ខេត្តព្រះសីហនុ ៖ ប្រជាពលរដ្ឋមួយចំនួនរស់នៅជិតអង្គការម្លប់តាប៉ាង ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ បានត្អូញត្អែរពិបាកធ្វើដំណើរឆ្លងកាត់អូរបង្ហូរទឹក ព្រោះមិនមានស្ពានឆ្លងកាត់នោះទេ។
ផ្តើមពីបញ្ហានេះ ក្រុមប្រជាពលរដ្ឋ បានសំណូមពរដល់ថ្នាក់ដឹកនាំរដ្ឋបាលក្រុង-ខេត្តព្រះសីហនុ ជួយសង់ស្ពានឈើតូចមួយជូនពួកគាត់ ដើម្បីអាចដើរឆ្លងអូរបង្ហូរទឹក ឲ្យមានភាពងាយស្រួល។
ប្រជាពលរដ្ឋ អះអាងថា បច្ចុប្បន្នពលរដ្ឋរស់នៅតំបន់នោះ បានប្រើប្រាស់បន្ទះក្តារឈើតូចមួយ សម្រាប់ដើរឆ្លងអូរ ដែលមានជម្រៅជ្រៅ ចេញចូលក្នុងភូមិដ្ឋានរបស់ខ្លួន។
ក្រុមប្រជាពលរដ្ឋ រស់នៅតំបន់នោះ បានបន្តថា នៅរដូវប្រាំងមិនចោទជាបញ្ហាទេ ប៉ុន្តែនៅរដូវវស្សា ជាពិសេសពេលមានជំនន់ទឹកភ្លៀង ជន់ឡើងម្តងៗ គឺទឹកបានលិចបន្ទះក្តារ សម្រាប់ដើរឆ្លងអូរ ហើយសិស្សានុសិស្ស ដែលចេញ ចូលទៅសាលារៀន ក៏ត្រូវរង់ចាំទឹកស្រក ឬក៏ចាំបាច់ត្រូវមានមនុស្សចាស់នាំដើរឆ្លងអូរបង្ហូរទឹកនោះទើបអាចឆ្លងបាន។
ភ្លាមៗ បន្ទាប់ពីទទួលបសនដំណឹងខាងលើនេះ ឯកឧត្តម យន្ត មីនអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨នេះថា ឯកឧត្តមនឹងឲ្យក្រុមការងារចុះពិនិត្យកង្វល់ របស់ប្រជាពលរដ្ឋខាងលើជាបន្ទាន់ នៅរសៀលថ្ងៃអង្គារ៍នេះ ដើម្បីឈានទៅរិះរកវិធី ជួយសម្រួលដល់ប្រជាពលរដ្ឋ អាចមានស្ពានប្រកបដោយសុវត្ថិភាព សម្រាប់ធ្វើដំណើរឆ្លងកាត់អូរបង្ហូរទឹក មានភាពងាយស្រួលក្នុងពេលដ៏ឆាប់ខាងមុខនេះ៕ ដែន សីមា