មួយរយៈពេលចុងក្រោយនេះ ឃើញថាករណីរថយន្តគ្រោះចរាចរណ៍ ជាពិសេសបង្កឡើងពីសំណាក់រថយន្តស៊េរីទំនើប ដែលបើកបរលឿនៗដូចហោះដ៏ទំនើង ហើយបើកបុកបណ្តាលឲ្យជនរងគ្រោះដែលកំពុងធ្វើដំណើទាំងមិនដឹងខ្លួន រហូតបាត់បង់ជីវិត ហាក់បានកើតឡើងជាបន្តបន្ទាប់ ធ្វើឲ្យមជ្ឈដ្ឋានមហាជនផ្ទុះការខឹងសម្បារយ៉ាងខ្លាំង។
ដោយឡែក ករណីថ្មីមួយនេះ បានអង្រួនបេះដូងមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បង្ហាញអារម្មណ៍អាណិតអាសូរយ៉ាងខ្លាំង នោះក៏ព្រោះតែគ្រួសារមួយមានឪពុកម្តាយ និងកូនតូចម្នាក់អាយុប្រហែលជា២ឆ្នាំ ត្រូវរលត់សង្ខារទាំងអស់គ្នាយ៉ាងអាណោចអាធម៌ បន្ទាប់ឪពុកម្តាយនិងកូនទាំងបីនាក់ ត្រូវបានរថយន្តស៊េរីទំនើប១គ្រឿងបើកបុកម៉ូតូយ៉ាងពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ហើយបានបាត់បង់ជីវិតជាបន្តបន្ទាប់ ខណៈត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
យ៉ាងណាមិញ ទន្ទឹមនឹងមហាជនជាច្រើនកំពុងតែកើតក្តៅឈឺចាប់ និងក៏ដូចសង្វេគចិត្តជាខ្លាំង ក្នុងនោះគេក៏បានឃើញប្រធានមណ្ឌលមែកឈើ លោក ផន ផល្លា បង្ហាញអារម្មណ៍ឈឺចាប់ដូចគ្នាផងដែរ ដោយលោកបានរៀបរាប់ផ្តាំផ្ញើទៅកាន់ជនបង្ក តាមរយៈគណនីហ្វេសប៊ុករបស់លោកមានឈ្មោះថា Phalla Phorn កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ យ៉ាងដូច្នេះថា៖ «ខ្ញុំបានអង្គុយមើលវីឌីអូម្តងហើយម្តងទៀត ខ្ញុំបានសង្កេតឃើញថា គឺអ្នកបានបើកឡានទំនើបរបស់អ្នកបុកគ្រួសារតូចមួយនេះយ៉ាងសាហាវជាទីបំផុត។ អ្នកគ្មានចិត្តមេត្តានោះទេ អ្នកបានសម្លាប់ជីវិតរបស់គេទាំងគ្រួសារ។ ពិសេស គឺក្មេងតូច ដែលមិនទាន់ដឹងក្តីម្នាក់ ក៏អ្នកមិនបានទុកជីវិតឱ្យគ្នាដែរ។ មិនថា អ្នករត់ពួន ឬរត់គេចទៅដល់ទីណាក៏ដោយ តែអ្នកនឹងជាប់ឈ្មោះជា ឃាតកពេញមួយជីវិតរបស់អ្នក។ អ្នកចាំទៅ បញ្ជីជីវិតមួយនេះ វានឹងបំភ្លេចអ្នកជាដាច់ខាត។ អាសូរម្ចាស់ស្បែកជើងណាស់»។
សូមរម្លឹកផងដែរថា កាលពីវេលាម៉ោង១២ និង១២នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង នៅចំណុចទល់មុខអាផាតមិន១កន្លែង ស្ថិតលើកំណាត់វិថីព្រះស៊ីសុវត្ថិ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយរថយន្ត១គ្រឿងបានបោះពួយក្នុងល្បឿនលឿនទៅបុកនឹងម៉ូតូ១គ្រឿង ម៉ាកស៊ុយហ្ស៊ុយគីនិក (Suzuki Nex) ដែលកំពុងបើកបរដោយបុរសម្នាក់ជាប្ដី ខណៈអ្នករួមដំណើរជាមួយស្ដ្រីជាប្រពន្ធ និងកូនតូចរបស់ពួកគេដែលមានអាយុជាង២ឆ្នាំ ដែលបណ្ដាលឱ្យជនរងគ្រោះទាំង៣នាក់នេះ ត្រូវប៉ើងខ្ទាតទៅបោកផ្ទប់នឹងដើមអំពិល១ដើមដ៏រន្ធត់។ បន្ទាប់ហេតុការណ៍បានកើតឡើងភ្លាមៗ ជនរងគ្រោះជាប្រពន្ធ និងជាម្ដាយ ឈ្មោះ គ្រួច សាមឹត អាយុ ២០ឆ្នាំ មានស្រុកកំណើតស្ថិតនៅក្នុងភូមិដីថុយ ស្រុកបាភ្នំ ខេត្តព្រៃវែង បានស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកឯជនរងគ្រោះជាប្ដី និងជាឪពុក ឈ្មោះ យឿន យុន អាយុ២៣ឆ្នាំ មុខរបជាកម្មករប្រមូលសំរាម បានរងរបួសធ្ងន់។ រីឯជនរងគ្រោះជាកូនដែលមានអាយុជាង ២ឆ្នាំ បានរងរបួសប្រេះលលាដ៍ក្បាលយ៉ាងធ្ងន់ធ្ងរ។ ភ្លាមៗនោះ ឪពុក និងកូនតូច ក៏ត្រូវបានបញ្ជូលទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះជីវិត តែជាអកុសល ឪពុកកូនទាំងពីរនាក់នេះ ក៏រលត់សង្ខារជាបន្តបន្ទាប់គ្នា នៅក្នុងមន្ទីរពេទ្យ។
ដោយឡែក អ្នកបើកបររថយន្តបង្ក ក្រោយបង្កគ្រោះថ្នាក់រួច ក៏បានបើករត់គេចចេញពីកន្លែងកើតហេតុបាត់ស្រមោលសូន្យឈឹងតែម្ដង។ ទោះជាយ៉ាងណា បច្ចុប្បន្ននេះ កម្លាំងសមត្ថកិច្ចបាននិងកំពុងតែធ្វើការស្រាវជ្រាវ តាមស្វែងរកមុខម្ចាស់រថយន្តរូបនោះ ដើម្បីចាប់ឃាត់ខ្លួនយកមកចាត់ការទៅតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង