Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ពិ,,ការ​លក់​របស់របរ​តាម​ចិញ្ចើម​ផ្លូវ យក​លុយ​បរិច្ចាគ​ជួយ​សិស្ស​ក្រី​ក្រ រយៈពេល១៥ឆ្នាំ អស់​មិន​តិច​ម៉ឺន​ដុល្លារ តែ​មិន​ចង់បាន​ការ​តបស្នង ខណៈ​ពោល​ពាក្យ​ដ៏​មានន័យ​ចាក់​ដោត

បុរសពិការម្នាក់នៅក្នុងប្រទេសចិន បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងដល់ប្រជាជនទូទាំងប្រទេស បន្ទាប់ពីសាធារណជនបានដឹងរឿងរ៉ាវរបស់គាត់ ដែលបានបរិច្ចាគ ១ លានយ័ន ដល់សិស្សក្នុងរយៈពេល ១៥ ឆ្នាំកន្លងមក ខណៈប្រភព​ចំណូល​តែ​មួយ​គត់​របស់​គាត់ ​គឺ​ដើររើស​អេតចាយសំបកដប​ទឹក និង​លក់​សិប្បកម្ម​នៅ​សងខាង​ផ្លូវ។

យោងតាមព័ត៌មានដែលបានចេញផ្សាយនៅលើ Weibo របស់ក្រសួងសន្តិសុខសាធារណៈចិន បានឲ្យដឹងថា លោក Hu Lei ជាបុរសពិការម្នាក់ដែលមិនមានទ្រព្យសម្បត្តិអ្វីទាល់តែសោះ ខណៈគ្រួសាររបស់គាត់មិនមានជីវភាពធូរធាដូចអ្នកដទៃទេ។ កាលនៅក្មេង Hu Lei មានជំងឺស្វិតដៃជើង ហេតុនេះគាត់ត្រូវប្រើជង្គង់របស់អ្នកដើម្បីដើរ។ ឪពុក​របស់​គាត់​បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់ចរាចរណ៍ ​ពេល​នាំគាត់ទៅ​កាន់​គ្រូពេទ្យ។ ខណៈនោះ ម្តាយរបស់គាត់ក៏បានរៀបការម្តងទៀត បន្ទាប់ពីឪពុករបស់គាត់បានស្លាប់ ហើយបានទុក​ឱ្យ​គាត់​នៅ​មើល​ថែ​ជីដូន​ជីតា​ រហូត​ដល់​ធំ​ឡើង​ក្លាយ​ជា​អ្នក​រើស​សំបកដប​លក់បានលុយបន្តិចបន្តួច ដើម្បីចិញ្ចឹមជីវិត។

ទោះ​បី​ជា​គាត់​មិន​សូវ​មាន​លុយ​ច្រើន ប៉ុន្តែ​អ្វី​ដែល​គាត់​មាន​ច្រើន​នោះ​គឺ​ចិត្ត​សប្បុរស។ អស់រយៈពេលជាង ១៥ ឆ្នាំ មកនេះគាត់បានបរិច្ចាគប្រាក់ដល់ក្មេងៗសិស្សសាលា រួម​ទាំង​ការ​ទិញ​កាបូបដល់ពួកគេ​ជាង ២​ម៉ឺន ​ក្នុង​អំឡុង​ពេល​នោះ។

គាត់តែងតែប្រាប់ក្មេងៗដែលបានទទួលជំនួយរបស់គាត់ថា «ប្រសិនបើកូនមានការលំបាក ខ្ញុំនឹងគិតរកវិធីជួយ។ ពេលធំឡើង សូមចងចាំឪពុកម្តាយ លោកគ្រូ អ្នកគ្រូ និងអ្នកដឹកនាំរបស់កូនៗ។ ក្តីស្រលាញ់របស់កូនៗ គឺសម្រាប់ប្រទេសជាតិ មិនចាំបាច់ត្រូវការអ្វី ដើម្បីចងចាំខ្ញុំទេ»។

​ឃ្លីបវីដេអូ​ដែល​ចេញ​ផ្សាយ​ដោយ​ក្រសួង ​ក៏​ឃើញ​មាន​រូបភាព​សិស្សស្រី​ម្នាក់ ​ដែល​ជា​អ្នក​ទទួល​ជំនួយ​របស់ Hulei បានស្រក់ទឹកភ្នែក ពេលជួបគាត់ជាលើកដំបូង។

