ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ការធ្វើជំរឿនសេដ្ឋកិច្ចជាតិឆ្នាំ២០២២ គឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល មិនឈរលើការស្រមើស្រមៃ

ភ្នំពេញ ៖ ជាអធិបតីក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ ជំរឿនសេដ្ឋកិច្ចថ្នាក់ជាតិឆ្នាំ២០២២ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ថា ជំរឿនសេដ្ឋកិច្ចជាតិឆ្នាំ២០២២ បានបង្ហាញថា រាជរដ្ឋាភិបាលធ្វើអ្វីឈរលើភាពច្បាស់លាស់ មិនមែនធ្វើដោយការស្រមើស្រមៃនោះទេ។

បើតាមរបាយការណ៍ថ្នាក់ជាតិ ជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ ត្រូវបានធ្វើឡើងក្នុងគោលបំណងចងក្រងស្ថិតិមូលដ្ឋានគ្រឹះស្តីពី អង្គភាពសេដ្ឋកិច្ច និងបង្កើតបញ្ជីមេនៃអង្គភាពសេដ្ឋកិច្ចនៅកម្ពុជា ដែលផ្តល់នូវព័ត៌មានសំខាន់ៗ ស្តីពីស្ថានភាពនៃសកម្មភាព និងរចនាសម្ព័ន្ធសេដ្ឋកិច្ច ដល់អ្នករៀបចំគោលនយោបាយ អ្នករៀបចំផែនការ អ្នកស្រាវជ្រាវ និងអ្នកពាក់ព័ន្ធដទៃទៀត។ បញ្ជីមេនៃអង្គភាពសេដ្ឋកិច្ច ក៏ត្រូវបានប្រើប្រាស់ជាបញ្ជីគោលនៃជំរឿនសេដ្ឋកិច្ច និងធ្វើជាបញ្ជីសំណាកគំរូសម្រាប់ ជ្រើសរើសសំណាកគំរូនៃអង្កេតផ្សេងៗពាក់ព័ន្ធនឹងក្រុមហ៊ុន សហគ្រាសអាជីវកម្ម សិប្បកម្ម ពាណិជ្ជកម្ម និងសេវាកម្ម លើកលែងតែអង្គភាពសេដ្ឋកិច្ចក្នុងវិស័យកសិកម្ម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ថា ក្របខ័ណ្ឌគោលនយោបាយរបស់រាជរដ្ឋាភិបាល មិនមែនធ្វើឡើងដោយផ្អែកទៅលើអ្វីដែលយើងស្រាវជ្រាវនៅក្នុងលំហអាកាសនោះទេ ហើយក៏មិនស្រាវជ្រាវយកទិន្នន័យដែលគេបង្ហោះនៅលើហ្វេសប៊ុក, បង្ហោះនៅតាមបណ្ដាស្ថាប័នអន្តរជាតិជាច្រើន ដែលយើងបានឃើញជាទិន្នន័យចាស់នោះទេ ប៉ុន្តែវាត្រូវផ្អែកលើទិន្នន័យបច្ចុប្បន្នភាពនៃទិន្នន័យជាក់ស្តែងនៅលើដី ដែលនេះហើយគឺជាការដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយដោយជាក់លាក់ មិនធ្វើឡើងដោយការស្រមើស្រមៃ ឬដោយអារម្មណ៍ ឬដោយការគិតប៉ាន់ស្មាននោះទេ តែគឺត្រូវធ្វើដោយផ្អែកលើទិន្នន័យជាក់ស្តែង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការធ្វើជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ យើងអាចប្រើប្រាស់បាន១០ឆ្នាំទើបយើងធ្វើជំរឿនម្តងទៀត វាសមល្មមនឹងមានសូចនាករ ត្រូវកែប្រែ និងអភិវឌ្ឍន៍បន្ថែម, អ៊ីចឹងអ្វីដែលយើងមានមូលដ្ឋានឆ្នាំនេះ គឺជាមូលដ្ឋានសំខាន់ណាស់សម្រាប់ឱ្យប្រទេសយើងវិវឌ្ឍន៍ទៅមុខ ហើយវាក៏ជាមូលដ្ឋានសម្រាប់ដើរទៅមុខក្នុងការសម្រេចនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ ២០២៤-២០២៨ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យដែលនឹងដាក់ឲ្យអនុវត្តនៅឆ្នាំ២០២៤ខាងមុខនេះ៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម