សៀមរាប ៖ ប្រាសាទអង្គរត្រូវបានបញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ នាទីក្រុងសាន់តាហ្វេសហរដ្ឋអាមេរិក, ហើយនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣នេះ គឺជាខួបលើកទី៣១ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (១៤ ធ្នូ ១៩៩២ – ១៤ ធ្នូ ២០២៣)។
ក្រោយពីការដាក់បញ្ចូលតំបន់រមណីយដ្ឋានអង្គរ ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក សន្និសីទអន្តរជាតិមួយបានប្រារព្ធ ធ្វើឡើងនៅទីក្រុងតូក្យូ ចាប់ពីថ្ងៃទី ១២-១៣ ខែតុលាឆ្នាំ១៩៩៣ ក្រោមការផ្តួចផ្តើមគំនិតរបស់រាជរដ្ឋាភិបាលជប៉ុន ដោយមានការគាំទ្រពីប្រទេសបារាំង និងអង្គការយូណេស្កូ ដើម្បីដាក់ចេញនូវយុទ្ធសាស្ត្រ និងផែនការសកម្មភាពនានា ជាប្រយោជន៍ដល់កិច្ចការ ពារអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ, ហើយដើម្បីសម្រេចគោលដៅ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិហៅកាត់ ថា អាយ ស៊ី ស៊ី អង្គរ ត្រូវបានបង្កើតឡើង នាខែធ្នូ ឆ្នាំ១៩៩៣ និងបច្ចុប្បន្នធ្វើបេសកកម្មការងារលើការអភិរក្ស ការពារនិងថែទាំប្រាសាទនានាក្នុងប្រទេសកម្ពុជា។

តំបន់ឧទ្យានអង្គរ មិនមែនសំដៅតែទៅលើប្រាសាទអង្គរវត្តតែមួយនោះទេ តែសំដៅលើរមណីយដ្ឋានអង្គរទាំងមូល ក្នុងនោះរួមបញ្ចូលទាំងប្រាសាទបុរាណដ្ឋាន ស្ថានីយបុរាណវិទ្យា បរិស្ថាន និងសហគមន៍មនុស្សផងដែរ ដែលមានផ្ទៃក្រឡាសរុប ៤០១គីឡូម៉ែត្រការ៉េ។ នៅក្នុងរមណីយដ្ឋានអង្គរទាំងមូល មានប្រាសាទជិត១០០ ផ្សេងទៀត ដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
គួរបញ្ជាក់ថា ក្រោមកិច្ចសម្របសម្រួលរបស់ក្រុមការងាររាជរដ្ឋាភិបាល និងកិច្ចសហការពីប្រជាពលរដ្ឋ ក្នុងបុព្វហេតុរក្សាសម្បត្តិវប្បធម៌មនុស្សជាតិរបស់កម្ពុជាឱ្យស្ថិតនៅជាតម្លៃបេតិកភណ្ឌពិភពលោកនោះ, ប្រជាពលរដ្ឋបានស្ម័ត្រចិត្តប្តូរទីលំនៅចេញពីតំបន់រមណីយដ្ឋានអង្គរទៅរស់នៅតំបន់អភិវឌ្ឍន៍ថ្មី រុនតាឯក មានចំនួន ៥,៨៦៥គ្រួសារ និងតំបន់ ពាក់ស្នែង ចំនួន ៤,០៣២គ្រួសារ។

ពិតណាស់ថា ការផ្លាស់ប្តូរទីលំនៅទៅកាន់ភូមិឋានថ្មី ជារឿងមួយដ៏លំបាកសម្រាប់ប្រជាពលរដ្ឋ, ប៉ុន្តែសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានចាត់ចែងរៀបចំ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់បំផុតប្រែក្លាយតំបន់ព្រៃរបោះទៅជាភូមិឋានដែលមានហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការរស់នៅ ពោលគឺ ឱ្យអាជ្ញាធរពាក់ព័ន្ធរៀបចំឈូសឆាយ និងចាក់បំពេញ ដីលំ នៅ ឋានតាមឡូតិ៍នីមួយៗជូនប្រជាពលរដ្ឋ (មួយគ្រួសារទទួលបានដី ២០ម៉ែត្រ×៣០ម៉ែត្រ) និងរៀប ចំសាងសង់ផ្លូវ បណ្តាញ លូ រំដោះទឹក សាលារៀន មន្ទីរពេទ្យ ផ្សារ វត្តអារាម បណ្តាញអគ្គិសនី បណ្តាញ ទឹកស្អាត បណ្តាញសេវាទូរស័ព្ទ និងការិយាល័យរដ្ឋបាល ជាដើម។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អាណត្តិទី៧ បានថ្លែងទៅកាន់ប្រជាពលរដ្ឋ និងក្រុមមន្ត្រី ក្នុងជំនួបសំណេះសំណាលជាមួយអ្នករុនតាឯក ថា រាល់ប្រាសាទនៅរមណីយដ្ឋានអង្គរ មានផ្ទៃដី ៤០១គីឡូម៉ែត្រការ៉េ ត្រូវតែរួមគ្នាថែរក្សាឱ្យបានយូរអង្វែង ព្រោះមិនមែនខូចហើយ អាចធ្វើឡើងវិញបាននោះឡើយ។ បើនិយាយអំពីការតាំងនៅវិញ មនុស្សយើងអាចមានអាយុត្រឹម ១៥០ឆ្នាំ គឺរីករាយណាស់ទៅហើយ តែព្រលឹងជាតិ និងប្រាសាទរបស់ខ្មែរ ត្រូវថែរក្សាឱ្យបានយូរអង្វែងរាប់ពាន់ឆ្នាំទៅមុខទៀត, រមណីយដ្ឋានអង្គរនឹងត្រូវដកចេញពីបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក បើរក្សាមិនបានតាមលក្ខខណ្ឌកំណត់របស់អង្គការយូណេស្កូ ពេលនោះមោទនភាពជាតិខ្មែរដ៏ធំសម្បើមនឹងត្រូវបាត់បង់ចេញពីឆាកអន្តរជាតិ។
តើវាសមដែរទេ ប្រាសាទដូនតាបន្សល់ទុករាប់ពាន់ឆ្នាំហើយ បែរជាយើងខ្មែរជំនាន់ក្រោយ មិនអាចរួមគ្នាថែរក្សាតម្លៃប្រាសាទដូនតានេះបាន? ដូច្នេះ ត្រូវតែរួមគ្នាថែរក្សា ទាំងគុណភាព និងតម្លៃ ហើយរវាងប្រាសាទ និងប្រជាពលរដ្ឋ គឺរាជរដ្ឋាភិបាលជ្រើសយកទាំងពីរ៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN




























