ភ្នំពេញ ៖ នាឱកាសអញ្ជើញបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី១ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ងៃសុក្រ ទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានជួយសាងសង់ផែ និងផ្តល់គ្រឿងចក្រលើកដាក់ទំនិញនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នឹងប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាមជ្ឈមណ្ឌលឡូជីស្ទិកតំបន់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជប៉ុនបានរួមចំណែកយ៉ាងច្រើន ក្នុងតភ្ជាប់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ ផែមានសារៈសំខាន់ណាស់ សម្រាប់តភ្ជាប់ការដឹកជ្ជូនទំនិញរវាងផ្លូវគោក និងផ្លូវទឹក និងការធ្វើពាណិជ្ជកម្មអន្តរជាតិ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បច្ចុប្បន្នកំពង់ផែកម្ពុជា មានសមត្ថភាពទទួលនាវាក្នុងតំបន់បានត្រឹម១៨ភាគរយប៉ុណ្ណោះ។ ឆ្នាំ២០២៦ ក្រោយសាងសង់ផែទឺកជ្រៅជំហានី១រួចរាល់ ផែកម្ពុជាមានសមត្ថភាពទទួលកុងតឺន័រ បានរហូតដល់ទៅ៩៣ភាគរយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសាងសង់ផែសម្រាប់ផ្ទេរទំនិញឱ្យបានរួចរារាល់នៅឆ្នាំ២០២៤ ដើម្បីទាញសក្តានុពលពីការដឹកជញ្ជូន។
សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើជប៉ុន សហការជាមួយកម្ពុជា ប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាមជ្ឈមណ្ឌលភស្តុភាកម្ម៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី













