Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន ជាមួយប្រដឹសឫស្សី ត្រៀមស្វាគមន៍ភ្ញៀវទេសចរក្នុងឱកាសចូលឆ្នាំសាកល

spot_img

ខេត្តកំពង់ចាម÷ ប្រដឹសឫស្សីមានប្រវែងប្រហែល ១០០០ម៉ែត្រ តភ្ជាប់ពីក្រុងកំពង់ចាម ឆ្នោះទៅឆ្នេរខ្សាច់កោះប៉ែន ទឹកដីស្រុកកំពង់សៀម នៃខេត្តកំពង់ចាម, គិតរហូតមកដល់ព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ក្រុមកម្មករជំនាញខាងធ្វើប្រដឹសកំពុងតែនាំគ្នាសម្រុកធ្វើឱ្យបាសម្រេច សម្រាប់ឱ្យភ្ញៀវមកលេងកម្សាន្ត នៅរមណីយ ដ្ឋានកែច្នៃឆ្នេរខ្សាច់កោះប៉ែននេះ នារដូវទឹកសម្រក និងឱកាសបុណ្យចូលឆ្នាំសាកលខាងមុខនេះ   ជាមួយការបាញ់កាំជ្រួចសម្រាប់ឆ្លងឆ្នាំទៀតផង។

លោកតា ហួរ ហៀង អាយុ៧៧ឆ្នាំ រស់នៅសង្កាត់សំបួរមាស ក្រុងកំពង់ចាមមានប្រសាសន៍ឱ្យដឹងថា នេះជារដូវខ្យល់ធ្លាក់មកពីទិសខាងជើង ហើយគាត់បានឆ្លៀតមកអង្គុយលេងក្រោមម្លប់ពោធិ៍មុខវត្តដីដុះក្រុងកំពង់ចាម នៅមាត់ទន្លេ ដោយបានចោលកន្ទុយភ្នែក មើលទៅត្រើយម្ខាងទៀតឃើញឆ្នេរខ្សាច់កោះប៉ែន និងប្រដឹសឫស្សីដែលក្រុមកម្មករកំពុងតែនាំគ្នាមមាញឹកសម្រុកស្ថាបនាឲ្យបានឆាប់រួចរាល់, ជាមួយនោះក៏មានរលកវាយោធម្មជាតិ រលាស់ផាត់ប៉ះកាយាត្រជាក់ ហាក់នាំមកនូវអារម្មណ៍មនោរម្យ ភ្លាំងភ្លេចអស់ទុក្ខកង្វល់។

បើនិយាយពីប្រដឹសឫស្សីនេះវិញ គឺមានទំហំធំល្មម កាលពីឆ្នាំមុនៗ អាចឱ្យអ្នកដំណើរថ្មើរជើង កង់ ម៉ូតូ រថយន្តធុនតូច ឆ្លងកាត់ទៅមក ក្រុងកំពង់ចាម-កោះប៉ែន ដោយត្រូវចំណាយលុយ, តែមកដល់ឆ្នាំនេះ មិនមានការអនុញ្ញាតឱ្យ ម៉ូតូ រថយន្ត ធ្វើដំណើរឆ្លងកាត់នោះទេ គឺឱ្យតែអ្នកថ្មើរជើងឆ្លងកាត់ និងដើរលេងកម្សាន្តមើលឆ្នេរកោះប៉ែនតែប៉ុណ្ណោះ។

រាល់ថ្ងៃនេះ អ្នកដែលមានរថយន្តចង់ទៅលេងឆ្នេរខ្សាច់កោះប៉ែន ត្រូវបើកវៀងតាមស្ពានបេតុងកោះប៉ែន ហើយបន្តឆ្លងតាមផ្លូវបេតុងខ្វាត់ខ្វែងមកឆ្នេរខ្សាច់កោះប៉ែន ដែលតាមផ្លូវមានគេលក់ក្រូចថ្លុង ផ្លែខ្នុរ និងផ្លែឈើមួយចំនួនទៀត ត្រូវបានដាំដុះតាមបែបធម្មជាតិនៅតាមភូមិ។

លោក ស៊ាន សុគុណ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម បានមានប្រសាសន៍ឲ្យដឹងថា សម្រាប់គោលដៅចូលឆ្នាំសាកលខាងមុខនេះ មនុស្សដែលមកលេងច្រើនជាងគេ គឺនៅតំបន់រមណីយដ្ឋានកែច្នៃឆ្នេរខ្សាច់កោះប៉ែននេះឯង ស្ថិតនៅក្នុងស្រុកកំពង់សៀម និងរមណីយដ្ឋានទឹកឆា ស្ថិតនៅក្នុងស្រុកព្រៃឈរ ចំណែកតំបន់ទេសចរណ៍ផ្សេងទៀតគឺភ្ញៀវជាតិ និងអន្តរជាតិ បានមកលេងជាបន្ទាប់បន្សំ។ ជាមួយគ្នានេះ នៅតំបន់ឃុំកោះមិត្ត ត្រូវបានលោកអភិបាលខេត្តយកចិត្តទុកដាក់ គ្រោងបង្កើតភូមិមួយផលិតផលមួយ ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងជាប្រយោជន៍កសិ-ទេសចរណ៍។

សូមបញ្ជាក់ថា រមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែននេះ មានភ្ញៀវមកលេងកម្សាន្តបានតែរដូវប្រាំងទេ ចំណែករដូវវស្សាត្រូវបានទឹកទន្លេមេគង្គជន់លិច៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី

spot_img
×