ទន្ទឹម​នឹង​នេះ លោក Hu Lei បានផ្តោត​លើ​ការ​ធ្វើ​អំពើ​ល្អ​ដោយ​ភាពស្ងប់ស្ងាត់ ខណៈមនុស្សជាច្រើនបានស្នើសុំឱ្យគាត់ផ្សាយបន្តផ្ទាល់ ដើម្បីចែករំលែករឿងរបស់គាត់ ប៉ុន្តែលោក Hu Lei បានជ្រើសរើសបដិសេធ ដោយនិយាយយ៉ាងសាមញ្ញថា «ខ្ញុំមិនចង់ធ្វើ! ខ្ញុំមិនចង់ល្បីនៅលើអ៊ីនធឺណិតទេ។ មិនមែនគ្រប់គ្នាអាចធ្វើបានដោយងាយនោះទេ»។

ជាមួយគ្នានេះ លោកក៏បានដាស់តឿនដល់អ្នកដទៃ កុំជឿជនដែលយកឈ្មោះមកក្លែងខ្លួន ដើម្បីទទួលផលប្រយោជន៏ ដោយលោកបានគូសបញ្ជាក់ថា «កុំចាយលុយដោយឥតប្រយោជន៍ ព្រោះខ្ញុំខ្មាសគេណាស់ ខ្ញុំមិនអស្ចារ្យដូចគេទេ អ្នក​គិត​ថា​អ្វី​គ្រប់​យ៉ាង​ដែល​ខ្ញុំ​បាន​ធ្វើ​១៥​ឆ្នាំ ​គឺ​ត្រូវ​ប្រគល់​ជូន​សង្គម​វិញ​។​ ខ្ញុំ​មិន​បាន​រំពឹង​ថា​នឹង​មាន​ទ្រព្យ​សម្បត្តិ ​និង​កេរ្តិ៍ឈ្មោះ​នោះ​ទេ​ ខ្ញុំ​ធ្វើ​តែ​អ្វី​ដែល​ខ្ញុំ​ចង់​បាន ​ព្រោះ​ខ្ញុំ​មិន​ចង់​ស្តាយ​ក្រោយ​»។

លោក Hu Lei បាននិយាយថា «ជីវិតរបស់ខ្ញុំលំបាកគ្រប់គ្រាន់ហើយ ប៉ុន្តែខ្ញុំមិនអាចមើលឃើញអ្នកផ្សេង ដែលមានជីវិតលំបាកជាងខ្ញុំទេ»។ គាត់ក៏បានពន្យល់ពីមូលហេតុដែលគាត់ជ្រើសរើសធ្វើល្អសម្រាប់សង្គម ជំនួសឱ្យការរក្សាមូលនិធិទាំងនេះ។

លោក Hu Lei ក៏បានពោលពាក្យយ៉ាងចាក់ដោតថា៖​ «ឪពុកខ្ញុំលែងមាននៅលើលោកនេះទៀតហើយ ខ្ញុំមិនដឹងថាពេលណាស្លាប់នឹងកើតឡើងចំពោះខ្ញុំដែរទេ ខ្ញុំមិនដឹងថាខ្ញុំអាចទ្រាំទ្រនឹងរឿងនេះបានយូរប៉ុណ្ណា ខ្ញុំមិនចង់ល្បីលើអ៊ីនធឺណិតទេ។ អ្វីដែលសំខាន់គឺខ្ញុំចង់​បន្ត​ធ្វើ​អំពើ​ល្អ​ដោយ​ស្ងាត់ៗ ហើយ​ខ្ញុំ​សង្ឃឹម​ថា នេះ​ជា​គ្រាប់ពូជ​នៃ​ការ​ដឹង​គុណ​ចំពោះ​កូន ដែល​ពួក​គេ​នឹង​ត្រឡប់​មក​ផ្តល់​ជូន​ជាតិ​វិញ​នៅ​ថ្ងៃ​អនាគត»៕ រក្សាសិទ្ធិដោយ៖​ លឹម ហុង

×