ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិកទទួលស្គាល់ថា កម្ពុជាមានកេរ្ដិ៍ឈ្មោះដ៏ល្អជាប្រធានអាស៊ាន និងមានវិធីសាស្រ្តបែបស្ថាបនា នឹងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត

ភ្នំពេញ ៖ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ មានខ្លឹមសារថា កម្ពុជា-អាមេរិក បានបញ្ចាក់ជាថ្មីឡើងវិញនូវការប្ដេជ្ញាចិត្តក្នុងការពង្រីកបន្ថែមទៀតលើកិច្ចសហប្រតិបត្តិការដែលផ្ដល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមកលើវិស័យផ្សេងៗ រួមទាំង ពាណិជ្ជកម្ម និងវិនិយោគ ជំនួយអភិវឌ្ឍន៍ និងការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន។

ការសន្យាពង្រីកការងារបន្ថែមបែបនេះរវាងភាគីទាំងពីរកម្ពុជា-អាមេរិក បានធ្វើឡើងក្នុងពេល ឧបនាយករដ្ឋមន្ត្រី សុខ ចិន្ដាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជួបពិភាក្សាក្នុងស្មារតីមិត្តភាពជាមួយ លោកជំទាវ មេលីសា ប្រោន (Melissa A. Brown) ឧបការីរងរដ្ឋមន្ត្រីការបរទេសអាមេរិក ទទួលបន្ទុកការិយាល័យកិច្ចការអាស៊ីបូព៌ានិងប៉ាស៊ីហ្វិក នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ អំឡុងដែល លោកជំទាវរូបនេះ អញ្ជើញមកបំពេញទស្សនកិច្ចការងារ នៅកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញនូវគោលនយោបាយដែលផ្ដោតលើប្រជាពលរដ្ឋ និងអាទិភាពគន្លឹះរបស់រាជរដ្ឋាភិបាលថ្មី រួមមាន ការថែទាំសុខភាព ការអប់រំ និងបណ្ដុះបណ្ដាល និងការបង្កើតការងារ។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ដែលបានជួយគាំទ្រដល់វិស័យមួយចំនួនខាងលើសម្រាប់ការអភិវឌ្ឍនៅកម្ពុជា។

ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមរវាងសហរដ្ឋអាមេរិក និងកម្ពុជា លោកជំទាវឧបការីរង បានគូសបញ្ជាក់ថា សហរដ្ឋអាមេរិក នឹងបន្តកិច្ចសហប្រតិបត្តិការទាំងនោះជាមួយកម្ពុជា ធ្វើឱ្យកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ និងស្វែងរកកាលានុវត្តភាពសម្រាប់ភាពជាដៃគូថ្មីៗបន្ថែមទៀត។ សហរដ្ឋអាមេរិក នឹងប្រកាន់យកវិធីសាស្រ្តបែបសន្តិនិយមចំពោះទំនាក់ទំនងសហរដ្ឋអាមេរិក-កម្ពុជា។ ភាគីទាំងពីរបានផ្លាស់ប្ដូរទស្សនៈស្ដីពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាប្រយោជន៍រួម ព្រមទាំងតួនាទីរបស់កម្ពុជានាពេលខាងមុខ ជាប្រទេសសម្របសម្រួលសម្រាប់ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក។

លោកជំទាវឧបការីរង បានសង្កត់ធ្ងន់ថា កេរ្ដិ៍ឈ្មោះដ៏ល្អរបស់កម្ពុជាក្នុងឋានៈជាប្រធានអាស៊ានកន្លងមក និងវិធីសាស្រ្តបែបស្ថាបនារបស់កម្ពុជាចំពោះវិបត្តិអ៊ុយក្រែន នឹងបង្កភាពងាយស្រួលដល់កិច្ចសន្ទនា។ សហរដ្ឋអាមេរិក ក៏នឹងខិតខំជួយគាំទ្រតួនាទីរបស់កម្ពុជា ជាប្រធាននៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញ លើកទី៥ នៃអនុសញ្ញាស្ដីពីការហាមប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីន ផងដែរ៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម