ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ក្រសួងការបរទេស ចេញសេចក្តីប្រកាសព័ត៌មាន កម្ពុជា និងជប៉ុនប្តេជ្ញាពង្រឹង ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា នៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានជំនួបកំពូលទ្វេភាគីជាមួយឯកឧត្តម គឺស៊ីដា ហ្វីមីអូ (KISHIDA Fumio) នាយករដ្ឋមន្ត្រី ជប៉ុន នៅការិយាល័យរបស់នាយករដ្ឋមន្ត្រីជប៉ុន នៅក្នុងឱកាសនៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍ អាស៊ាន-ជប៉ុន ដើម្បីអបអរសាទរខួប ៥០ឆ្នាំ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន ដែល បានប្រព្រឹត្តទៅនៅថ្ងៃទី ១៦-១៨ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
ឯកឧត្ដម គឺស៊ីដា ហ្វីមីអូ បានសម្តែងនូវអំណរគុណចំពោះការចូលរួមដោយសកម្មរបស់សម្តេចធិបតី នៅក្នុងកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន និងកិច្ចប្រជុំកំពូលលើកទី១ស្ដីពី សហគមន៍ បំភាយឧស្ម័នសូន្យអាស៊ី (AZEC) ខណៈដែល សម្តេចធិបតី បានសម្តែងអំណរសាទរយ៉ាងកក់ក្តៅបំផុត ចំពោះប្រទេសជប៉ុន ដែលបានធ្វើម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ដ៏សំខាន់នេះប្រកបដោយជោគជ័យ។ សម្តេចធិបតី ក៏បានសម្តែងការគាំទ្រយ៉ាងពេញលេញចំពោះគំនិតផ្តួចផ្តើមថ្មីចំនួន ៣ របស់ជប៉ុន ដែលរួមមាន ដៃគូចិត្តនិងចិត្តគ្រប់ជំនាន់» ដៃគូសម្រាប់សហបង្កើតសេដ្ឋកិច្ច និងសង្គម និង-ដៃគូ សម្រាប់សន្តិភាព និងស្ថិរភាព»។

ខណៈដែលប្រទេសទាំងពីរប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូត នៅក្នុងឆ្នាំនេះ នាយករដ្ឋមន្ត្រីទាំងពីរ បានសន្យាធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីពង្រឹងភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ តាមរយៈគម្រោងកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យ។ នាយករដ្ឋមន្ត្រី ទាំងពីរ បានទទួលស្គាល់ពីសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមមាន សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ ការពារជាតិ និងសន្តិសុខ ថាមពល អភិវឌ្ឍន៍ ឌីជីថល ការបោសសម្អាតមីន និងសុខភាពសាធារណៈ។
នាយករដ្ឋមន្ត្រីទាំងពីរ បានឯកភាពពន្លឿនការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឱ្យក្លាយ កំពង់ផែស្នូលក្នុងតំបន់ ដូចបានឯកភាពគ្នារវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ឯកឧត្តមនាយករដ្ឋមន្ត្រី គឺស៊ីដា ក្នុងឱកាសទស្សនកិច្ចរបស់ឯកឧត្តម គឺស៊ីដា នៅកម្ពុជា កាលពីខែមីនាឆ្នាំ២០២២។ លើសពីនេះ សម្តេចធិបតី បានស្នើសុំការគាំទ្រពីប្រទេសជប៉ុនលើសំណើអភិវឌ្ឍកំពង់ផែនេះឱ្យ ទៅជាមជ្ឈមណ្ឌលភស្តុភារកម្មតំបន់។ ដោយវាយតម្លៃខ្ពស់ចំពោះសំណើរបស់ សម្តេចធិបតី ក្នុងការ អភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុននៅកម្ពុជា ដោយមានការចូលរួមពីសំណាក់វិស័យឯកជនជប៉ុន ឯកឧត្តមនាយករដ្ឋមន្ត្រី គឺស៊ីដា បានណែនាំឱ្យស្ថាប័នពាក់ព័ន្ធរបស់ជប៉ុនសិក្សាអំពីសំណើទាំងពីរនេះ។
សម្តេចធិបតី បានបញ្ជាក់ជាថ្មីនូវអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុនសម្រាប់ការគាំទ្រ និងជំនួយដ៏ថ្លៃថ្លាដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា។ សម្តេចធិបតី ក៏បានថ្លែងការអរគុណដ៏ជ្រាលជ្រៅ ជូនចំពោះឯកឧត្តមនាយករដ្ឋមន្ត្រី គឺស៊ីដា សម្រាប់ការសន្យាផ្តល់ឥណទានសម្បទានចំនួន ២០ប៊ីលាន យ៉េន ដើម្បីជួយដល់វិស័យសុខាភិបាលរបស់កម្ពុជា តាមទីជនបទនៅកម្ពុជា។
លើសពីនេះ នាយករដ្ឋមន្ត្រីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈអំពីបញ្ហាតំបន់ និងអន្តរជាតិដែលជា កង្វល់រួម រួមមានស្ថានភាពនៅមីយ៉ាន់ម៉ា ឧបទ្វីបកូរ៉េ អ៊ុយក្រែន និងជម្លោះអីស្រាអែល-ហាម៉ាស់ ព្រមទាំង បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញានៃប្រទេសទាំងពីរ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនៅលើវេទិកាតំបន់ និង អន្តរជាតិ។
ក្រោយពីជំនួបប្រកបដោយផ្លែផ្កាខាងលើ ឯកឧត្តមនាយករដ្ឋមន្ត្រី គឺស៊ីដា បានប្រគល់ជូន សម្តេចធិបតី នូវកាសប្រាក់អនុស្សាវរីយ៍ប្រភេទ ៥.០០០ រៀល ដើម្បីអបអរសាទរខួបទី ៧០ឆ្នាំនៃមិត្តភាពកម្ពុជា- ជប៉ុន។ ថ្នាក់ដឹកនាំទាំងពីរ ក៏បានអញ្ជើញធ្វើជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចុះហត្ថលេខាលើឯកសារ សហប្រតិបត្តិការមួយចំនួន រួមមានលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង ជប៉ុនសម្រាប់កម្ពុជា ដើម្បីអនុវត្តគម្រោងចំនួន ៣ ដែលមានទំហំទឹកប្រាក់ ៤,៣ប៊ីលានយ៉េន (ប្រមាណ ៣១,៣លានដុល្លារអាមេរិក) ដូចជា (១). គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលផ្ទុកទិន្នន័យជាតិ ឆ្ពោះទៅរកការលើកកម្ពស់រដ្ឋាភិបាលអេឡិចត្រូនិក (២). គម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងការផ្គត់ផ្គង់ទឹក ស្អាតបែបឌីជីថលក្នុងតំបន់ទីប្រជុំជន និង (៣). គម្រោងស្នើសុំនាវាសម្រាប់វាស់ស្ទង់ជលធារសាស្ត្រ សម្រាប់ផលិតផែនទីនាវាចរណ៍អេឡិចត្រូនិក។ ជាមួយនេះ ក៏មានឯកសារចំនួន ៤ ផ្សេងទៀត ត្រូវបាន ចុះហត្ថលេខានៅក្នុងឱកាសនោះផងដែរ ពាក់ព័ន្ធនឹងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា ការទូទាត់អេឡិច ត្រូនិក ថាមពលព្រះអាទិត្យ និងថាមពលជីវម៉ាស៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី







