រាជធានីភ្នំពេញ ៖ បន្ទាប់ពីមានបណ្តាញផ្សាយព័ត៌មានមួយចំនួនបានផ្សព្វផ្សាយក្រុមហ៊ុនថា ក្រុមហ៊ុនVingroup របស់វៀតណាម គ្រោងបើកក្រុមហ៊ុនតាក់ស៊ីដោយប្រើរថយន្តអគ្គិសនីចំនួន ២ ៥០០ គ្រឿងនៅ រាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប រួចមក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានចេញសេចក្តីថ្លែងការណ៍ថា សម្តេចធិបតីនាយករដ្ឋមន្រ្តី មិនបានផ្តល់គោលការណ៍អនុញ្ញាតឲ្យក្រុមហ៊ុន Vingroup របស់វៀតណាម មកបើកដំណើរការក្រុមហ៊ុនតាក់ស៊ីអគ្គិសនី នៅប្រទេសកម្ពុជានោះទេ។

បើតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល កាលពីថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០២៣ មានបណ្តាញផ្សាយព័ត៌មានមួយចំនួនបានផ្សព្វផ្សាយថា ក្រុមហ៊ុន Vingroup របស់វៀតណាមគ្រោងបើកក្រុមហ៊ុនតាក់ស៊ីដោយប្រើរថយន្តអគ្គិសនីចំនួន ២ ៥០០ គ្រឿងនៅ រាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប។ ព័ត៌មាននេះបានធ្វើឱ្យមានការចាប់អារម្មណ៍ពីសំណាក់អ្នក លេងបណ្តាញសង្គមមួយចំនួន និងបាននាំគ្នាចែកចាយបន្តដែលធ្វើឱ្យសាធារណជនមួយចំនួនយល់ច្រឡំថា ក្រុមហ៊ុននេះនឹងមកបើកអាជីវកម្មនៅកម្ពុជាក្នុងឆ្នាំ ២០២៤។
អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនសាធារណជនឱ្យបានជ្រាបថា នៅក្នុងជំនួបពិភាក្សាជាមួយ សម្ដេចធិបតី កាលពីរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅរដ្ឋធានីហាណូយ ប្រធានក្រុមហ៊ុន Vingroup ពិតជាបានលើកសំណើ និងបានបង្ហាញបំណងចង់មកវិនិយោគបើកក្រុមហ៊ុនតាក់ស៊ីដោយប្រើរថយន្តអគ្គិសនី នៅកម្ពុជាពិតមែន។ ប៉ុន្តែ សម្ដេចធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មិនបានផ្តល់ គោលការណ៍អនុញ្ញាតតាមសំណើរបស់ក្រុមហ៊ុននោះទេ៕សូមរំលឹកថា នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក ង្វៀន វៀតក្វាង (Nguyen Viet Quang) អនុប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន Vingroup ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការរយៈពេល ០២ ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ។

ក្នុងជំនួបនេះ លោក ង្វៀន វៀតក្វាង បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានសម្តែងនូវការអបអរសាទរចំពោះ សម្តេចធិបតី ដែលត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា លើកទី៤៤ អាណត្តិទី៥ បោះឆ្នោតជ្រើសតាំង ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ។ លោកអគ្គនាយកក្រុមហ៊ុន Vingroup បានជម្រាបជូន សម្តេចធិបតី អំពីដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន ជាពិសេសគោលបំណងក្នុងការវិនិយោគរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។
ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន Vingroup ហើយក៏សូមស្វាគមន៍ចំពោះការវិនិយោគផ្សេងទៀត និងសូមយកចិត្តទុកដាក់លើការពង្រីកសេវាផ្សេងៗបន្ថែម ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវគោលនយោបាយក្នុងការប្រើប្រាស់នូវថាមពលស្អាត ដែលរួមចំណែកដល់កិច្ចគាំពារ និងថែរក្សាបរិស្ថាន ។ ជាមួយគ្នានេះ សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពវិនិយោគលើការផលិតគ្រឿងបង្គុំ និងគ្រឿងបន្លាស់រថយន្ត នៅក្នុងប្រទេសកម្ពុជា សម្រាប់ការប្រើប្រាស់នៅក្នុងខ្សែច្រវាក់ផលិតកម្មរថយន្តនៅក្នុងប្រទេសវៀតណាម ផងដែរ ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី








