ភ្នំពេញ៖ ករណីតុលាការកំពូលប្រកាសរំលាយគណបក្សសង្គ្រោះជាតិហើយត្រូវបានក្រសួងមហាផ្ទៃលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងបញ្ជាឲ្យសមត្ថកិច្ចចុះកាត់ស្លាកសញ្ញាគណបក្សសង្គ្រោះជាតិនោះ ត្រូវបាននាយកខុទ្ធកាល័យ លោក កឹម សុខា បានលើកឡើងថា បេក្ខភាពចំនួន៤រូប ដែលស្នើដោយគណបក្សសង្គ្រោះជាតិ មកធ្វើជាសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គឺលោក រ៉ុង ឈុន បានប្រកាសលាលែង លោក ហ៊ីង ធីរិទ្ធិប្រកាសបដិសេធ ចំណែកលោក គួយ ប៊ុនរឿន និងលោកស្រី តែ ម៉ានីរ៉ុង នៅស្ងៀម។
បើតាមលោក ម៉ុត ចន្ថា នាយកខុទ្ធកាល័យ លោក កឹម សុខា ដែលបានសរសេរក្នុងផេកហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី១៩ខែវិច្ឆិកានេះថា “អ្នកនាំសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ចំនួន ៤រូប ដែលជាបេក្ខភាពស្នើដោយគណបក្សសង្គ្រោះជាតិ។
លោក រ៉ុង ឈុន បានប្រកាសលាលែង បើសិនគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយ។ លោក ហ៊ីង ធីរិទ្ធិ បានប្រកាសមិនលាលែង។ ចំណែកលោក គួយ ប៊ុនរឿន និងលោកស្រី តែ ម៉ានីរ៉ុង នៅមិនទាន់ប្រតិកម្មនៅឡើយ។ គជប បានជូនដំណឹង ទៅគណបក្សមួយចំនួន ឲ្យត្រៀមឯកសារ ដើម្បីទទួលអាសនៈ ដោយមិនបាច់វូលរួមបោះឆ្នោត”។
ជាមួយគ្នានោះដែរ លោក ហ៊ីង ធីឫទ្ធិ សមាជិក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញសេចក្ដីប្រកាសព័ត៌មាន សុំបដិសេធទាំងស្រុង នូវរាល់ពាក្យចចាមអារាម ថាលោកលាឈប់ពីសមាជិក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់លោក ហ៊ីង ធីឫទ្ធិ នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧បានបញ្ជាក់ថា ” ខ្ញុំត្រូវបានរដ្ឋសភាជាតិក៏ដូចជា ប្រជាជនកម្ពុជា ទាំងមូលបានផ្តល់សេចក្តីទុកចិត្តឲ្យធ្វើជាសមាជិកនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលជាស្ថាប័នអព្យាក្រឹត្យ ឯករាជ្យ អស់រយៈពេលជាង៣ឆ្នាំកន្លងមកហើយ ។ នៅពេលនេះខ្ញុំនៅរក្សាជំហរបន្តការងារក្នុង គជប នេះជាបន្តទៀត ដើម្បីការពារផលប្រយោជន៍ របស់គណបក្សនយោបាយ ទាំងអស់ ដែលចូលរួមបោះឆ្នោតរហូតដល់ចប់អាណត្តិ។ រាល់ពាក្យចចាមអារ៉ាម ឬឯកសារ ឬលិខិតទាំងឡាយណាដែលថា ខ្ញុំសុំលាលែង ឬសុំឈប់ពី គជប ខ្ញុំសូមដិសេធទាំងស្រុង” ។
ចំណែកឯលោក រ៉ុង ឈុន សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏បានព្រមានប្រកាសលាលែងតំណែងនេះផងដែរ ប្រសិនបើគណបក្សសង្គ្រោះជាតិត្រូវរំលាយពិតមែន។ ប៉ុន្តែរហូតមកដល់ នៅថ្ងៃទី១៩ ខែវិច្ឆិកា លោក រ៉ុង ឈុន នៅពុំទាន់ឃើញដាក់លិខិតលាលែងតំណែងនៅឡើយទេ។ លោក រ៉ុង ឈុន បានបញ្ជាក់ថា ព្រោះតែនៅរង់ចាំសាលដីកាស្ថាពរពីតុលាការកំពូល៕ដោយ៖បញ្ញាស័ក្តិ