ប្រធានាធិបតីប្រទេសស៊ីមបាវ៉េ លោក រ៉ូបឺត មូហ្គាបេ (Robert Mugabe) ប្រកាសថាចង់បន្តកាន់អំណាចមួយរយៈទៀត ទោះបីជាមានសម្ពាធខ្លាំងពីបក្សរបស់ខ្លួន ដែលបានជំរុញឲ្យលោកចុះចេញពីតំណែង។ នេះបើតាមការចេញផ្សាយរបស់ BBC នៅព្រឹកថ្ងៃច័ន្ទ ទី ២០នេះ។
ថ្លែងនៅក្នុងទូរទស្សន៍ លោក មូហ្គាបេបាននិយាយថា លោកនឹងចូលរួមធ្វើជាអធិបតីភាពសមាជបក្សកាន់អំណាច នៅក្នុងខែធ្នូខាងមុខ។
គណបក្សកាន់អំណាច Zanu-PF កាលពីថ្ងៃម្សិលមិញបានបណ្តេញលោក មូហ្គាបេ ចេញពីតំណែងប្រធានបក្ស និងទុកពេលឲ្យលោកមិនដល់ ២៤ម៉ោង ដើម្បីឲ្យលោកចុះចេញ បើមិនដូច្នេះទេ លោកនឹងទទួលរងការចោទប្រកាន់ពីបទព្រហ្មទណ្ឌ។
ការក្តាប់អំណចរបស់លោក មូហ្គាបេ មានសភាពកាន់តែខ្សោយ ចាប់តាំងពីមានការអន្តរគមន៍របស់ក្រុមយោធា កាលពីថ្ងៃពុធកន្លងទៅ ក្រោយពេលគាត់ព្យាយាមរៀបចំប្រពន្ធឲ្យឡើងកាន់តំណែងជំនួស។
វិបត្តិនៅក្នុងប្រទេសស៊ីមបាវ៉េបានផ្ទុះឡើង នៅពេលមេដឹកនាំ វ័យ ៩៣ឆ្នាំរូបនេះ បានបណ្តេញអនុប្រធានាធិបតី គឺលោក Emmerson Mnangagwa ចេញពីតំណែងមុននឹងពីរសប្តាហ៍ ហើយការបណ្តេញនេះ ធ្វើឲ្យមេបញ្ជាការយោធាមានការខឹងសម្បារយ៉ាងខ្លាំង ដោយពួកគេមើលឃើញថា វាជាការប៉ុនប៉ងដាក់ឲ្យប្រពន្ធលោកកាន់តំណែងបន្ត។
ស្ត្រីទីមួយរបស់លោក មូហ្គាបេ គឺអ្នកស្រី Grace Mugabe ព្រមទាំងមន្ត្រីជាន់ខ្ពស់ដទៃទៀត ក៍ត្រូវបានបក្សកាន់អំណាចបណ្តេញចេញផងដែរ។
កាលពីថ្ងៃសៅរិ៍កន្លងទៅ ប្រជាជនស៊ីមបាវ៉េរាប់មឺននាក់បានធ្វើការតវ៉ាតាមដងផ្លុវ ប្រឆាំងនឹងលោកមូហ្គាបេ។ នៅថ្ងៃអាទិត្យម្សិលមិញនេះផងដែរ លោកមូហ្គបេបានជួបប្រជុំជាមួយនឹងមេដឹកនាំយោធា។
លោកមូហ្គាបេ បានកាន់តំណែងជាប្រធានាធិបតីប្រទេសស៊ីមបាវ៉េ អស់រយៈពេលជិត ៤ទសវត្សន៍មកហើយ៕ សុភ័ក្ត្រ