ជឿថាមនុស្សគ្រប់គ្នា ពិសេសក្នុងនាមជាឪពុកម្តាយប្រាកដណាស់បានដឹងហើយ ពីហានិភ័យនៃការចាកចេញពីកូនតូចៗដែលទុកឲ្យនៅផ្ទះតែម្នាក់ឯង។ ទោះជាយ៉ាងណា នៅក្នុងករណីមួយនេះ គ្រាដែលក្មេងស្រីអាយុ ៣ ឆ្នាំម្នាក់ នៅទីក្រុងសៀងហៃ ដែលត្រូវបានឪពុកម្តាយទុកឲ្យនៅផ្ទះតែម្នាក់ឯង ហើយចៃដន្យក៏មានបុរសដឹកជញ្ជូនម្នាក់បានមកយកកញ្ចប់អ៊ីវ៉ាន់ ហើយសុំចូលយកកញ្ចប់ខាងក្នុងផ្ទះតាមកាតព្វកិច្ច បានក្លាយជារឿងហេតុធ្វើឲ្យមនុស្សជាច្រើនឮហើយពិតជាស្លុតចិត្តយ៉ាងខ្លាំង។
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ។ វីដេអូឃ្លីបពីកាមេរ៉ាសុវត្ថិភាពនៅក្នុងផ្ទះ បានបង្ហាញឲ្យឃើញក្មេងស្រីអាយុ ៣ ឆ្នាំ នៅក្នុងផ្ទះតែម្នាក់ឯង។ បន្ទាប់មក ក៏មានការគោះទ្វារ ក្មេងតូចឮដូច្នេះក៏ទៅបើកទ្វារភ្លាម។ បុគ្គលិកមានការភ្ញាក់ផ្អើលពេលឃើញក្មេងតូចម្នាក់បើកទ្វារ។ តែទោះជាយ៉ាងណា គាត់មិនព្រមចូលទេ គាត់សួរច្រើនដងថាតើមានមនុស្សធំនៅក្នុងផ្ទះឬអត់? ព្រោះត្រូវចូលទៅយកកញ្ចប់អ៊ីវ៉ាន់ខាងក្នុង។
បន្ទាប់មក បុគ្គលិកដ៏ល្អរូបនោះបានសម្រេចចិត្តទាក់ទងទៅលេខរបស់អតិថិជន ដែលជាឪពុកម្តាយរបស់ក្មេងស្រីតូច មុននឹងត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងផ្ទះ ដូច្នេះគាត់ក៏ដើរចូលទៅយកកញ្ចប់នោះ រួចប្រញាប់ចេញវិញយ៉ាងឆាប់រហ័ស។ ប៉ុន្តែមុននឹងចូលទៅតាមទ្វារ អ្នកដឹកជញ្ជូនបានធ្វើការណែនាំដល់ក្មេងប្រុសតូចនោះថា «កុំបើកទ្វារទៀតឲ្យសោះ ចាប់ពីពេលឥឡូវនេះទៅណា៎ក្មួយ!!»។
វីដេអូនេះបានក្លាយជាប្រធានបទក្តៅនៅលើអ៊ីនធឺណិត។ មនុស្សជាច្រើនបានមកកោតសរសើរចំពោះ “ការរំលឹកដ៏កក់ក្តៅ” របស់បុគ្គលិកដែលមានចិត្តសប្បុរសរូបនោះជាខ្លាំង ហើយនេះគឺទង្វើនៃការព្រមានដ៏ល្អរបស់គាត់ ដើម្បីរំលឹកទៅដល់ឪពុកម្តាយមិនគួរធ្វេសប្រហែសក្នុងការទុកកូនតូចរបស់ពួកគេឱ្យនៅម្នាក់ឯងនៅក្នុងផ្ទះនោះទេ ព្រោះបើទោះជាឪពុកម្តាយប្រាប់កូនមិនឲ្យបើកទ្វារទទួលជនចម្លែកក៏ដោយ ប៉ុន្តែក្មេងនៅអាយុនេះនៅតែមិនអាចយល់ដឹងពីសុវត្ថិភាព និងការពារខ្លួនបានឡើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង