស់អគារ អ្នកកាន់កាប់អគារ ប្រតិបត្តិករអគារ ត្រូវធ្វើពិនិត្យឡើងវិញដើម្បីការពារសម្ភារធ្លាក់ចុះ ដោយត្រូវតែមានកម្ពស់ស្មើគ្នាទៅនឹងអាគារដែលកំពុងសាងសង់នៅគ្រប់ជាន់ទាំងអស់។ លើសពីនេះ ត្រូវដំឡើងផ្លាកសញ្ញាគម្រោង និងស្តង់ដារសម្រាប់ការពារគ្រោះថ្នាក់ដល់សុខភាព អាយុជីវិត រាងកាយ ទ្រព្យសម្បត្តិ ស្របតាមបទប្បញ្ញត្តិរបស់ក្រសួង និងមិនត្រូវប្រើប្រាស់ ឬចូលទៅក្នុងផ្នែកណាមួយនៃអគារដែលកំពុងសាងសង់ឡើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង
@naoki_korn ♬ การเดินทาง – JONIN & Niyom Khom